ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​​បង្ក្រាប​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន-តៃ​វ៉ាន់​​​​៦ប្រទេស ​សម្រាប់​កម្ពុជា​​​​​៣​ខេត្ត-​រាជធានី ឃាត់ខ្លួន​​​២០៥នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​យោ​ងតាម​​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​​ឱ្យ​​ដឹង​ថា ថ្ងៃទី​៩ មិថុនា ២០១១ ប្រទេស​​៦​ក្នុង​តំបន់​​អាស៊ាន និងអាស៊ី បានបើក​ប្រតិបត្តិ​ការ​ខ្យល់​ព្យុះ​​រួមគ្នា​​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​​ឆ្លងដែន គឺ​ប្រទេស​កម្ពុជា​ វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី​ និង​ចិន​។ សម្រាប់​ប្រទេស​កម្ពុជា​​ក្នុង​រាជ​ធានី​ភ្នំពេញ សមត្ថ​កិច្ច​​ចម្រុះ​មាន​មន្ត្រី​​​

បំបែក​សំបុក​​ឧក្រិដ្ឋជន​​ឆ្លង​ដែន​ចិន​ ជា​​ក្រុម​​ជំរិត​​ទារប្រាក់​​តាម​​ប្រព័ន្ធ​​ទូរគមនាគមន៍​​អន្តរជាតិ

រាជធានីភ្នំពេញ​​ ៖ ​យោ​ងតាម​​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​​ឱ្យ​​ដឹង​ថា ថ្ងៃទី​៩ មិថុនា ២០១១ ប្រទេស​​៦​ក្នុង​តំបន់​​អាស៊ាន និងអាស៊ី បានបើក​ប្រតិបត្តិ​ការ​ខ្យល់​ព្យុះ​​រួមគ្នា​​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​​ឆ្លងដែន គឺ​ប្រទេស​កម្ពុជា​ វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី​ និង​ចិន​។ សម្រាប់​ប្រទេស​កម្ពុជា​​ក្នុង​រាជ​ធានី​ភ្នំពេញ សមត្ថ​កិច្ច​​ចម្រុះ​មាន​មន្ត្រី​​​តុលាការ ​​​ប៉ូលិស​សន្តិសុខផ្ទៃ​ក្នុង​​ក្រសួង​មហាផ្ទៃ​ ប៉េអឹម ​​អាជ្ញា​​ធរ​​មូលដ្ឋាន និងប៉ូលិស​​អាំង​ទែរ​ប៉ូល បាន​បើ​កប្រតិ​បត្តិ​ការ​​​​​​ឆែក​ឆេរ​លំនៅឋាន​​ជនជាតិ​ចិនដីគោក និង​​​តៃ​វ៉ាន់​ជា​ច្រើន​កន្លែង​​ដែល​​​​យ៉ាងហោចណាស់​​​១៤​​កន្លែង ​និង​ឃាត់ខ្លួន​​មនុស្ស​​៥៩​នាក់ ​​ពាក់ព័ន្ធ​នឹង​បទល្មើស​​​​​ចាប់​ជំរិត​​ ឆបោក​អន្តរជាតិ និងបន្លំ​លួច​ប្រាក់​ពីធនាគារ​ដោយ​ប្រើ​​​ទំនាក់ទំនង​តាម​​ប្រព័ន្ធ​អុីន​ធើរណេត និង​​សារ​អេឡិចត្រូនិក ។

