យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍បរិយាកាសសមុទ្ររបស់ចិនថា ព្យុះទីហ្វុងឈ្មោះណានម៉ាដូល NANMADOL បានចុះថយកម្លាំងពីព្យុះទីហ្វុងសាហាវមកព្យុះទីហ្វុងធម្មតា មួយវិញហើយ។
ព្យុះណានម៉ាដូល កាលពីថ្ងៃទី២៩ សីហា វេលាម៉ោង១៤ ស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រពីចំណុចអឺលូអានប៊ី ស្ថិតនៅចុងខាងត្បូងនៃកោះតៃវ៉ាន់។ អាជ្ញាធរតៃវ៉ាន់បានចេញការប្រកាសអាសន្នទាំងនៅលើគោក ទាំងនៅក្នុងសមុទ្រ កាលពីរសៀលថ្ងៃទី២៨ សីហា ហើយមនុស្សជាច្រើនពាន់នាក់ត្រូវបានជម្លៀសចេញ។ ក្នុងតំបន់ជាច្រើនដូចជាតៃទុង និងហួលៀន ការិយាល័យ និងសាលារៀនទាំងឡាយត្រូវបិទទ្វារចាប់ពីរសៀលថ្ងៃទី២៨ សីហា មក រហូតដល់ថ្ងៃទី២៩ សីហា។
ចាប់ពីយប់ថ្ងៃទី២៨ មកថ្ងៃទី២៩ សីហា តំបន់បាស៊ី ស្ថិតក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគអាគ្នេយ៍តៃវ៉ាន់ រលកនឹងមានកម្ពស់ពី៦ទៅ៨,៥ម៉ែត្រ ។ រលកនៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់ និងមានកម្ពស់ដល់ពី៤ទៅ៦ម៉ែត្រ ហើយរលកមានកម្ពស់ពី២ទៅ៣ម៉ែត្រ ក្នុងដែនទឹកនៃខេត្ត ZHEJIANG ខេត្តហ្វូជាន និងខេត្តហ្គង់ដុង ៕
ចែករំលែកព័តមាននេះ