បើទោះបីជាមានវ័យ៧២ឆ្នាំ អង្គុយលើកៅអីរុញ និងមានជំងឺប្រចាំកាយផងក្តី ក៏លោកឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការកម្ពុជានៅចន្លោះពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥ បានចូលរួមសម្តែងការអបអរសាទរ ការអនុញ្ញាតឱ្យបង្កើតទីក្រុងកម្ពុជា (Cambodia Town) ស្ថិតក្នុងទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក ។
លោកឆាំង សុងបានថ្លែងថា ការចុះហត្ថលេខាព្រមព្រៀងមានតាំងពីថ្ងៃទី១៦ កក្កដា ហើយលោកមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមក្នុងពិធីជាប្រវត្តិសាស្ត្រនាពេលនេះ ។ មានស្លាកសញ្ញាជាច្រើនតាមដងផ្លូវក្នុងទីក្រុងឡងប៊ិច បង្ហាញពីទីតាំងក្រុងកម្ពុជា និងជាតំណាងប្រជាជនខ្មែរច្រើនលាននាក់ដែលរស់នៅឆ្ងាយពីទឹកដីកំណើត ។ លោកឆាំង សុងមានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់ទីក្រុងឡងប៊ិច និងអរគុណយុវជន និងយុវនារី ដែលបានរួមដៃគ្នាបង្កើតទីក្រុងកម្ពុជានៅក្នុងសហរដ្ឋអាមេរិក» ។
ក្នុងការបម្រើជាតិមាតុភូមិពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ លោកឆាំង សុងមានឱកាសបានមករស់នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ប្រទេសជាតិទាំងមូល ហើយក៏មានប្រជាជនកម្ពុជាជាច្រើនលាននាក់គ្មានសំណាងដូចគាត់។ នៅគ្រានោះដែរ មានប្រជាជនកម្ពុជាប្រហែល
១៥០.០០០នាក់រស់នៅជំរំព្រំដែនថៃ គេចពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
លោកស្រីសាន សីុថា ជាអ្នកនៅរស់រានមានជីវិត ដោយរត់គេចពីរបបប្រល័យពូជសាសន៍កាត់ចំការមីនដើម្បីបានទៅដល់ព្រំដែនថៃ និងសុំជំនួយពីអង្គការសហប្រជាជាតិក្នុងសម័យនោះនិងមកដល់សហរដ្ឋអាមេរិកឆ្នាំ១៩៨១ជាមួយគ្រួសារ ។ ពេលនោះគាត់មិនចេះនិយាយភាសាអង់គ្លេសទេ តែក្រោយមកគាត់និយាយបានយ៉ាងល្អ ហើយថែមទាំងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៩៦។ លោកស្រីក៏មិនដែលបំភ្លេចទឹកដីកំណើតដែរ និងថែមទាំងជួយអភិវឌ្ឍសហគមន៍ខ្មែរក្នុងរដ្ឋកាលីហ្វ័រនីញ៉ាទៀតផង ។
កិច្ចការបង្កើតទីក្រុងកម្ពុជាត្រូវចំណាយពេល៧ឆ្នាំ និងទើបត្រូវក្រុមប្រឹក្សាទីក្រុងអនុម័តយល់ព្រម ។ តាមរយៈទិន្នន័យរបស់ការិយាល័យចំនួនប្រជាជនអាេមរិកនាឆ្នាំ២០០៥បង្ហាញ ថា ប្រជាជនកម្ពុជារស់នៅសហរដ្ឋអាមេរិកមានចំនួន២៤១.០២៥នាក់ ។ យោងតាមប្រសាសន៍របស់លោកឆាំង សុងថា ពេលនេះនៅទីក្រុងឡងប៊ិច មានប្រជាជនកម្ពុជាចំនួន៥០.០០០
នាក់ ៕
ចែករំលែកព័តមាននេះ