ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​​គ្រូ​ទាយ​​ស៊ីម​២​ដាក់​​ពន្ធនា​គារ​​១០ឆ្នាំ​​ពី​បទ​​រំលោ.ភ​​សេព​សន្ថវៈ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា សាលា​ដំបូង​រាជ​ធានី​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​គ្រូទាយ និង​មើល​រាសី​ម្នាក់​ដាក់​ពន្ធនា​គារ​រយៈ​ពេល​១០​ឆ្នាំ ក្រោម​​ការ​ចោទ​ប្រកាន់​​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​​នារី​​អាយុ​ក្រោម​​១៨​ឆ្នាំ​ម្នាក់ ដែល​​មាន​ជំងឺ​សរ​សៃ​ប្រសាទ។ ជន​ដែល​តុលា​ការ​​​ផ្តន្ទា​ទោស​​នេះ​ឈ្មោះ​គង់ សុខ អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា សាលា​ដំបូង​រាជ​ធានី​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​គ្រូទាយ និង​មើល​រាសី​ម្នាក់​ដាក់​ពន្ធនា​គារ​រយៈ​ពេល​១០​ឆ្នាំ ក្រោម​​ការ​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​សេព​សន្ថវៈ​​នារី​​អាយុ​ក្រោម​​១៨​ឆ្នាំ​ម្នាក់ ដែល​​មាន​ជំងឺ​សរ​សៃ​ប្រសាទ។

ជន​ដែល​តុលា​ការ​​​ផ្តន្ទា​ទោស​​នេះ​ឈ្មោះ​គង់ សុខ អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ​ជា​គ្រូ​ទាយ​និង​មើល​រាសី ដែល​​អ្នក​ស្គាល់​​ភាគ​ច្រើន​និយាយ​ថា លោក​គ្រូ​ស៊ីម​២ ឬ​លោក​គ្រូ​ប៉េដេ។ ​ការ​ប្រកាស​សាល​ក្រម​​នេះ​គឺ​មាន​លោក​ស៊ិន វិសាល ជា​ប្រធាន​ក្រុម​ប្រឹក្សា​ លោក​សួន សំណាង និង​លោក​ស្រី គឹម ដានី ចៅ​ក្រម​អម ព្រម​ទាំង​តំណាង​អយ្យ​ការ គឺ​លោក​គឺ ប៊ុណ្ណារ៉ា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០០៩ ម្តាយ​​រង​គ្រោះ​បាន​ទៅ​ផ្សារ​ហើយ​​ផ្តាំ​ផ្ញើ​លោក​គ្រូ​គង់ សុខ ឱ្យ​ជួយ​មើល​កូន​ស្រី​ម្នាក់​ដែល​​មាន​ជំងឺ​សរ​សៃ​ប្រសាទ​ខ្លាច​ក្រែង​នាង​ដើរ​ចេញ​ពី​ផ្ទះ​បាត់។ ​ពេល​ម្តាយ​ទៅ​ផ្សារ​ផុត​ ​កូន​ស្រី​ដែល​មាន​អាយុ​១៦​ឆ្នាំ​​ចេញ​ពី​ផ្ទះ​ដែរ ឃើញ​ដូច្នោះ​លោក​គ្រូ​ស៊ីម​២ បាន​ទៅ​ហៅ​នាង​ឱ្យ​ចូល​ផ្ទះ​របស់​ខ្លួន​ដើម្បី​ជួយ​មើល​ការ​ពារ​ទៅ​តាម​បណ្តាំ​ម្តាយ​នាង។

