កូនប្រុសអតីតលោកឩត្តមសេនីយ៍ឯក សូ ផន អគ្គស្នងការរងនគរបាលជាតិដែលជាអាណិកជនខ្មែររស់នៅប្រទេសបារាំងត្រូវបានក្រុមជនអន្ធពាលមានគ្នា៤នាក់ប្រដាប់ដោយអាវុធវែងខ្លីជិះរថយន្តមកស្ទាក់ចាប់នៅក្បែរផ្ទះរបស់គាត់ពង្រត់យកទៅបាត់កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ តុលា ២០១១ នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពត៌មានជំហានដំបូង ត្រូវបានគេអះអាងថា ជាករណីចាប់ជំរិតទារប្រាក់ដ៏ស្រួច ស្រាល់មួយគួរឱ្យព្រឺខ្លាច។
បុរសរងគ្រោះឈ្មោះសូ អាកណូ អាយុ៤២ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ហើយថ្មីៗនេះទើបតែមករស់នៅក្នុងប្រទេសកម្ពុជាបានប្រហែល២ឆ្នាំប៉ុណ្ណោះ គឺស្នាក់នៅផ្ទះលេខ៨ស្ថិតនៅខាងត្បូងវិទ្យាល័យជា ស៊ីម ជ្រោយចង្វា រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ កន្លងមកធ្លាប់មានការប៉ះទង្គិច គ្នាជាមួយមនុស្សច្រើននាក់ផងដែរដោយសារការប៉ះពាចរាចរណ៍គ្នានៅតាមដងផ្លូវ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះឈ្មោះសូ អាកណូ បានជិះរថយន្តម៉ាកតូយ៉ូតាថៃហ្គ័រ ពាក់ស្លាកលេខភ្នំពេញ២L -១១៧៣ ដោយមានអ្នកបើកបរជូនដំណើរម្នាក់ នាំលោក មកកាន់គេហដ្ឋាននៅកន្លែងកើតហេតុខាងលើ ស្រាប់តែមានជន៤នាក់ជិះរថយន្តឡិចស៊ីស ពណ៌ស្ករ RX ៣០០ ដេញពីក្រោយ ភ្លាមនោះលោកហាក់ដូចជាដឹងខ្លួនផងដែរ ក៏បញ្ជាឱ្យអ្នកបើកបរ បើករថយន្តគេច ប៉ុន្តែទៅណាមិនរួច ក៏ត្រូវក្រុមជនអន្ធពាលស្ទាក់ជាប់ ហើយពួកគេទាំង៤នាក់នោះ បានដកកាំ ភ្លើងខ្លី និង វែង ភ្ជង់ចាប់ញាត់បញ្ចូលរថយន្តរបស់គេជិះរត់គេចខ្លួនទៅបាត់ បន្សល់ទុកឱ្យអ្នកផងទាំងឡាយភ័យរន្ធត់។
ដំបូងគេគិតថា ហេតុការណ៍នេះជារឿងគំនុំ ព្រោះតែបុរសរងគ្រោះកន្លងមកធ្លាប់មានទំនាស់ជាមួយអ្នកដំណើរដោយសារតែប៉ះពាចរាចរណ៍គ្នា ហើយគូជម្លោះបានកត់លេខឡានរបស់គាត់ចំណាំទុកធ្វើការសងសឹកតាមផ្លូវច្បាប់ ឬក៏វិធីណាមួយ…។ ប្រហែលជាង២ម៉ោងក្រោយមកគឺម៉ោងជាង៩យប់ថ្ងៃដដែល ពួកក្រុមជនអន្ធពាល បានទូរស័ព្ទមកកាន់ម្តាយរបស់ជនរងគ្រោះឱ្យរៀបចំប្រាក់១លានដុល្លារប្រគល់ឱ្យពួកគេដើម្បីជាថ្នូរនឹងការដោះលែង បុរសរងគ្រោះឱ្យមានសុវត្តិភាពវិញ បើពុំដូច្នេះទេ ពុំធានាអាយុជីវិតរបស់ជនរងគ្រោះឡើយ។
ហេតុការណ៍គួរឱ្យព្រឺឆ្អឹងខ្នងនេះ កំពុងត្រូវបានប៉ូលិសបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើង និងតាមប្រមាញ់ក្រុមជនអន្ធពាលហើយ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព។
ចែករំលែកព័តមាននេះ