ខេត្តតាកែវ ៖ យុវជនម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស៥នាក់ទៀតរងរបួសធ្ងន់ត្រូវអ្នកភូមិនាំគ្នាបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយសារចរន្តអគ្គិសនីឆក់ពេលនាំគ្នាទាញតំរង់បង្គោលភ្លើងដែលទ្រេតជិតរលំ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២ មិថុនា វេលាម៉ោង១១ព្រឹកនៅភូមិប្ញស្សី សង្កាត់បារាយណ៍ក្រុងដូនកែវ ។
លោកង៉ែត វណ្ណៈ នាយប៉ុសិ៍្តរដ្ឋបាលសង្កាត់ បារាយណ៍ឱ្យដឹងថា អ្នកស្លាប់ឈ្មោះឡុង ដារ៉ូ អាយុ២០ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យជា ស៊ីម តាកែវ បានស្លាប់ភ្លាមនៅនឹងកន្លែង ឯអ្នករបួសធ្ងន់ទាំង៥នាក់នោះមាន១-ឈ្មោះហ៊ូយ សុធា អាយុ១៧ឆ្នាំ ២-ឈ្មោះសុន ជា អាយុ៣១ឆ្នាំ ៣-ឈ្មោះជី ស៊ុង អាយុ៥៧ឆ្នាំ ៤-ឈ្មោះទុយ ចំរើន អាយុ២១ឆ្នាំ ៥-ឈ្មោះសោ ភា អាយុ៣៥ឆ្នាំ អ្នកទាំងអស់រស់នៅភូមិប្ញស្សីជាមួយគ្នា។ អ្នករបួសទាំងនោះត្រូវអ្នកភូមិដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកនាយសង្កាត់បន្តទៀតថា ដោយឃើញបង្គោលភ្លើងដែលធ្វើពីដើមប្រេងខ្យល់ ដើម្បីចែកចាយភ្លើងទៅតាមផ្ទះប្រជាពលរដ្ឋ ជិតរលំ ដោយសារដីជ្រាយបន្ទាប់ពីភ្លៀងធ្លាក់នោះ ជនរងគ្រោះទាំង៦នាក់ បបួលគ្នាយកខ្សែភ្លើងមានស្រោមប្រវែង២០ម៉ែត្រ ទាក់ទាញបង្គោល នោះឱ្យត្រង់វិញ ។ ចំពោះយុវជនដែលស្លាប់នោះទៅជួយក្រោយគេ ព្រោះទើបវិលត្រឡប់មកពីរៀន។ ជាអកុសលដោយសារខ្សែភ្លើងដែលទាក់តំរង់បង្គោលនោះរលាត់ដាច់ស្រោមធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់ពួកគេបណ្តាលឱ្យស្លាប់ និងរបួសដេកដួលរដូករណែល ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្ញស្សីបាននិយាយរិះគន់ក្រុមអ្នកតបណ្តាញអគ្គិសនី ខេត្តថា ខ្វះបច្ចេកទេសក្នុងការតបណ្តាញខ្សែភ្លើងដោយបោះបង្គោលភ្លើងមិនបានត្រឹមត្រូវទើបធ្វើឱ្យកូនចៅរបស់ពួកគាត់រងគ្រោះថ្នាក់បែបនេះ ៕
ចែករំលែកព័តមាននេះ