ខេត្តស្ទឹងត្រែង ៖ ការដឹកជញ្ជូនឈើល្មើសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ តែងតែកើតមានជារៀងរាល់ថ្ងៃ ឆ្លងកាត់តាមស្រុកនេះមានភាពងាយស្រួលបំផុត ដោយសារជាតំបន់អំណោយផលសម្រាប់ឱ្យឈ្មួញដឹកជញ្ជូនបានតាមចិត្ត ព្រោះមានផ្លូវទឹក និងផ្លូវគោក ។
រីឯសមត្ថកិច្ចនៅតែធ្វើការបង្ក្រាបជាបន្តបន្ទាប់ ជាក់ស្តែងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១ មិថុនា ឆ្នាំ២០១១ កម្លាំងជំនាញរដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ បានចុះពិនិត្យតាមផ្លូវមួយចំនួនក្នុងស្រុក បំណងចង់ដឹងថា មានការដឹកឈើល្មើសច្បាប់ដែរ ឬអត់។ ស្របពេលជាមួយគ្នានោះ ស្រាប់តែគោយន្តកន្ត្រៃមួយគ្រឿងដឹកតុមូលពាក់កណ្តាលសម្រេចចេញមកពីភូមិឈ្វាំង ឃុំសំអាងត្រូវកម្លាំងជំនាញចាប់ឃាត់ និងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់។
តាមព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានឱ្យដឹងថា បន្ទាប់ពីមានការចាប់ឈើនេះភ្លាម ម្ចាស់ឈើបានមកសុំសម្រួល ដោយសារតុមូលពាក់កណ្តាលសម្រេចនេះ មិនមែនយកទៅលក់នោះទេ គឺយកទៅប្រើប្រាស់ក្នុងផ្ទះតែប៉ុណ្ណោះ ។
ប្រភពបានបន្តថា ទោះជាម្ចាស់ឈើមកសម្រួលយ៉ាងណាក្តី កម្លាំងជំនាញនៅតែនាំយកតុមូលទាំងនោះទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើដដែលដោយបញ្ជាក់ថា នៅពេលដែលចាប់បានបទល្មើសឈើម្តងៗ អ្នករត់ការណ៍តែងតែថា មិនមែនយកទៅលក់ទេ គឺយកទុកធ្វើគ្រឿងសង្ហារិមនៅផ្ទះ ហើយការត្អូញត្អែររបស់ម្ចាស់ឈើ ជាល្បិចឆបោកដើម្បីសុំរួចខ្លួនពីការផាកពិន័យ ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំយកវត្ថុតាងជាឈើតុមូល គោយន្តកន្ត្រៃ និងម្ចាស់ឈើទៅផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ដើម្បីធ្វើកំណត់ហេតុតាមច្បាប់ឱ្យផាកពិន័យអន្តរកាល ៕
ចែករំលែកព័តមាននេះ