ក្រុងប៉ោយប៉ែត ៖ ជម្លោះរឿងដើរឆ្លងស្ពានកាត់អូរព្រំដែនតាមច្រករបៀងទៅមកទឹកដីសៀមរវាងភាគីម្ខាងជាបុរសនិងម្ខាងទៀតជាស្ត្រី ព្រោះតែចង់ឈ្នះរៀងខ្លួនក្លាយជាហិង្សាបណ្តាលឱ្យភាគីខាងបុរសរបួសធ្ងន់ និងចោទថា ប្តីនិងឪពុកភាគីខាងស្ត្រីព្រួតវាយធ្វើបាប កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១ មិថុនា នៅក្បែរកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ។
បុរសរងគ្រោះឈ្មោះរស់ សុភ័ក្រ អាយុ២៧ឆ្នាំ ជាអ្នកលក់ផ្លែឈើនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ទឹកដីសៀម មានទីលំនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បុរសរងគ្រោះមានរបួសជាំនិងហើមមួយចំហៀងមុខផ្នែកខាងស្តាំ ជាំទាំងភ្នែក និងបាក់ទាំងក្តោងច្រមុះ ដោយចោទថា ប្តីនិងឪពុករបស់ស្ត្រីម្នាក់វាយធ្វើបាបនៅចំណុចកើតហេតុខាងលើ។ តាមបុរសរងគ្រោះបន្តថា មុនហេតុការណ៍កើតឡើងខ្លួនបានចេញពីកម្ពុជាក្នុងបំណងឆ្លងព្រំដែនទៅទឹកដីសៀម ដើម្បីទៅផ្សាររុងក្លឿដែលជាកន្លែងលក់ដូរ។ លុះទៅដល់ចំណុចស្ពានឆ្លងច្រករបៀងមានស្ត្រីម្នាក់ដើរឆ្លងមកពីទឹកដីសៀម ឯខ្លួនដើរឆ្លងបញ្ច្រាសគ្នាពីដីខ្មែរ ។ ដោយស្ពានតូចស្ត្រីនោះក៏សុំដើរឆ្លងមុនតែខ្លួនមិនព្រមព្រោះខ្លួនដើរបានពាក់កណ្តាលស្ពានទៅហើយ ទោះបីយ៉ាងណាខ្លួនបានដើរពិតទៅខាងឱ្យស្ត្រីនោះឆ្លង ។ បុរសខាងលើបន្តថា ពេលខ្លួនឱ្យឆ្លងនាងនោះមិនព្រមទេ គឺគេចង់ឱ្យខ្លួនថយចេញពីស្ពានសិន ទើបគេព្រមឆ្លង ។ ដោយសារឃើញការប្រកាន់ឫកបែបនេះ ខ្លួនក៏និយាយថា «ខ្លួននាងឯងថ្លៃប៉ុន្មានទៅ?» បន្ទាប់មកក៏ផ្ទុះជម្លោះជាពាក្យសម្តីគ្នាលើស្ពាន ហើយស្ត្រីនោះក៏ទូរស័ព្ទហៅឪពុកនិងប្តីមកចាប់ខ្លួន និងមិត្តភក្តិម្នាក់ទៀតវាយធ្វើបាបតែម្តង ។
បុរសខាងលើបន្តថា មិត្តភក្តិខ្លួនម្នាក់ទៀតមិនត្រូវបានគេវាយធ្ងន់ធ្ងរទេ គឺរងរបួសបន្តិចបន្តួច ហើយគេបានគេចទៅដីសៀមមុន។ បុរសរងគ្រោះប្រាប់ថា ស្ត្រីដែលផ្ទុះជម្លោះជាមួយខ្លួននោះឈ្មោះអូន ប្តីឈ្មោះចិន ជាកូនរបស់មន្ត្រីបូ៉លិសការពារព្រំដែនគោកម្នាក់ ។ ទោះបីជាបែបណា ជុំវិញបញ្ហាខាងលើនេះ លោកសួង សៅ ដែលជាមន្ត្រីប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ គ្រប់គ្រងចំណុចបន្ទាត់ព្រំដែនកើតហេតុបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ មិថុនា ថា ហេតុការណ៍ខាងលើគឺពិតជាកើតមានមែន ។ លោកបន្តថា បញ្ហាកើតឡើងនោះក៏ព្រោះតែបុរសនោះមានបំណងបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្ត្រីម្នាក់នៅលើស្ពានឆ្លងអូរព្រំដែនដែលតូចចង្អៀត ទើបកើតជាបញ្ហាបែបនេះ។ លោកប្រាប់ថា ក្រោយហេតុការណ៍កើតឡើង បុរសខាងលើបានសារភាពក្នុងកំណត់ហេតុថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពីស្ត្រីខាងលើមែន ហើយលោកបានសុំគោលការណ៍ថ្នាក់លើធ្វើការអប់រំបុរសនោះនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការមានគំនិតបែបនេះតទៅទៀត រួចហើយក៏ធ្វើការដោះលែងឱ្យគេត្រឡប់ទៅដីសៀមទាំងយប់វិញ ។
ស្ត្រីជាម្តាយរបស់បុរសរងគ្រោះឈ្មោះតែ គឹមសេង អាយុ៥០ឆ្នាំ បានប្រាប់ថា កូនគាត់ក្រោយពេលគេដោះលែងឱ្យចូលផ្សាររុងក្លឿវិញមិនហ៊ានទៅដេកនៅតូបទេ គឺទៅដេកនៅតូបគេ លុះមិត្តភក្តិកូនគាត់ទៅប្រាប់នៅវេលាពាក់កណ្តាលយប់ទើបគាត់ដឹង ។ គាត់បន្តថា ការចាប់កូនគាត់វាយធ្វើបាបទាំងដៃជាប់ខ្នោះបែបនេះ ជាអំពើអយុត្តិធម៌ណាស់ ហើយពេលនេះ ពួកគាត់កំពុងប្តឹងអង្គការសិទ្ធិមនុស្សឱ្យជួយរកយុត្តិធម៌ ៕
ចែករំលែកព័តមាននេះ