រាជធានីភ្នំពេញ ៖ ដោយកំណត់ទូតក្រសួងការបរទេសចំនួន២ចុះថ្ងៃទី២៦ មេសា ២០១១ និងមួយទៀតចុះថ្ងៃទី២៧ មេសា ២០១១ មានកិត្តិយសសូមទាញការយកចិត្តទុកដាក់របស់ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅភ្នំពេញ ចំពោះការបន្តរំលោភបូរណភាពទឹកដីកម្ពុជា ដោយកម្លាំងប្រដាប់អាវុធប្រទេសថៃ ដែលបានចាប់ផ្តើមឡើងវិញជាថ្មីទៀតនៅល្ងាចថ្ងៃទី២៧ មេសា ២០១១ ដូចតទៅ ៖
នៅថ្ងៃទី២៧ មេសា ២០១១ កម្លាំងប្រដាប់អាវុធថៃបានចាប់បន្តបាញ់ផ្លោងមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ វេលាម៉ោង២០និង៤៥នាទី និងនៅប្រាសាទតាក្របី វេលាម៉ោង២១និង២០នាទី ។ រហូតមកទល់នឹងទៀបភ្លឺម៉ោង៣និង៥៥នាទីថ្ងៃទី២៨ មេសា កម្លាំងប្រដាប់អាវុធថៃនៅតែបន្តវាយប្រហារមកលើទឹកដីកម្ពុជា គាំទ្រដោយការបាញ់កាំភ្លើងធំជញ្ជ្រុំមកលើតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ បន្ទាប់មក កម្លាំងប្រដាប់អាវុធថៃដោយមានបាញ់ផ្លោងកាំភ្លើងធំគាំទ្រផង បានវាយប្រហារមកលើកងទ័ពកម្ពុជា ដែលឈរជើងនៅប៉ែកខាងលិចតំបន់អូរស្មាច់ ។ មកទល់នឹងម៉ោង៨ថ្ងៃទី២៨ មេសា ២០១១ នេះ ការវាយប្រហារគ្នានៅតែបន្តប្រព្រឹត្តទៅនៅឡើយ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមតវ៉ាយ៉ាងខ្លាំងក្លាបំផុតជាថ្មីទៀត ចំពោះការបន្តរំលោភម្តងហើយម្តងទៀតរបស់ប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដែលមិនត្រឹមតែជាទង្វើប្រឆាំងនឹងរាល់លិខិតតូបករណ៍ច្បាប់ពាក់ព័ន្ធទាំងអស់ប៉ុណ្ណោះទេ តែក៏ជាការផ្ទុយនឹងកិច្ចប្រឹងប្រែងរិះរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ។ ទន្ទឹមនឹងការបន្តប្តេជ្ញារិះរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនប្រទេសទាំង២កម្ពុជាសូមរក្សាសិទ្ធិស្របច្បាប់ ដើម្បីការពារខ្លួន ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។
ជាថ្មីម្តងទៀត កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ កុម្ភៈ ២០១១ និងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅថ្ងៃទី២២ កុម្ភៈ ២០១១ ហើយនិងយល់ព្រមទទួលអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដើម្បីចៀសវាងមានការប៉ះទង្គិចគ្នាដោយអាវុធតទៅទៀត ៕
ចែករំលែកព័តមាននេះ