ខេត្តកំពង់ឆ្នាំង ៖ ផ្ទះតូចធំចំនួន១៨ខ្នង ត្រូវបានខ្យល់ព្យុះបោកបក់បណ្តាលឱ្យខ្លះរលំ ខ្លះហក់ធ្លាក់ពីលើជើងតាងអុកបាក់ខ្ទេចទាំងស្រុង ខ្លះរបើកដំបូលនិងមានដើមឈើរួមទាំងដើមត្នោតផង ក៏រលំបាក់ដល់ដីដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១ មិថុនា នៅក្នុងភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
លោកជា ស៊ត មេភូមិត្រពាំងសំរោងបាននិយាយឱ្យដឹងថា លំនៅឋានដែលបាក់រលំទាំងស្រុងមាន២ខ្នង មួយខ្នងមានម្ចាស់ឈ្មោះសេង ភុន អាយុ៤៥ឆ្នាំ និងមួយខ្នងទៀតជារបស់ឈ្មោះកែវ ចិន្តា អាយុ៣០ឆ្នាំ ។ ក្រៅពីផ្ទះ២ខ្នងរលំបាក់ទាំងស្រុងនេះ មានផ្ទះ២ខ្នងទៀត គឺរបើកប៉ើងដំបូងស័ង្កសីទាំងស្រុង និងផ្ទះ១៤ខ្នង ទៀត ខ្លះរបើកប៉ើងដំបូលក្បឿង ដោយអន្លើ ខ្លះដំបូលស័ង្កសី ខ្លះដួលគ្រេចចេញពីសសរថ្ម។ ចំណែកដើមអាកាស្យាជាច្រើនដើមបានបាក់ដាច់រាបដល់ដី ដើមក្រសាំង ដើមគ ដើមត្នោត និងដើមដូងខ្លះទៀត ក៏បាក់និងរលំពេញភូមិផងដែរ ។ លោកបញ្ជាក់ថា សំណាងណាស់ មិនមានមនុស្ស ឬសត្វស្លាប់ ឬរបួសក្នុងហេតុការណ៍នោះទេ ។
បុរសឈ្មោះសេង ធុន អាយុ៤៥ឆ្នាំដែលផ្ទះ គាត់នៅខាងលិចភូមិគេបង្អស់បាននិយាយថា ពេលមេឃភ្លៀងខ្មៅងងឹត មានខ្យល់បោកបក់យ៉ាងខ្លាំងពីទិសខាងត្បូង ។ ភ្លាមនោះគាត់មិនទុកចិត្ត ក៏នាំកូនរត់ទៅជ្រកនឹងផ្ទះថ្មខូចនៅខាងជើងផ្ទះគាត់ បានបន្តិចស្រាប់តែព្យុះបានវាយចំផ្ទះគាត់បណ្តាលឱ្យប៉ើងហោះចេញពីសសរថ្ម (សសរបណ្តើត) មកបោកផ្ទប់ និងដើមដូងមុខផ្ទះ បណ្តាលឱ្យបាក់ដើមដូង ហើយផ្ទះគាត់បានធ្លាក់ចំកណ្តាលថ្នល់បាក់ខ្ទេចទាំងស្រុង ។
លោកប៉េង លន មេឃុំលង្វែកមានប្រសាសន៍ថា ខ្យល់ព្យុះនេះមានរយៈពេលប្រហែល៥នាទី មានមុខខ្យល់ប្រហែល១គីឡូម៉ែត្រ បោកបក់ពីទិសខាងជើង ទៅត្បូង ប៉ះចំ ភូមិត្រពាំងសំរោង ដែលជាភូមិ ស្ថិតនៅតាមបណ្តោយផ្លូវលំចម្ងាយប្រមាណ២គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ។ គ្រោះធម្មជាតិរដូវវស្សាតែងកើតមាន ៕
ចែករំលែកព័តមាននេះ