រាជធានីភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានសម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឆ្នាំ២០១១នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិសេសមួយនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ តុលា ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់ និងចាត់វិធានការដោះស្រាយ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះថា ក្នុងទូក.ង មួយរាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយប្រាក់ចំនួន១០លានរៀល ។ ដូច្នេះក្នុងកាលៈទេសៈ ប្រទេសជាតិកំពុងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះ រាជរដ្ឋាភិបាលបានបង្វែថវិកានោះទៅសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់វិញ ហើយបានប្រកាសលុបចោលព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ដោយលើកទៅធ្វើនៅឆ្នាំ ក្រោយវិញ ។ ទោះជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ពិធីបុណ្យអុំទូកនេះអាជ្ញាធរស្រុក-ខេត្តអាចរៀបចំដោយខ្លួនឯងបាននៅមូលដ្ឋានទៅតាមលទ្ធភាពជាក់ស្តែង។
សូមបញ្ជាក់ថា ថ្ងៃទី១៣ តុលា ២០១១ វេលាម៉ោង១៥រសៀលនេះនៅទីស្តីការនាយករដ្ឋមន្ត្រី នឹងមានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិសេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១-វាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់ និងវិធានការដោះស្រាយ
២-បញ្ហាផ្សេងៗ។ បញ្ហាផ្សេងៗនេះ គឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលុបចោលព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំនេះសម្រាប់ថ្នាក់ជាតិជាស្ថាពរហើយ ប៉ុន្តែសម្រាប់ថ្នាក់មូលដ្ឋានអាជ្ញាធរស្រុកខេត្ត រាជរដ្ឋាភិបាលអនុញ្ញាត ប្រសិនបើខេត្តណាមានលទ្ធភាពធ្វើបានប៉ុនណា ក៏ធ្វើតាមដំណើរទៅ…សម្តេចតេជោហ៊ុន សែន បានលើកឡើងថា យើងយកការចំណាយដ៏ច្រើនលើព្រះរាជពិធីនេះបង្វិលទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់វិញ និងកសាងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារគ្រោះធម្មជាតិធ្ងរធ្ងន់ផងដែរ។ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ តាមការគ្រោងទុកក្នុងទំព័រប្រតិទិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០-១១ វិច្ឆិកា ២០១១ ប៉ុន្តែឥឡូវផ្អាកជាស្ថាពរហើយសម្រាប់ថ្នាក់ជាតិនៅរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