ខេត្តកំពត ៖ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរស្លាកលេខ ភ្នំពេញ 3A-2964 បានបើកបុកក្មេងស្រីម្នាក់ឈ្មោះកែវ លីស្សា អាយុ៧ឆ្នាំ នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បណ្តាលឱ្យបាក់ជើងទាំង២។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ វិច្ឆិកា កន្លងមកនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិកណ្តាលទួល គឺមុខផ្ទះក្មេងស្រីរងគ្រោះតែម្តង ខណៈពេលដែលក្មេងស្រីនេះ និងម្តាយដើរមកពីទិសខាងលិចប្រុងឆ្លងថ្នល់ទៅផ្ទះនៅខាងជើងថ្នល់ ស្រាប់តែមានរថយន្តបើកមកពីកើតទៅលិចហើយទំនងជារថយន្តក្រុមហ៊ុននោះបើកវ៉ាម៉ូតូពីមុខទើបបណ្តាលទៅកៀរក្មេងស្រីបណ្តាលឱ្យដួលប្រកាច់ប្រកិនរងគ្រោះបាក់ជើងទាំង២។ ពេលដែលកើតហេតុភ្លាមៗ នោះអ្នកបើកបរបានឈប់រថយន្ត ហើយបើកទ្វារគេចខ្លួនបាត់ ទុកឱ្យអ្នកដំណើរជាង២០នាក់ រង់ចាំរថយន្តក្រុមហ៊ុនមួយទៀតចេញពីខេត្តកំពតមកទទួលយកមនុស្សទៅកាន់គោលដៅ។
មន្ត្រីប៉ូលិសចរាចរស្រុកកំពង់ត្រាចនិយាយថា ជនរងគ្រោះត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យខេត្តតាកែវហើយតាមដំណឹងថា ក្មេងរងគ្រោះបាក់ជើងទាំង២។ ចំណែកអ្នកបើកបរមិនបានស្គាល់ឈ្មោះទេ តែបានឃាត់រថយន្តហើយរង់ចាំជនរងគ្រោះ និងម្ចាស់ក្រុមហ៊ុនធ្វើការដោះស្រាយ៕
ចែករំលែកព័តមាននេះ