រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិមានការខកចិត្ត និងសោកស្តាយជាពន់ពេក ចំពោះការចល័តទ័ព និងការវាយប្រហារដោយកាំភ្លើងត្បាល់របស់ទាហានថៃ មកលើទីតាំងកងយោធពលខេមរភូមិន្ទនៅតំបន់ប្រាសាទតាក្របី ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានចាប់ផ្តើមពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៨ មេសា ២០១១ រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី២៩ មេសា ២០១១។
កងយោធពលខេមរភូមិន្ទ នៅតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលទ្ធផលនៃស្មារតីកិច្ចពិភាក្សារវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយនឹងមេបញ្ជាការយោធភូមិភាគ២ថៃ ដែលបានធ្វើនៅថ្ងៃទី២៨ មេសា ២០១១ នៅច្រកអូរស្មាច់ ដែលកម្ពុជាយល់ឃើញថា គឺជាឆន្ទៈ នៃសេចក្តីថ្លៃថ្នូរ និងកិត្តិយស។
យើងសូមឱ្យភាគីថៃ គោរព និងអនុវត្តតាមលទ្ធផលនៃកិច្ចពិភាក្សាថ្ងៃទី២៨ មេសា ២០១១ នៅច្រកអូរស្មាច់ រវាងភាគីទាំងពីរ ដើម្បីផលប្រយោជន៍ និងសន្តិភាពប្រជាពលរដ្ឋទាំងសងខាង ៕
ចែករំលែកព័តមាននេះ