រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរៀបចំសន្និបាតលើកទី៤ នៅសាលសន្និសីទចតុមុខកាលពីថ្ងៃទី២៤ សីហា ក្រោមការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងតំណាងរណសិរ្សក្រសួង មន្ទីរ ស្ថាប័ន រាជធានី-ខេត្ត និងតំណាងគ្រប់ស្រទាប់មានដូចជា ព្រះសង្ឃ កម្មករ កសិករ បញ្ញវន្ត ជនជាតិ សិល្បករ យុវជន យុវនារី ទូទាំងប្រទេសចំនួនជាង១.០០០នាក់ ស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ។
ថ្លែងសុន្ទរកថានៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងថា សន្និបាតនេះបានប្រព្រឹត្តធ្វើឡើងស្របពេលដែលប្រជាជនកម្ពុជា កំពុងតែរស់នៅប្រកបទៅដោយសេចក្តីសុខ សន្តិភាព កម្រិតជីវភាពលូតលាស់មានសិទ្ធិសេរីភាពពេញលេញ សំបូរសប្បាយ ។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ទាំងព្រះសង្ឃ និងគ្រហស្ថនៅតែចងចាំជានិច្ចនូវគុណបំណាច់រណសិរ្ស២ធ្នូដែលបានរំដោះប្រទេសជាតិ ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយមានភាពរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជារស់បាននៅក្នុងកម្លាំងមហាសាមគ្គីទាំងក្នុងប្រទេស និងក្រៅប្រទេស ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថា រាល់សមិទ្ធផលទាំងឡាយរបស់រណសិរ្សក្នុងរយៈកាលកន្លងមក ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទេ ។ ដូច្នេះហើយទើបបានជារាល់សន្និបាតរណសិរ្សក៏ដូចជាគណបក្សប្រជាជន គឺតែងតែបានសម្តែងនូវការគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត។
នៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលអានដោយលោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកំណត់ដាក់ចេញនូវទិសដៅការងារសំខាន់ៗរួចមក រណសិរ្សគ្រប់លំដាប់ថ្នាក់ បានខិតខំជំរុញខ្លាំងនូវរាល់សកម្មភាពរបស់ខ្លួន ដោយប្រមូលផ្តុំអនុវត្តការងារឃោសនា អប់រំ អំពាវនាវចលនាប្រមូលផ្តុំកម្លាំងទូទៅ សំដៅចូលរួមចំណែកថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច សង្គមកិច្ច ជំរុញការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
លោកថ្លែងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្ស ថ្នាក់ដឹកនាំ សមាជិក សមាជិការណសិរ្សគ្រប់លំដាប់ថ្នាក់ បានចុះជាប់ជាប្រចាំនៅមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាលំបាក និងការខ្វះខាតរបស់ប្រជាជនបានទាន់ពេលវេលា និងជួយកសាងសមិទ្ធផលនានានៅតាមភូមិ-ឃុំ មានស្ពាន ផ្លូវថ្នល់ សាលារៀន ស្រះ អណ្តូង វត្តអារាម។ល។ ដែលធ្វើឱ្យប្រជាជនមហាជនមានការសប្បាយរីករាយ មានជំនឿទុកចិត្ត និងគាំទ្រដល់គណបក្សប្រជាជនកាន់តែច្រើនឡើងៗ ។
ជារៀងរាល់ឆ្នាំ រណសិរ្សគ្រប់ថ្នាក់តែងចលនាមហាជនចូលរួមគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាក្នុងការប្រារព្ធទិវាជាប្រវត្តិសាស្ត្រ ដែលប្រជាជនយើងមិនអាចបំភ្លេចបាន មានជាអាទិ៍ទិវា២ធ្នូ ថ្ងៃកំណើតរណសិរ្ស ទិវា២០ ឧសភា ជាទិវារំលឹកនូវការចងចាំចំពោះឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទិវាជ័យជម្នះ៧មករា ជាថ្ងៃដែលប្រជាជនកម្ពុជាបានរំដោះរួចផុតពីរបបដ៏យង់ឃ្នងនេះ ដែលពិធីទាំងនេះបានក្លាយទៅជាប្រពៃណីនៅតាមបណ្តាខេត្ត-រាជធានីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ចែករំលែកព័តមាននេះ