ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននៅស្ទើរគ្រប់តំបន់ក្នុងខេត្តកំពង់ធំ កំពុងរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង និងទឹកទន្លេសាប ហើយស្រកទៅវិញយឺតៗ បានធ្វើឱ្យប្រជាពលរដ្ឋលង់ទឹកស្លាប់គិតរហូតមកទល់ពេលនេះ មានចំនួន៣៧នាក់ ហើយ ។ ដោយឡែកមានក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់ដែលកំពុងអុំទូកទៅរើសខ្យង និងបេះផ្កាស្នោរ ស្រាប់តែត្រូវខ្យល់ព្យុះបណ្តាលឱ្យលិចទូកបាត់ខ្លួនអស់រយៈពេល៦ថ្ងៃ ទើបអ្នកភូមិរកឃើញនៅរស់ ហើយនាំគ្នាបញ្ជូនមកមន្ទីរពេទ្យខេត្តកំពង់ធំ ដើម្បីសង្គ្រោះបន្ទាន់ ។ រហូតមកដល់ថ្ងៃទី១១ តុលា ២០១១ នេះ នាងអាចនិយាយបានខ្លះៗហើយ ដោយសារតែអាការៈហេវហត់ និងអត់អាហារអស់រយៈពេល៦
ថ្ងៃកន្លងមកហើយ និងត្រូវបានគ្រូពេទ្យជួយ សង្គ្រោះបាន២ថ្ងៃកន្លងមកនេះ ។
តាមឪពុកម្តាយក្មេងស្រីរងគ្រោះបានរំលឹកនៅក្នុងមន្ទីរពេទ្យខេត្តឱ្យកោះសន្តិភាពដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះឃីម គី អាយុ១៤ឆ្នាំ រស់នៅភូមិព្រះគន្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ នាងជាកូនទី២ក្នុងចំណោមកូន៤នាក់ (ប្រុសម្នាក់) ។ ដោយសារតែទឹកជំនន់លិចផ្ទះសម្បែង និងកំពុងខ្វះខាតស្បៀងទៀតនោះ ក្មេងស្រីរងគ្រោះកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ តុលា បានអុំកូនទូកមួយតែម្នាក់ឯងលើវាលទឹកល្ហល្ហេវ ដើម្បីស្វែងរករើសខ្យង និងបេះផ្កាស្នោរយកមកលក់ដោះស្រាយជីវភាពកំពុងជួបការលំបាក ។ ពេលនោះស្រាប់តែមានខ្យល់ព្យុះបោកបក់មកបណ្តាលឱ្យលិចទូកក្រឡាប់ ហើយនាងក៏ប្រវេប្រវាផ្កាប់មុខតោងលើបាតទូក អណ្តែតទៅតាមព្រេងវាសនា ។ ឪពុកឈ្មោះឃៀន ឃីម អាយុ៣៦ឆ្នាំ បានបន្តថា បន្ទាប់ពីដឹងថាបាត់កូនស្រី គាត់ក៏ប្រកូកប្រកាសឱ្យអ្នកភូមិព្រះគន្លងជួយអុំទូក និងខ្លះទៀតប្រើទូក ម៉ាស៊ីនចំនួនសរុបប្រហែល១០គ្រឿង ដើម្បីស្វែងរកជនរងគ្រោះ នៅតំបន់ក្បែរភូមិ និងនៅតំបន់ខាងក្រោម ។ ចំណែកជនរងគ្រោះបែរជាអណ្តែតតាមទូកមកតំបន់ខាងលើវិញ ដោយសារជំនន់ទឹកទន្លេសាបរុញមកផង និងខ្យល់បក់ផង ធ្វើឱ្យទូកដែលនាងតោងអណ្តែតរហូតមកចូងអូរឡោដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីផ្ទះរបស់នាង ។ អូរឡោនេះស្ថិតនៅភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ពេលនោះស្រាប់តែមានអ្នកភូមិអុំទូកទៅដាក់មងក៏ឃើញនាងអណ្តែតដោយផ្កាប់មុខអោបទូកយ៉ាងកំសត់ ។ អ្នកភូមិស្មានតែខ្មោចអណ្តែតទឹក ក៏អុំទូកទៅមើលឃើញជនរងគ្រោះនៅមានដង្ហើមនៅឡើយ ក៏នាំនាងយកមកដាក់លើរោងមួយដែលលិចទឹកម្ចាស់អត់នៅ ព្រោះទៅរកទីទួលសុវត្ថិភាព ។ អ្នកភូមិនោះក៏ទូរស័ព្ទទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃុំកំពង់គោ ចុះទៅពិនិត្យ ហើយនាំនាងមករកទីទួលសុវត្ថិភាព ទើបទូរស័ព្ទមកសាខាកាកបាទក្រហមខេត្ត ។ ភ្លាមនោះលោកជា ជាតិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានសហការជាមួយប្រធានមន្ទីរពេទ្យខេត្តនាំយករថយន្តសាមុយទៅដឹកជនរងគ្រោះយកមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត វេលាម៉ោង៨យប់ថ្ងៃទី៨ តុលា ។ នៅមន្ទីរពេទ្យត្រូវបានក្រុមគ្រូពេទ្យខិតខំយកចិត្តទុកដាក់បញ្ចូលខ្យល់អ៊ុកស៊ីហ្សែន និងបណ្តោងសេរ៉ូម ពីព្រោះពេលនេះនាងកំពុងហេវហត់ និងអត់អាហារនិយាយមិនរួច ។
ចំណែកខ្លួនប្រាណត្រូវហើមជាំខ្មៅ ដោយសារមូសខាំផង ឈ្លើងទាមបឺតឈាមផង និងត្រីចឹកស៊ីស្បែក ព្រោះតែនាងត្រាំទឹកអស់រយៈពេល៦ថ្ងៃ ហើយក៏គ្មានអាហារអ្វីហូប ក្រៅពីផ្កាស្នោ និងកំប្លោកដែលអណ្តែតទៅប៉ះនាងនាង ក៏បេះហូបដោយស្រេកឃ្លានជាទីបំផុត ។ នេះគឺជាសំណាងមួយក្នុងចំណោម១.០០០គ្រោះថ្នាក់៕
ចែករំលែកព័តមាននេះ