ប្រតិបត្តិការ​នេះ​​បានធ្វើឡើង​​កាល​ពីវេលា​ម៉ោង​​​ជាង​៨ព្រឹក​ថ្ងៃទី​៩ មិថុនា ​​២០១១ ដែល​នៅ​ក្នុង​​ដីកា​របស់​​​តុលាការ​​​បាន​បង្ហាញ​ថា មាន​ជន​​​​ជាតិ​​ចិនស្នាក់នៅ​​មិនប្រក្រតី​ជាប់សង្ស័យ​​​បទល្មើស​​ចាប់ជំរិតចំនួន​​១៤​កន្លែង​ ក្នុង​​រាជធានី​​ភ្នំពេញ ​ដូច្នេះ​​​សូមសមត្ថកិច្ច​​​ពាក់​ព័ន្ធ​​​ អាជ្ញាធរ​មូលដ្ឋាន​​ចូលរួម​សហការ​​ឱ្យមាន​ប្រសិទ្ធ​ភាព ។ ជាក់ស្តែង​​​ សមត្ថកិច្ច​​​ចម្រុះ​បានធ្វើការ​​ឆែក​ឆេរ​​លំនៅឋាន​​២​កន្លែង ​គឺផ្ទះ​លេខ​២៥៦ និង​១១៧ ស្ថិត​ក្នុង​ភូមិ​ព្រែកលៀប ​សង្កាត់​ព្រែក​លៀប ​​ខណ្ឌឫស្សីកែវ ​ឃាត់​ខ្លួនមនុស្ស​​៣០​នាក់ គឺ​​ជន​ជាតិ​ចិន​​២៥នាក់ ក្នុងនោះ​ប្រុស​​​២១នាក់ ស្រី​​៤នាក់ និង​ជនជាតិខ្មែរ​​​៥​នាក់ ជា​​សន្តិសុខ​​ការ​ពារផ្ទះ និងការពារ​​ពួក​ចិន ក្នុងនោះ​​មានស្រី​​ចុង​ភៅ​ម្នាក់ ។ សមត្ថកិច្ច​​បានដក​ហូត​​កាំភ្លើង​​ខ្លីម៉ាក​​ឡុក​២ដើម ​និង​សម្ភារ​​ផ្សេងៗ​មួយ​ចំនួនទៀត ។ ខណ្ឌ​​ទួលគោក​ចំនួន​៨​កន្លែង គឺ​សង្កាត់​បឹង​កក់ទី​១ ចំនួន​​៣​កន្លែង ជាពិសេស​​ផ្ទះលេខ​​៤៤ ផ្លូវ​លេខ​​​៦០៨ ឃាត់ខ្លួន​​មនុស្ស​​២៣នាក់ ក្នុងនោះ​ស្រី​​​១០​នាក់ ។ ​​សង្កាត់បឹង​កក់​ទី​២ ចំនួន​​​៥​កន្លែង ជា​​ពិសេស​​ក្នុងខុនដូ​ឌីខេសល អគារ​លេខ​​២៣ បន្ទប់លេខ​​៧០៥ ជាន់ទី​​៧ តាមផ្លូវ​​លេខ​​៣១៥ ឃាត់ខ្លួន​មនុស្ស​​៦នាក់ ក្នុង​​នោះមាន​ជនជាតិវៀ​ត​ណាម​១នាក់។

នៅខណ្ឌ​ចំការ​មន​​ឆែកឆេរ៤​កន្លែង​ គឺក្នុង​សង្កាត់​​ទួលស្វាយព្រៃ​​​ទី​១ ​ចំនួន​២​​កន្លែង ​សង្កាត់​ទន្លេ​បាសាក់​១​កន្លែង និងសង្កាត់​​​អូឡាំពិក​​១​កន្លែង ​ប៉ុន្តែមិន​​​មានឃាត់​ខ្លួន​​មនុស្ស​ទេ ​ដោយ​សារ​ផ្ទះទាំង​​នោះចាក់​​សោ​ចោល​ រីឯ​មនុស្ស​​ដែល​គេ​រំពឹង​ថា ​សុទ្ធតែ​​ជា​ជន​​ជាតិ​ចិននោះ ​​បានគេច​​​ខ្លួន​បាត់​អស់ទៅហើយ។

ដោយឡែក ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ ឯណោះ​វិញ សមត្ថកិច្ច​​ប៉ូលិស​​​ដឹកនាំ​ដោយ​លោក​តាក វណ្ណថា ​ស្នងការ​​នគរបាល​​ខេត្ត​​ព្រះ​សីហនុ ​​​សហការ​ជាមួយ​លោកប៊ូ ​ប៊ុន​ហាង ​​ព្រះរាជអាជ្ញា​​សាលា​ដំបូង​​​ខេត្តព្រះ​សីហនុ ​ប៉ូលិស​អាំងទែរ​ប៉ូល និង​ប៉ូលិស​សន្តិសុខ​​ផ្ទៃ​ក្នុង​ក្រសួង​មហា​ផ្ទៃ​​បាន​ចុះ​​ឆែកឆេរ និង​ឃាត់​ខ្លួនជន​ជាតិចិន​ចំនួន​​៣៨​នាក់ ក្នុងនោះ​​​ស្រី​​៧នាក់ ​​មាន​ចិន​ដីគោក​ និង​ចិនតៃ​វ៉ាន់​​​ ​នៅលើទីតាំង​៣កន្លែង​គឺ​​ក្នុង​​ផ្ទះ​សំណាក់ងី ឆែ ​ស្ថិតក្នុងក្រុម​​​១៥ ភូមិ​​២ សង្កាត់​​​​លេខ​​៤ ក្រុងព្រះ​សីហនុ១​កន្លែង ហើយ​មួយ​​កន្លែងទៀត​​នៅ​ផ្ទះ​ជួល​ក្បែរ​នោះ​ និងមួយ​កន្លែង​ទៀត​​នៅឆ្ងាយ​​ពីគ្នា​បន្តិច​។

