ខេត្តព្រះវិហារ ៖ រឿងរ៉ាវស្មានមិនដល់មួយ គឺការលេបថ្នាំធ្វើអត្តឃាតរបស់លោកតាមេឃុំរហ័ស ស្រុករវៀង ឈ្មោះហេង ជ័យ អាយុ៨០ឆ្នាំ បណ្តាលមកពីខូចចិត្តចំពោះការចោទប្រកាន់លោកយ៉ាងអយុត្តិធម៌ ។ ប៉ុន្តែការលេបថ្នាំសម្លាប់ខ្លួនរបស់លោកតាមេឃុំនេះត្រូវបានកូនចៅដឹងទាន់ក៏នាំយកមកកាន់មន្ទីរពេទ្យខេត្តកំពង់ធំ ដើម្បីសង្គ្រោះ ។
តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យខេត្តកំពង់ធំ បានឱ្យដឹងថា ស្ថានភាពជំងឺរបស់លោកតាគ្រាន់តែបានដឹងខ្លួនបន្តិចតែប៉ុណ្ណោះ មិនទាន់ធានាថានឹងវិលមករកភាពធម្មតាឡើងវិញនៅឡើយទេ ហើយក្រុមគ្រូពេទ្យខ្លះក៏បានអះអាងថា ស្ថានភាពសុខភាពលោកតាពេលនេះ បើទោះបីជាសះស្បើយហើយក្តី ក៏ប្រហែលមិនអាចដូចដើមវិញទេ ព្រោះថ្នាំពុលបានធ្វើឱ្យសរសៃប្រសាទខូចអស់ហើយ គឺមិនមានការចងចាំទៀតផង ។
មូលហេតុដែលលោកតាមេឃុំឈ្មោះហេង ជ័យ សម្រេចចិត្តលេបថ្នាំធ្វើអត្តឃាតនេះ តាមការបញ្ជាក់ឱ្យដឹងពីក្រុមគ្រួសារថា មុនពេលដែលគាត់សម្រេចលេបថ្នាំធ្វើអត្តឃាតគាត់បានសរសេរជាលិខិតបណ្តាំមួយច្បាប់ទុកនៅលើផ្ទះដែលមានខ្លឹមសារឱ្យកូនចៅដឹងថា ឪពុកបានធ្វើមេឃុំតាំងពីជំនាន់រដ្ឋកម្ពុជាមក គឺឪមិនដែលមានកំហុសឆ្គងម្តងណាឡើយ។ ទើបតែពេលនេះមានលោកស្នងការប៉ូលិសម៉ៅ ពៅ ដើរតួជាដើមបណ្តឹងដោយចោទឪថា ជាអ្នកក្លែងឯកសារទៅវិញ ដោយពុំមានជនរងគ្រោះណាម្នាក់ប្តឹងឪឡើយ តែពេលនេះបែរជាលោកចៅក្រមសោ សាវុធ ប្រធានតុលាការខេត្តព្រះវិហារ នាំខ្លួនឪតាមពាក្យបណ្តឹងរបស់លោកស្នងការនគរបាលខេត្តព្រះវិហារ ទៅទារប្រាក់ក្នុងសាលាដំបូងខេត្តក្នុងម្នាក់ៗមួយពាន់ដុល្លារពីគាត់ ឈ្មោះហេង ជ័យ, ឈ្មោះព្រំ សារ៉ុម, ឈ្មោះលុះ ទ្រី និងឈ្មោះស្រី ធួន ដើម្បីឱ្យនៅក្រៅឃុំ តែមិនទាន់ឱ្យរួចខ្លួនឡើយ ។
