ក្រុងប៉ោយប៉ែត ៖ ប្រតិភូកម្ពុជាចំនួន៦០នាក់មកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២០ កក្កដា បានចេញដំណើរពីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត្រទៅចូលរួមប្រជុំនៅស្រុកអរញ្ញ ខេត្តស្រះកែវតាមការអញ្ជើញពីភាគីសៀម។ ប្រតិភូកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឈុំ វណ្ណារិទ្ធ អភិបាលរងខេត្ត ឯខេត្តបាត់ដំបងដឹកនាំដោយលោកសុខ គង់ អភិបាលរងខេត្ត ។
ការចេញដំណើររបស់ភាគីកម្ពុជាទាំង២ខេត្តនេះបើតាមការឱ្យដឹងពីមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃថា ទៅចូលរួមប្រជុំនៅសណ្ឋាគារមើម៉ែត្រ ស្ថិតក្នុងស្រុកអរញ្ញ ។ ការចេញដំណើរទៅប្រជុំនៅប្រទេសសៀមនេះមាន២ក្រុមផ្សេងគ្នា មួយក្រុមចូលរួមប្រជុំផ្នែកសភាពាណិជ្ជកម្មរវាងខេត្តបី គឺបន្ទាយមានជ័យ សៀមរាបរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ។ ចំណែកមួយក្រុមទៀតចូលរួមប្រជុំបីខេត្ត គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវ។ របៀបវារៈនៃកិច្ចប្រជុំមិនត្រូវគេប្រាប់ឱ្យដឹងទេ ប៉ុន្តែលោកវរសេនីយ៍ឯកសេក សាម៉ន មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបង្ហើបឱ្យដឹងថា ការអញ្ជើញភាគីកម្ពុជាទាំង២ខេត្តទៅចូលរួមប្រជុំនៅប្រទេសថៃនោះ គឺនិយាយអំពីការលើកស្ទួយសម្ព័ន្ធភាព ការយោគយល់ល្អជាមួយប្រទេសជិតខាងកម្ពុជា-ថៃ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការខេត្តទាំងបីដែលមានព្រំប្រទល់ជាប់គ្នា បន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវ។
លោកវរសេនីយ៍ឯករូបនេះបន្តថា ក្នុងជំនួបប្រជុំនេះក៏នឹងលើកយកមកពិភាក្សាពីការបើកច្រកស្ទឹងបត់ និងសិក្សាពីច្រកអូរបីជាន់ផងដែរ។ ចំណែកឯកិច្ចប្រជុំសភាពាណិជ្ជកម្មត្រូវបានមន្ត្រីកម្ពុជាបង្ហើបឱ្យដឹងថា អាជ្ញាធរខេត្តទាំងបីបន្ទាយមានជ័យ សៀមរាប និងស្រះកែវលើកមកពិភាក្សាលើការងាររោងចក្រ សហគ្រាស គ្រឿងបរិក្ខារ ខ្នាតតូចធំ និងសំណង់ដែលត្រូវផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងគ្នាឱ្យកាន់តែល្អទៅអនាគត។
សម្រាប់ការប្រជុំសភាពាណិជ្ជកម្មនេះត្រូវមន្ត្រីកម្ពុជាប្រាប់ថា មានរយៈពេល២ថ្ងៃមកហើយ គឺតាំងពីថ្ងៃទី១៩ កក្កដា មកម្ល៉េះ។ តាមមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនបញ្ជាក់ថា ក្រោយចប់ការប្រជុំទាំង២ផ្នែកនោះនៅថ្ងៃទី២១ កក្កដា មានការប្រកួតទាត់បាល់ជាមិត្តភាពរវាងភាគីទាំង២ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អនឹងគ្នា ៕
ចែករំលែកព័តមាននេះ