ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់អំណោយសប្បុរសជនពីនាយសមុទ្រដល់កុមារ2នាក់បងប្អូន

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ប្រាក់អំណោយរបស់សប្បុរសជនដែលបានផ្តល់តាមរយៈសហការី កោះសន្តិភាពប្រចាំក្រុងឡងប៊ិច លោកណុប ច័ន្ទតារា ត្រូវបានបញ្ជូនដល់កោះសន្តិភាព ហើយក៏បញ្ជូនបន្តទៅប្រគល់ដល់ដៃកុមារ២នាក់បងប្អូនដែល កំពុងស្ថិតនៅក្រោមការគាំពាររបស់មណ្ឌលកុមារកំព្រា កាលពីថ្ងៃទី១៨ ធ្នូ កន្លងមកនេះ នូវទឹកប្រាក់ចំនួន១២០ដុល្លារ។

ទឹកប្រាក់នេះគឺជាអំណោយដ៏ថ្លៃថ្លាពីលោក ហ៊ីង សុជាតិ រស់នៅរដ្ឋអូហៃយ៉ូចំនួន១០០ដុល្លារ និង២០ដុល្លារទៀតជាអំណោយរបស់អ្នកស្រីកាំង មុយអេង ហៅប៊ុន នី នៅក្រុងឡងប៊ិច ត្រូវបានប្រគល់ដល់ដៃកុមារទាំង២នាក់ដែលកុមារីឈ្មោះ ប៉ែន ស្រីគីម អាយុ៩ឆ្នាំ និងកុមារាឈ្មោះប៉ែន សាមឿត អាយុ៧ឆ្នាំ ជាក្មេងកំព្រា។ កុមារទាំង២នាក់ត្រូវឪពុកបោះបង់ ចោល ខណៈស្ត្រីជាម្តាយទៅស៊ីឈ្នួលគេនៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានលោកសាយ ឈុំ អនុប្រធានទី២ រដ្ឋសភា នាំមកប្រគល់ឱ្យលោកមឿន ចំរើន ប្រធានប្រចាំការអង្គការបណ្តុះបណ្តាល និងថែរក្សាក្មេងកំព្រានៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកមឿន ចំរើន បានស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះសប្បុរសជន ដែលតែងតែយល់អំពីកុមារកំព្រានៅមណ្ឌលនេះ ហើយមណ្ឌលបានខិតខំបណ្តុះបណ្តាលពួកគេឱ្យឆ្លងផុតអវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សី។ លោកមឿន ចំរើន បានលើកដៃទាំងពីរប្រណម្យជូនពរជ័យដល់អស់លោក លោកស្រីជាម្ចាស់ជំនួយទាំងអស់សូមទទួលបាននូវសេចក្តីសុខ គ្រប់ប្រការ និងជាម្លប់គ្រប់គ្រងកុមារកំព្រាទាំងឡាយ ក្នុងមណ្ឌលនេះបន្តទៀត។ ប្រាក់ដែលជាជំនួយឧបត្ថម្ភនេះ លោកនឹងចាត់ចែងដល់កុមារទាំង២ នាក់ព្រមទាំងកុមារឯទៀតផងដែរ នូវសម្លៀកបំពាក់ ការផ្គត់ផ្គង់ជីវភាព និងការបណ្តុះបណ្តាល ដែលបច្ចុប្បន្នក្នុងមណ្ឌលមានកុមារកំព្រាចំនួន១៣០នាក់ ៕

សេចក្តីជូនដំណឹង

សូមជម្រាបជូនដល់បងប្អូនជនរួមជាតិដែលកំពុងរស់នៅក្រៅប្រទេស ឱ្យបានជ្រាបថា លោកណុប ច័ន្ទដារា រស់នៅក្រុងឡូសអេនចឺឡេស ទូរស័ព្ទលេខ ៥៦២ ៣១៣ ៣៦៩៩ អ៊ីម៉ែល ៖ cnop@juno.com គឺជាអ្នកទទួលរាល់ប្រាក់អំណោយសប្បុរសធម៌នានា ដែលបងប្អូនមានបំណងចង់ផ្ញើមកជួយដល់ជនរួមជាតិ តាមរយៈសារព័ត៌មានកោះសន្តិភាព ដោយយើងខ្ញុំសន្យាថានឹងពាំនាំទៅប្រគល់ដល់ដៃជនទុរគត ជនក្រីក្រ ឬជនជួបគ្រោះថ្នាក់ផ្សេងៗ មិនឱ្យខុសបំណងនោះទេ ។
ទូរស័ព្ទទាក់ទងលេខ (៨៥៥) ១៧៤៤៩០១៧ ឬអ៊ីម៉ែល ៖ News@kspg.co ឬ ads@kspg.co ៕