នាយករដ្ឋមន្ត្រីចិន លោកវេន ជាបាវ ថ្លែងកាលពីថ្ងៃទី១២ តុលា ថា ចិនត្រៀមរួមសហការជាមួយវៀតណាមដើម្បីពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក។
លោកវេនគូសបញ្ជាក់ថា ភាគីទាំង២ត្រូវផ្តោតលើការអនុវត្តផែនការ៥ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដោយជំរុញកំណើនឱ្យមានលំនឹង និងការផ្លាស់ប្តូរពាណិជ្ជកម្មប្រកបដោយចីរភាព ដោយលើកទឹកចិត្តដល់វិនិយោគទៅវិញទៅមក ជំរុញការពង្រីកតំបន់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនរបស់ប្រទេសទាំង២។
លោកវេន ជាបាវ ថ្លែងបែបនេះក្នុងឱកាសនៃការជួបពិភាក្សាគ្នាជាមួយអគ្គលេខាបក្សកុំមុយនីស្តវៀតណាម លោកង្វៀន ភូជុង ដែលទៅបំពេញទស្សនកិច្ចផ្លូវការមួយនៅចិន ៕
ចែករំលែកព័តមាននេះ