ការចុះ​​ឆែកឆេរ​​​ជាលក្ខណៈ​ទ្រង់ទ្រាយ​​​ធំ​នេះ​បានធ្វើឡើង​កាលពីវេលាម៉ោង​​ជាង​៨​ព្រឹក ថ្ងៃទី​៩ មិថុនា ​២០១១ ​មាន​​៣​ទីតាំង​​​ស្ថិតក្នុង​សង្កាត់​​​៤ ​ក្រុង​ព្រះសីហនុ ​គឺ​​ផ្ទះសំណាក់​ងី​ ឆែ មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​​​១៥ ភូមិ​​២ សង្កាត់​​​លេខ​៤ ​ហើយ​នៅ​ផ្ទះ​​​ជួល​ក្បែរ​គ្នា​នោះ​ មួយ​កន្លែង​ និង​ក្នុង​​​ក្រុម​​​២៤ ភូមិ​​​៥ ​សង្កាត់​​លេខ​៤ ​​មួយ​កន្លែង​ទៀត​ ។ ជាលទ្ធ​ផល​​ជំហាន​​​ដំបូង​សមត្ថកិច្ច​​ឆែក​ឆេរ​​​​២​ទីតាំង​​នៅ​ក្បែរ​គ្នា ​​ឃាត់ខ្លួន​​បាន​​ជន​ជាតិ​ចិន​​​​៣០នាក់ ​​គឺ​ក្នុង​ផ្ទះសំណាក់​​​ងី ឆែ ​ចំនួន​​​២៨​នាក់ និង​នៅ​ផ្ទះ​ជួល​​ក្បែរ​​​​នោះ​ចំនួន​​២​នាក់ ។

