ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ មេសា ប្រជាពលរដ្ឋនៅស្រុកថ្មពួក និងស្រុកស្វាយចេក បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកន្លែងដាច់ដោយឡែកពីគ្នា និងបានយកមកប្រគល់ឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរក្សាទុក ។
តាមព័ត៌មានពីលោកអនុសេនីយ៍ឯក យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨មេសា មានប្រជាពលរដ្ឋឈ្មោះម៉ៅ ឡៃ ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំកូនប្រុសអាយុ៥ឆ្នាំ ទៅកាត់ត្រកួនចម្ងាយពីផ្ទះប្រវែង៣០ម៉ែត្រ បានប្រទះឃើញគ្រាប់បែកដៃចំនួន១គ្រាប់ នៅក្នុងគុម្ពត្រកួន ហើយក៏រើសមកប្រគល់ឱ្យសមត្ថកិច្ច ។ លោកអធិការបានបន្តថា គ្រាប់បែកដៃនោះម៉ាក MK ផលិតនៅប្រទេសរុស្ស៊ី មានគុណភាព៩០% ។ បើតាមការសន្និដ្ឋានគ្រាប់បែកនោះត្រូវជនមិនស្គាល់អត្គសញ្ញាណយកទៅប្លុងចោល បច្ចុប្បន្នត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលគោករមៀត ។
ដោយឡែកនៅស្រុកស្វាយចេកឯណោះវិញ កាលពីវេលាម៉ោង៩និង២០នាទី ព្រឹក ថ្ងៃទី២៨ មេសា មានប្រជាពលរដ្ឋឈ្មោះហំ យួន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ បានយកគ្រំទៅ លាងនៅមាត់ស្រះ ខាងលិចសាលាបឋមសិក្សាស្លែង ចម្ងាយ១០ម៉ែត្រ បានប្រទះឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែលគេច្រកក្នុងការុងក៏យកទៅប្រគល់ឱ្យលោកមេភូមិស្លែងរក្សាទុក ។
លោកវរសេនីយ៍ត្រី ស៊ី ឌី អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា តាមការត្រួតពិនិត្យឃើញមានគ្រាប់កាំភ្លើងធុន១២,៧មិល្លីម៉ែត្រ ចំនួន៧២០គ្រាប់ គ្រាប់កាំភ្លើងធុន RPK ចំនួន១.៣៥០គ្រាប់ និងគ្រាប់ AK ចំនួន៩០០គ្រាប់ សរុប២.៩៧០គ្រាប់ គ្រាប់កាំភ្លើងទាំងនោះខូចគុណភាពទាំងស្រុង ។ បើតាមការសន្និដ្ឋានគ្រាប់កាំភ្លើងទាំងនោះត្រូវបានគេកប់ចោលកាលពីសម័យសង្គ្រាមមកម៉្លេះ៕
ចែករំលែកព័តមាននេះ