សហគមន៍មនុស្សសក់ក្រហមបានចូលរួមប្រារព្ធពិធីបុណ្យប្រពៃណី «មនុស្សសក់ក្រហម» នៅទីក្រុងប្រេដា ភាគខាងត្បូងប្រទេសហុល្លង់ កាលពីថ្ងៃអាទិត្យ ទី៥ កញ្ញា កន្លងមក ។ ប្រជាជនទូទៅដែលមានសក់ក្រហមបានចូលរួមប្រារព្ធពិធីបុណ្យនេះអស់រយៈពេល៥ឆ្នាំ មកហើយ គិតទាំងឆ្នាំនេះ ដែលអ្នកចូលរួមត្រូវស្លៀកពាក់ឈុតពណ៌ស និងមានសក់ក្រហមពីធម្មជាតិ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រពៃណីខាងលើ មិនបានផ្តល់សារសំខាន់តែទៅលើពណ៌សក់ របស់អ្នកចូលរួមនោះទេ ប៉ុន្តែគឺអ្វីៗគ្រប់យ៉ាង ដែលមានពណ៌ក្រហម និងមានកិច្ចការជាច្រើនឱ្យអ្នកចូលរួមមានភាពសប្បាយរីករាយ ដូចជាការថតរូប និងការដើរបង្ហាញម៉ូដជាដើម ។ ក្រៅពីនេះក៏មានការប្រគំតន្ត្រី និងការរៀបចំពិធីដើរកំសាន្តជាក្រុមផងដែរ ។ ពិធីបុណ្យដែលមានលក្ខណៈជាប្រពៃណីនេះបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៥ ដោយក្នុងខណៈពេលដែលលោកបាត រ៉ូវើហស់ វិចិត្រករជនជាតិហុល្លង់ត្រូវការគូររូបមនុស្សសក់ក្រហមចំនួន១៥នាក់ ស្រាប់តែមានតារាម៉ូដសក់ក្រហមដល់ទៅ១៥០នាក់មកចូលរួមដោយក្តីអំណរទៀតផង ។
ពិធីបុណ្យខាងលើមានមនុស្សសក់ក្រហមចាប់អារម្មណ៍ចូលរួមកើនឡើងជាបន្តបន្ទាប់ ដែលកាលពីឆ្នាំមុនមានអ្នកចូលរួមច្រើនជាង៤.០០០នាក់ ប៉ុន្តែក្នុងឆ្នាំ២០១០ គ្មានតួលេខណាមួយបញ្ជាក់ឱ្យបានច្បាស់ពីចំនួនមនុស្សសក់ក្រហមដែលបានចូលរួមឡើយ ៕



ចែករំលែកព័តមាននេះ