ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ៣នាក់​លួច​បំពុល​សត្វ​ឆ្កែ​យក​ទៅ​លក់​ត្រូវ​អស់​លក្ខណ៍

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ជន​សង្ស័យ​៣​នាក់​ជាប់​ពាក់​ព័ន្ធ​លួច​បំពុល​សត្វ​ឆ្កែ​​អ្នក​ស្រុក​មួយ​ក្បាល​ឱ្យ​ងាប់ រួច​ដឹក​តាម​ម៉ូតូ​យក​ទៅ​​ដើរ​រក​ម៉ូយ​ទិញ​នៅ​​ម្តុំ​ផ្សារ​ដើមគ រាជ​ធានី​ភ្នំពេញ ត្រូវ​​ម្ចាស់​​តាម​ទាន់​ ​ហើយ​​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​ស្វាយ​ព្រៃ​ទី២ ឱ្យ​ចាប់​​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មេសា

ខេត្ត​កណ្តាល ៖ ជន​សង្ស័យ​៣​នាក់​ជាប់​ពាក់​ព័ន្ធ​លួច​បំពុល​សត្វ​ឆ្កែ​​អ្នក​ស្រុក​មួយ​ក្បាល​ឱ្យ​ងាប់ រួច​ដឹក​តាម​ម៉ូតូ​យក​ទៅ​​ដើរ​រក​ម៉ូយ​ទិញ​នៅ​​ម្តុំ​ផ្សារ​ដើមគ រាជ​ធានី​ភ្នំពេញ ត្រូវ​​ម្ចាស់​​តាម​ទាន់​ ​ហើយ​​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​ស្វាយ​ព្រៃ​ទី២ ឱ្យ​ចាប់​​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មេសា។

ប៉ូលិស​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ក្រោយ​ពី​ចាប់​ខ្លួន​​ រួច​បាន​ប្រគល់​​ឱ្យ​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​​សាក​សួរ។ ជន​៣​នាក់​នោះ ១-ឈ្មោះ​សុខ ចន្ទ្រា ​អាយុ​១៧​ឆ្នាំ, ២-ឈ្មោះ​អ៊ូច អុន ហៅ​ទ្រុយ អាយុ​​២៣​ឆ្នាំ និង​​៣-​ឈ្មោះ​ចក់ រដ្ឋា ហៅ​ម៉ក់ ​អាយុ​១៩​ឆ្នាំ។ អ្នក​ទាំង​៣​​រស់​នៅ​ភូមិ​ពោធិ៍​កាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ​ជា​កសិ​ករ ចំណែក​ម្ចាស់​ឆ្កែ​ឈ្មោះ​ទ្រី កំសត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​​ជា​មួយ​គ្នា។

​ពេល​ចាប់​ខ្លួន​ជន​សង្ស័យ​ ប៉ូលិស​បាន​​ដក​ហូត​វត្ថុ​តាង​​ខ្មោច​ឆ្កែ​​​ឈ្មោល​មួយ​ក្បាល​ សម្បុរ​ត្នោត និង​ម៉ូតូ​១​គ្រឿង ធុន C125 ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1A-7799 ជា​ម៉ូតូ​របស់​ជន​សង្ស័យ។ ប៉ូលិស​ឱ្យ​ដឹង​​ថា ​ជន​សង្ស័យ​​សារ​ភាព​ថា នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ មេសា ឈ្មោះ​សុខ ចន្ទ្រា បាន​យក​សាច់​ជ្រូក​អាំង​លាយ​ជា​មួយ​ថ្នាំ​បំពុល​​សត្វ​កណ្តុរ ​ដាក់​បំពុល​ឆ្កែ​នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ​ទ្រី កំសត់ នៅ​ពេល​ម្ចាស់​ផ្ទះ​​ដេក​លក់។ លុះ​​​​ក្រោយ​មក​​មាន​ឆ្កែ​មួយ​ក្បាល​ងាប់ បន្ទាប់​ពី​ស៊ី​ចំណី​ពុល​​នោះ ហើយ​សុខ ចន្ទ្រា បបួល​​បក្ស​ពួក​ឈ្មោះ​អ៊ូច អុន និង​ឈ្មោះ​ចក់ រដ្ឋា យក​​បាវ​ច្រក​ខ្មោច​ឆ្កែ ​ដឹក​​ទៅ​រាជ​ធានី​ភ្នំពេញ ម្តុំ​ផ្សារ​ដើមគ ដើម្បី​រក​ម៉ូយ​ទិញ។ ខណៈ​កំពុង​រក​ម៉ូយ​ទិញ ស្រាប់​តែ​ម្ចាស់​​ឆ្កែ​ទៅ​ទាន់​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់​​ខ្លួនតែ​ម្តង​។

ម្ចាស់​ឆ្កែ​ឈ្មោះ​ទ្រី កំសត់ ​ប្រាប់​ប៉ូលិស​ថា នៅ​ពេល​ដែល​ដឹង​​បាត់​ឆ្កែ​ លោក​ជិះ​ម៉ូតូ​តាម​​រក​នៅ​ម្តុំ​ផ្សារ​ដើមគ ក៏​​ប្រទះ​ឃើញ​​ក្រុម​ជន​​ល្មើស​កំពុង​ដឹក​ខ្មោច​ឆ្កែ​របស់​​លោក​ដើរ​លក់ ក៏​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​ស្វាយ​ព្រៃ​ទី២ ឱ្យ​ចាប់​ខ្លួន​តែ​ម្តង។ ម្ចាស់​ឆ្កែ​​សំណូម​ពរ​ឱ្យ​ប៉ូលិស​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ថ្វីដ្បិត​តែ​ជា​សត្វ​ឆ្កែ​មួយ​ក្បាល​​ពិត​មែន តែ​ចាត់​ទុក​ថា​ជា​សមា​ជិក​គ្រួសារ​មួយ​ដែរ។ ម្យ៉ាង​ជន​ទាំង​​នោះ​បំពុល​ឆ្កែ​ឱ្យ​ងាប់​មិន​ដឹង​ថា​មាន​បំណង​អ្វី​មួយ​​ទៅ​លើ​ក្រុម​គ្រួសារ​​លោក​ទេ​នៅ​ថ្ងៃ​ក្រោយ​។ នៅ​រសៀល​ថ្ងៃ​ទី​២៩ មេសា ​ជន​សង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់៕