លោកតាបានផ្តាំដល់កូនចៅទៀតថា ត្រូវខំធ្វើល្អឱ្យបានច្រើនសម្រាប់សង្គម ។ លោកតាបានផ្តាំប្រាប់កូនចៅដែរថា សូមឱ្យកូនចៅក្រាលកន្ទេលធ្វើបុណ្យសពឪពុកនៅលើផ្ទះផង ។ ជុំវិញការចោទប្រកាន់ពីដើមបណ្តឹងគឺលោកម៉ៅ ពៅ ស្នងការប៉ូលិសខេត្តនេះមានស្ត្រីម្នាក់ឈ្មោះសុខ គង់ ត្រូវបានជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ មកដល់ពេលនេះអស់រយៈពេល៤៥ថ្ងៃ មកហើយ។ ចំណែកឈ្មោះលុះ ទ្រី ត្រូវបានជាប់ឃុំរយៈពេលបីថ្ងៃមកហើយដែរ។ ដោយឡែកលោកតាមេឃុំហេង ជ័យ មិនត្រូវបានឃុំខ្លួននោះទេ តែតម្រូវបង្ខំឱ្យបង់ប្រាក់មួយពាន់ដុល្លារ ។ ដោយសារតែបញ្ហាអយុត្តិធម៌នេះហើយទើបលោកមេឃុំលេបថ្នាំសម្លាប់ខ្លួនបែបនេះ ។
លោកមេធាវី កែវ ស៊ីវិន ជាអ្នកការពារក្តីឱ្យស្ត្រីរងគ្រោះឈ្មោះសុខ គង់ បានបញ្ជាក់ឱ្យកោះសន្តិភាពដឹងថា ចំពោះករណីឈ្មោះសុខ គង់ ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ដែលប៉ូលិសចាប់ខ្លួនកាលពីចុងខែសីហា ឆ្នាំ២០១០ ពីបទជួញដូរមនុស្សឆ្លងដែន និងក្លែងលិខិតសាធារណៈនោះ ការពិត គឺឈ្មោះសុខ គង់ ជាជនរងគ្រោះ ហើយនៅក្នុងរឿងនេះគឺ ពុំមានជនរងគ្រោះណាម្នាក់មកដាក់ពាក្យបណ្តឹងទាមទារ ឬពាក្យបណ្តឹងតវ៉ា ឬបណ្តឹងបរិហារទៅលើកូនក្តីរបស់លោកឡើយ គឺមានតែលោកម៉ៅ ពៅ ស្នងការប៉ូលិសខេត្តម្នាក់គត់ដើរតួជាដើមបណ្តឹងរដ្ឋប្បវេណីផង និងជាអ្នកចោទប្រកាន់ផង ។
ទង្វើផ្ទុយនឹងគតិច្បាប់បែបខាងលើនេះ ទើបធ្វើឱ្យលោកមេធាវីបានដាក់ពាក្យបណ្តឹងតបវិញ ពីបទប្រើតួនាទីនឹងអំណាចហួសព្រំដែន ទើបបណ្តាលឱ្យលោកមេឃុំមានការតក់ស្លុតខឹងខ្លាំងណាស់ មិនដឹងធ្វើអីលោកស្នងការកើតក៏ផឹកថ្នាំធ្វើអត្តឃាតបែបនេះទៅ ។ ពាក់ព័ន្ធករណីខាងលើនេះលោកម៉ៅ ពៅ ស្នងការប៉ូលិសខេត្ត ខណៈពេលដែលអ្នកឆ្លើយឆ្លងសារព័ត៌មានកោះសន្តិភាពបានសុំការពន្យល់ខ្លះៗអំពីលោកជុំវិញករណីខាងលើនេះ តែលោកមិនព្រមផ្តល់ការបំភ្លឺបែបណាមួយឡើយ ។
ប្រជាពលរដ្ឋនៅឃុំរហ័ស បានប្រាប់កោះសន្តិភាពថា បើលោកមេឃុំស្លាប់មែន ពួកគេនឹងលើកគ្នាធ្វើបាតុកម្មទូទាំងឃុំប្រឆាំងលោកស្នងការឈ្មោះម៉ៅ ពៅ អត់ឱ្យរួចខ្លួនទេ៕
ចែករំលែកព័តមាននេះ