ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីដ៏កម្សត់ម្នាក់ ព្រោះតែជីវភាពក្រីក្រ ត្រូវឪពុកម្តាយនាំយកមកឱ្យស៊ីឈ្នួលគេប្រៀបដូចជាឱ្យនាងមកទទួលទារុណកម្មទាំងភ្នែកស្រស់ ដោយត្រូវថៅកែស្រីចិត្តអប្រិយកំណាចឃោរឃៅវាយធ្វើបាបរបួសសព្វសាច់ ហើយត្រូវបានកងកម្លាំងប៉េអឹម និងប៉ូលិសជួយអន្តរាគមន៍ចាប់ស្រីកំណាចរូបនោះយកទៅបញ្ជាការដ្ឋានប៉េអឹមខេត្ត ចំណែកក្មេងស្រីក៏ត្រូវអង្គការជួយស្ត្រីមានវិបត្តិ (CWCC) យកទៅរក្សាថែទាំនៅមណ្ឌល។ អំពើដ៏ឃោរឃៅរបស់ថៅកែស្រីទៅលើអ្នកបម្រើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១១ នៅតូបលេខ៤ ផ្សារចំការគ ហៅផ្សារថ្មី ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
តាមសំដីរៀបរាប់របស់ក្មេងស្រីនៅក្នុងមណ្ឌល CWCC បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា នាងឈ្មោះ សៀង ដា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានមករស់នៅស៊ីឈ្នួលថៅកែស្រីចិត្តយក្សនេះ រយៈពេល៣ឆ្នាំហើយ ដោយក្នុងមួយខែបានប្រាក់កម្រៃ១៨០.០០០រៀល ។ ក្មេងស្រីដ៏កម្សត់រូបនេះបានបន្តដោយទឹកមុខក្រៀមក្រំថា ជារៀងរាល់ថ្ងៃឱ្យតែថៅកែស្រីអមនុស្សធម៌រូបនេះមិនសប្បាយចិត្ត គឺតែងតែវាយធ្វើបាបនាង មិនថាគេកាន់អ្វីនឹងដៃទេ គេត្រូវវាយគឺគេវាយធ្វើទារុណកម្មនាងរហូតរបួសសុសសាច់ ។
អ្នកជិតខាងដែលបានឃើញ ហេតុការណ៍នេះតែងតែលាន់មាត់អាណិតអាសូររូបនាង ប៉ុន្តែពួកគាត់មិនអាចជួយនាងបាន ។ ជាក់ស្តែង នៅវេលាម៉ោង១រសៀលថ្ងៃទី១៥ មិថុនា ឆ្នាំ២០១១ ថៅកែស្រីចិត្តអប្រិយនេះបានយកសរសៃដែកមកវាយរូបនាងយ៉ាងខ្លាំង ហើយអ៊ំស្រីអ្នកជិតខាងឃើញដូចជាពិបាកភ្នែកពេក ក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ូលិស និងប៉េអឹម ហើយថៅកែស្រីនោះបានយកនាងទៅលាក់ទុកនៅលើឡៅតឿ លុះក្រោយមកទើបសមត្ថកិច្ចរកនាងឃើញ។ ក្មេងស្រីអភ័ព្វរូបនេះបានបញ្ជាក់ថា ថៅកែស្រីនេះឈ្មោះឡោ ស្រី អាយុ៣៦ឆ្នាំជាស្ត្រីមេម៉ាយ មានមុខរបរលក់ស៊ីឌី ម៉ាញ៉េ និងទូរទស្សន៍ ស្នាក់នៅតូបលក់ដូរក្នុងផ្សារ ។
ទាក់ទិននឹងអំពើហិង្សាដែលថៅកែស្រីវាយធ្វើទារុណកម្មទៅលើអ្នកមប្រើនេះ ក្រុមអាជីវករលក់ដូរក្នុងផ្សារចំការគ ហៅផ្សារថ្មី ពួកគាត់មានការខឹងសម្បា និងរិះគន់យ៉ាងខ្លាំងៗហើយសុំឱ្យច្បាប់ដាក់ទោសស្ត្រីកំណាចរូបនោះឱ្យបានធ្ងន់ធ្ងរជាទីបំផុត ដើម្បីឱ្យរាងចាល និងឱ្យសមនឹងទង្វើរបស់ខ្លួនដែលប្រព្រឹត្តទៅលើអ្នកក្រីក្រស៊ីឈ្នួលបម្រើ ហើយវាយធ្វើបាបទៀត ។ ម្យ៉ាងទៀត នេះក៏ជាគំរូសម្រាប់ជនកំណាចដទៃទៀតដែរ ដែលត្រូវតែបោះបង់ចោលប្រសិនបើខ្លួនពុំទាន់បានទទួលកម្មពៀរ ព្រោះនេះជាទង្វើអមនុស្សធម៌ និងរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរមិនអាចអត់អោនឱ្យបានឡើយ ៕
ចែករំលែកព័តមាននេះ