ពេល​​​​ក្មេង​ស្រី​​ចូល​ផ្ទះ​ ​គ្រូ​​ទស្សន៍​ទាយ​រូប​នេះ ​បាន​ឱ្យ​​នាង​ងូត​ទឹក​​សម្អាត​ខ្លួន និង​​ទិញ​អាហារ​ឱ្យ​នាង​​ហូប រួច​ក៏​ឱ្យ​នាង​ដេក​លើ​គ្រែ​មុខ​អាសនៈ និង​បាន​រំលោភ​នាង​។ ក្រោយ​ពី​​ធ្វើ​សកម្ម​ភាព​នោះ​ហើយ គ្រូ​ទស្សន៍​ទាយ​រូប​នេះ​បាន​គេច​ខ្លួន​បាត់​រហូត​រយៈ​ពេល​១​ឆ្នាំ គឺ​​ទាល់​តែ​មក​ដល់​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១១ ​ទើប​វិល​ចូល​ផ្ទះ​វិញ​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង និង​​បាន​ឃុំ​ខ្លួន​ចាប់​​តាំង​ពី​ពេល​នោះ​មក។ សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលា​ការ​លើក​យក​មក​​បនើក​សវនា​ការ​ជំនុំ​ជម្រះ​ទោស​នៅ​ថ្ងៃ​ទី​១២ ឧសភា ប៉ុន្តែ​ទើប​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ដោយ​សម្រេច​ផ្តន្ទា​ទោស​​ជន​ជាប់​ចោទ​ដាក់​ពន្ធនា​គារ​រយៈ​ពេល​១០​ឆ្នាំ និង​សង​ជំងឺ​ចិត្ត​ទៅ​​ជន​រង​គ្រោះ​ជា​ទឹក​ប្រាក់​ចំនួន​៤​លាន​រៀល។

សាល​ក្រម​នេះ​ត្រូវ​ជន​ជាប់​ចោទ​ជំទាស់ និង​បដិ​សេធ ហើយ​សម្រេច​ចិត្ត​ជា​មួយ​មេធាវី​ប្តឹង​​ទៅ​សាលា​ឧទ្ទរណ៍​ទៀត។ ​ការ​ដាក់​ពាក្យ​បណ្តឹង​​ជំទាស់​ទៅ​សាលា​ឧទ្ទរណ៍​នោះ តាម​ការ​អះ​អាង​​របស់​សាច់​ញាតិ​​ថា ដោយ​សារ​នៅ​ថ្ងៃ​កើត​​​ហេតុ ឈ្មោះ​គង់ សុខ មិន​បាន​នៅ​ផ្ទះ​ទេ គឺ​គេ​ទៅ​ប្រទេស​ថៃ ហើយ​រឿង​ថា មាន​គេ​ប្តឹង​ចោទ​ប្រកាន់​រំលោភ​កូន​គេ​នោះ​​ក៏​មិន​ទាំង​ដឹង​ខ្លួន​ផង លុះ​ពេល​វិល​ចូល​ស្រុក​វិញ​​ក៏​ត្រូវ​ចាប់​ខ្លួន​តែ​ម្តង។ សាច់​ញាតិ​ជន​ជាប់​ចោទ​​និយាយ​ទៀត​ថា គង់ សុខ ជា​​មនុស្ស​ចរិត​ស្រី ​ដែល​គេ​តែង​ហៅ​ថា​ប៉េដេ មិន​ចូល​ចិត្ត​​មនុស្ស​ស្រី​ទេ គេ​ស្រឡាញ់​​មនុស្ស​ប្រុស​ដូច​គ្នា ចូល​ចិត្ត​ដើរ​លេង​ទៅ​ណា​មក​ណា​ជា​មួយ​មនុស្ស​ប្រុស។

អ្នក​ច្បាប់​និយាយ​ថា បើ​ទោះ​ជា​ការ​ដោះ​សា​យ៉ាង​ណា​​ក៏​ដោយ ក៏​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​ ក៏​ដូច​ជា​តំណាង​អយ្យ​ការ​ និង​តុលា​ការ​ បាន​រក​ឃើញ​ពិត​ប្រាកដ​​នូវ​ទោស​កំហុស​របស់​ជន​ជាប់​ចោទ ទើបបាន​ជា​សាល​ក្រម​សម្រេច​ផ្តន្ទា​ទោស​ដាក់​​ពន្ធនា​គារ​ឈ្មោះ​គង់ សុខ រយៈ​ពេល​១០​ឆ្នាំ ពីបទ​រំលោភ​សេព​សន្ថវៈ​តាម​មាត្រា​២៤១ នៃ​ក្រម​ព្រហ្ម​ទណ្ឌ គឺ​មិន​អាច​មាន​សាល​ក្រម​ណា​មួយ​ដាក់​ទោស​ជន​ដែល​គ្មាន​កំហុស​នោះ​ទេ៕