តាមទីភ្នាក់ងារទេសចរណ៍របស់វៀតណាម (VAT) បង្ហើបឱ្យដឹងថា ភ្ញៀវទេសចរបរទេសបានធ្វើដំណើរចូលមកប្រទេសវៀតណាមមានចំនួន៣.៩៦៣.០០០នាក់ ក្នុងឆ្នាំ២០១១ កើនឡើង១៨,៣% ធៀបនឹងឆ្នាំមុន រួមទាំងភ្ញៀវទេសចរក្នុងប្រទេសមានចំនួន២៣លាននាក់ បង្កើតប្រាក់ចំណូលសរុប៨៥លានលានដុង ឬប្រហែល៤.០៨០លានដុល្លារ ។
ជនបរទេសដែលធ្វើដំណើរចូលប្រទេសវៀតណាមបានកើនឡើងយ៉ាងលើសលប់ដូចជាភ្ញៀវទេសចរមកពីកម្ពុជាកើនឡើងដល់ទៅ៧៤,២% ចិនកើនឡើង៥៣,៥% និងម៉ាឡេស៊ីកើនឡើង១៨,៧% ។ នៅក្នុងរបាយការណ៍ទេសចរណ៍របស់ប្រទេសវៀតណាមបញ្ជាក់ឱ្យដឹងថា ចំនួនភ្ញៀវដែលកើនឡើងខាងលើគឺ ដោយសារការមានទំនាក់ទំនងល្អលើផ្នែកទេសចរណ៍ ដូចជាការទ្រទ្រង់ផ្នែកទេសចរណ៍វៀតណាម ក្នុងឆ្នាំ២០១១ បានផ្តោតជាសំខាន់លើការធ្វើទេសចរណ៍នៅឆ្នេរសមុទ្រភាគកណ្តាល និងនៅតាមប្រជុំកោះផ្សេងៗទៀត។
VAT ក៏បានរៀបចំការធ្វើទេសចរណ៍នៅឯបរទេស ឬផ្សព្វផ្សាយឃោសនាតាមរយៈស្ថានីយទូរទស្សន៍ផ្សេងទៀតនៅឯបរទេស សម្រាប់ជួយទ្រទ្រង់និមិត្តរូបរបស់ប្រទេសឱ្យគេស្គាល់ និងដឹងច្បាស់ពីប្រទេសវៀតណាម។ វិទ្យាស្ថានស្ថិតិវៀតណាមបានបញ្ជាក់ថា វៀតណាមមានគោលដៅស្វាគមន៍ភ្ញៀវទេសចរបរទេសឱ្យបាន៥,៣លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រហែល៣០លាននាក់ក្នុងដំណាច់ឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