លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីពៅរបស់អតីតប្រមុខរដ្ឋាភិបាលថៃដែលរស់នៅនីរទេសលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានជ្រើសតាំងជាផ្លូវការកាលពីថ្ងៃសុក្រ ទី៥ សីហា ជានាយករដ្ឋមន្ត្រីថៃ ដោយសភាថៃថ្មីដែលធ្វើឱ្យលោកស្រីក្លាយជានារីដំបូងគេកាន់តំណែងនេះ។
អតីតអ្នកជំនួញអាយុ៤៤ឆ្នាំ រូបនេះជាបេក្ខនារីតែម្នាក់គត់ដែលទទួលការគាំទ្រពីសមាជិកសភាដល់ទៅ២៩០រូបក្នុងចំណោមសមាជិកសភាថ្មីទាំង៤៩៦រូបដែលចូលរួមបោះឆ្នោតអនុម័ត។ នេះជាការប្រកាសរបស់ប្រធានសភាថ្មីថៃ។ តួលេខនេះគឺជិតស្មើនឹងចំនួនសមាជិកសភានៃក្រុមចម្រុះមានសមាជិកសភា៣០០រូបដែលគណបក្សភឿថៃជាអ្នកឈ្នះឆ្នោតសភាបង្កើតឡើងជាមួយគណបក្ស៥ទៀត។
បណ្តាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រីចាំផ្ទះលោកអាប់ភីស៊ីត វេចាជីវ៉ា ដែលក្លាយជាគណបក្សប្រឆាំងបានបោះឆ្នោតអនុប្បវាទយ៉ាងច្រើន។ លោកស្រីយីងឡាក់ មានអ្នកបោះឆ្នោតប្រឆាំងជំទាស់តែ៣សម្លេង ហើយអនុប្បវាទមានដល់១៩៧សម្លេង។
លោកស្រីយីងឡាក់ដែលលោកស្រីក៏បោះឆ្នោតអនុប្បវាទដែរនោះនៅត្រូវទទួលការយល់ព្រមពីព្រះមហាក្សត្រថៃទៀតដើម្បីអាចចូលកាន់តំណែងបាន។ លោកស្រីយីងឡាក់បានដឹកនាំគណបក្សភឿថៃសម្រេចបានជ័យជំនះយ៉ាងធំធេងក្នុងការបោះឆ្នោតសភាថៃកាលពីថ្ងៃទី៣ កក្កដា កន្លងមកនេះ។
ការប្រឈមសំខាន់របស់នាយករដ្ឋមន្ត្រីថ្មីរូបនេះនឹងជាការប៉ុនប៉ងធ្វើឱ្យមានស្ថេរភាពឡើងវិញក្នុងប្រទេសថៃដែលជួបប្រទះនឹងការធ្វើបាតុកម្មធំៗចាប់តាំងពីរដ្ឋប្រហារផ្តួលរំលំបងប្រុសលោកស្រី ពីខែកញ្ញា ឆ្នាំ២០០៦មក ៕
ចែករំលែកព័តមាននេះ