រាជធានីភ្នំពេញ ៖ គូសង្សារ១គូនាំគ្រឿងញៀនទៅចែកចាយនៅក្នុងពន្ធនាគារព្រៃស ត្រូវបានកម្លាំងឆ្មាំគុកឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសខណ្ឌដង្កោ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីពួកគេលាក់គ្រឿងញៀនក្នុងដបសាបូទៅចែកចាយឱ្យអ្នកទោសនៅក្នុងគុកព្រៃស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៩ មេសា ២០១១ នៅមណ្ឌលកែប្រែមុខពន្ធនាគារព្រៃស ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោ ។
គូស្នេហ៍ដែលត្រូវឃាត់ខ្លួននេះម្នាក់ឈ្មោះពិន ពិសី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងនាងជាសង្សារឈ្មោះពិន ឆវី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយក្រោយពេលឃាត់ខ្លួនឆ្មាំគុកបានរកឃើញថ្នាំញៀន ដែលពួកគេលាក់ក្នុងដបសាប៊ូកក់សក់។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនគូសង្សារនេះបានយកសម្ភារប្រើប្រាស់ និងចំណីអាហារទៅសួរសុខទុក្ខបងប្អូនដែលកំពុងជាប់គុកព្រៃស ហើយក្នុងនោះពួកគេបានលាក់ថ្នាំញៀនប្រភេទម៉ាទឹកកក នៅក្នុងដបសាប៊ូកក់សក់នោះ ។ ពេលនោះឆ្មាំគុកបានឆែកឆេរឃើញក៏ឃាត់ខ្លួនប្រគល់ទៅឱ្យប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ចែករំលែកព័តមាននេះ