មក​​ដល់​​វេលា​ម៉ោង​​​១២​និង​១៥នាទី​ថ្ងៃ​​ដដែល​ ​សមត្ថកិច្ច​​បាន​បន្តឆែក​ឆេរ​មួយ​កន្លែង​​ទៀតគឺ​​​​ជា​កន្លែង​​ទី​​៣ ស្ថិត​ក្នុងក្រុម​២៤ ភូមិ​​៥ សង្កាត់​លេខ​៤ ឃាត់​​ខ្លួន​ជនជាតិ​​ចិន​ចំនួន​៨​
នាក់​ ។ ​​​ជា​បន្ត​​មកទៀត សមត្ថកិច្ច​ចម្រុះ​ដដែល​បានចូលធ្វើ​ការ​ឆែកឆេរ​ក្នុង​សណ្ឋាគារ​គ្រីស្តាល់​ស្ថិត​ក្នុង​ក្រុម​​​១៧ ភូមិ​​៤ សង្កាត់​​លេខ​​៤ កាលពី​វេលា​​ម៉ោង​​៣​និង​​៥០នាទី ឃាត់ខ្លួន​ជន​ជាតិចិន​ដីគោក និង​តៃ​វ៉ាន់២០​នាក់​ ក្នុងនោះ​​មានស្រី​​៤នាក់ ។ តាម​ប្រភព​ព័ត៌មាន​ថា មុនពេល​សមត្ថ​កិច្ច​មកដល់​សណ្ឋាគារ​​នេះគឺមានជនជាតិ​ចិន​​២៥​នាក់ បាន​នាំគ្នា​​ជិះ​រថយន្ត​​​ក្រុង​ចាកចេញ​​ផុត​បាត់ទៅ​ហើយ​ ប៉ុន្តែ​​ត្រូវបាន​សមត្ថកិច្ច​​ចាប់​បាន​វិញនៅលើ​កំណាត់ផ្លូវជាតិ​​លេខ​​៤ ជិត​ដល់​កន្លែង​​ជញ្ជីង​ថ្លឹង​រថយន្ត​ទី​២ ស្ថិតក្នុង​​ស្រុក​កំពង់សិលា នា​វាលាម៉ោង​​៤​និង​​៣០នាទី​ថ្ងៃដដែល។
ចំណែក​ខេត្ត​ស្វាយរៀង​ក៏មិនធម្ម​តា​ដែរ គឺ ​​សមត្ថកិច្ច​​​ចម្រុះដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​​ប្រាជ្ញ ​រឹម ស្នង​ការ​ប៉ូលិស​ខេត្ត ​សហការជា​មួយ​មន្ត្រី​តុលាការ ​ប៉េអឹម ​ប៉ូលិស​អាំង​ទែរ​ប៉ូល និង​​ប៉ូលិស​​សន្តិសុខ​​ផ្ទៃ​ក្នុង​ក្រសួងមហា​ផ្ទៃ​​​បានធ្វើការ​ចូលឆែកឆេរ​​កាស៊ីណូ​សាន់ស៊ីធី ​ស្ថិត​ក្នុង​​សង្កាត់​បាវិត ក្រុង​បាវិត ​​កាលពីវេលា​ម៉ោង​​​ជាង​៨ព្រឹក ​ថ្ងៃទី​​៩ មិថុនា ​២០១១ ​ឃាត់​ខ្លួន​​ជនជាតិ​ចិន​ដី​គោក និង​​ជនជាតិតៃ​វ៉ាន់ចំនួន​​៦៣​នាក់ ​​ក្នុងនោះ​ស្រី​​​១៦​នាក់ ។​
តាម​​ព័ត៌​មាន​​​ដែល​​​លេច​ឮ​ដោយ​សម្ងាត់​​​ថា ការ​ឃាត់​ខ្លួន​ជន​ជាតិចិន​ទ្រង់ទ្រាយ​ធំ​នេះ​គឺ​ធ្វើ​​ឡើង​​​តាមបណ្តឹង​របស់​​ប្រទេសចិន ព្រោះ​ក្រុម​​​ជន​ជាតិចិនទាំង​នោះ​​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​​​​កម្ម​​​ឆ្លង​ដែន គឺ​ជម្រិតទារប្រាក់​​ ​បន្លំ​លួច​ប្រាក់​ពី​ធនាគារ និងប្រើ​កល​​ល្បិច​បោក​ប្រាស់​ជា​អន្តរ​ជាតិ​​​តាម​​ប្រព័ន្ធ​​អុីន​ធើរ​​ណេត​។ ប្រភព​​ដដែល​បាន​បន្ត​ទៀតថា ​នៅក្នុង​បន្ទប់​នីមួយៗ ​របស់ជន​​ជាតិចិន​​​ទាំង​នោះ​​ គឺបំពាក់​ដោយ​ប្រព័ន្ធ​​​ព័ត៌​មាន​វិទ្យា ដោយមានឡែប​ថប​គ្រប់​ៗ​​គ្នា ​​ដើម្បី​ទំនាក់​ទំនង​​ពីបន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ ឬ​ភ្ជាប់​​ទៅ​កាន់​តំបន់​ផ្សេងៗ និង​​ប្រើ​​ទូរស័ព្ទ​​​ដាច់​ដោយ​ឡែក ​​មិន​ប្រើ​​ទូរស័ព្ទ​​របស់​ផ្ទះ​សំណាក់​ទេ ។​ សរុប​​ការ​ឃាត់ខ្លួន​ជន​ជាតិចិន និង​តៃវ៉ាន់​​ទាំង​​៣ខេត្ត​-រាជ​ធានី នា​ពេលនេះ​​មាន​ចំនួន២០៥នាក់ ​ប៉ុន្តែ​គឺ​​ជា​ចំនួន​​បណ្តោះអាសន្ន​​ប៉ុណ្ណោះ ព្រោះសមត្ថកិច្ច​​នៅ​​ធ្វើការ​​ឆែក​ឆេរ​​បន្តទៀត​។

អ្នក​នាំ​​ពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​​​លោកគៀត ​ចន្ថារិទ្ធិ ​បាន​ប្រាប់​​កោះ​សន្តិភាព​​​ថា ​ប្រតិបត្តិការ​​នេះនឹង​​បន្ត​ធ្វើ​​​ជា​បន្តទៀត ហើយ​ថា ​ជនជាតិចិន​​ទាំងនេះ​បានធ្វើ​សកម្មភាពចាប់ជម្រិត ឬ​ឆបោក​​ដោយ​ប្រើ​​ប្រព័ន្ធ​អុីន​ធើរ​ណេត និងសា​រអេឡិចត្រូនិក៕