រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៤ កញ្ញា បានឱ្យដឹងថា ក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជាបាននិងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីក្រមរដ្ឋប្បវេណី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ កញ្ញា ។ JICA បានចាត់ទុកការអភិវឌ្ឍវិស័យច្បាប់ និងតុលាការ គឺជាអាទិភាពមួយដ៏សំខាន់ នៅក្នុងចំណោមវិស័យអាទិភាពដទៃទៀត សម្រាប់កិច្ចសហប្រតិបត្តិការ នៅប្រទេសកម្ពុជា។
JICA បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ជាងមួយទសវត្សកន្លងមកហើយ តាមរយៈគម្រោងអភិវឌ្ឍវិស័យច្បាប់ និងតុលាការដំណាក់កាលទី១ដល់ទី៣ ដែលផ្តោតទៅលើការធ្វើសេចក្តីព្រាងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ពង្រាងច្បាប់បន្ទាប់បន្សំ និងការផ្សព្វផ្សាយច្បាប់ទាំងនេះ។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៧ មកក្រមនីតិវិធីរដ្ឋប្បវេណីត្រូវបានអនុវត្តដោយជោគជ័យ ហើយក្រមរដ្ឋប្បវេណីថ្មី ក៏ត្រូវបានគេប្រកាសឱ្យប្រើប្រាស់នៅក្នុងខែធ្នូ ឆ្នាំ២០០៧ ហើយដែលគេគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែធ្នូ ឆ្នាំនេះ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មប្រព័ន្ធច្បាប់ និងការបង្កើតនីតិវិធីរដ្ឋ។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីក្រមរដ្ឋប្បវេណីនេះផងដែរ លោកសាស្ត្រាចារ្យ Akio Morishima ប្រធានក្រុមគាំទ្រផ្នែកក្រមរដ្ឋប្បវេណីប្រទេសជប៉ុន នឹងធ្វើបទបង្ហាញស្តីអំពីករណីសិក្សាមួយចំនួនមានដូចជា កិច្ចសន្យាលក់ និងកិច្ចសន្យាជួលជាដើម។ល។ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងចៅក្រមមកពីទូទាំងប្រទេស ក៏អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះដែរ ដើម្បីទទួលយកចំណេះដឹងបន្ថែមទៀត ស្តីអំពីក្រមរដ្ឋប្បវេណី។ អ្នកចូលរួមសរុបមានចំនួន១២០នាក់។
ដើម្បីឱ្យការអនុវត្តក្រមរដ្ឋប្បវេណីមានភាពល្អប្រសើរឡើង ក្រសួងយុត្តិធម៌ នឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ ដោយមានការសហការគ្នាជាមួយ JICA ។ សិក្ខាសាលាបន្ទាប់គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១១ ខាងមុខនេះ៕
ចែករំលែកព័តមាននេះ