យោងតាមសេចក្តីប្រកាសមួយរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាចេញផ្សាយកាលពីថ្ងៃទី៣០ សីហា ថា នាវាចម្បាំង៣គ្រឿងរបស់កងនាវាចរណ៍ប៉ាស៊ីហ្វិករុស្ស៊ីដឹកនាំដោយនាវាចម្បាំងប្រឆាំងនាវាមុជទឹកឈ្មោះ ADMIRAL PANTELEEV នឹងមកដល់កំពង់ផែក្រុងព្រះសីហនុនាថ្ងៃទី៨ កញ្ញា ខាងមុខនេះដើម្បីបំពេញការឈប់សំចតជាមិត្តភាពមួយរហូតដល់ថ្ងៃទី១៣ កញ្ញា។
សេចក្តីប្រកាសនេះគូសបញ្ជាក់ថា ទស្សនកិច្ចនោះរបស់បណ្តានាវាចម្បាំងរុស្ស៊ី គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកងម៉ារីនរុស្ស៊ី និងកងម៉ារីនកម្ពុជា ហើយនឹងកំណត់ពីទំព័រថ្មីមួយក្នុងទំនាក់ទំនងយោធារវាងប្រទេសទាំង២។
ក្នុងពេលឈប់សំចតនោះនឹងមានរៀបចំការជួបគ្នានានារវាងបណ្តានាយទាហានរបស់កងម៉ារីនរុស្ស៊ី អមដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងអភិបាលខេត្តព្រះសីហនុ ព្រមទាំងបណ្តាអ្នកទទួលខុសត្រូវនៃក្រសួងការពារជាតិកម្ពុជា ៕
ចែករំលែកព័តមាននេះ