ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកនិង​កូន​ប្តឹង​គ្នា​ដណ្តើម​ផ្ទះ​ កូនស្រី​ប្រឈម​មុខ​​ចាកចេញ

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ រឿង​​រ៉ាវ​​មួយ​​ដែល​អាច​ចាត់​ទុក​ថា កម្រ​នឹង​កើត​មាន​ គឺ​រឿង​ក្តី​រវាង​ឪពុក​​និង​កូន​ស្រី​​បង្កើតបាន​ក្លាយទៅ​ជា​គូ​ជម្លោះ​ប្តឹង​​ប្តល់​គ្នា​ដណ្តើម​​យកផ្ទះ​មួយ​កន្លែង​​​នៅភូមិ​១ឧសភា​ សង្កាត់​កំពង់​ កណ្តាល ​ក្រុងកំពត ។ បើ​តាម​សំដី​អ្នកស្រី​សាន់​រីណា ​អាយុ​៣៨ឆ្នាំ ​ជា​កូន​ស្រី​របស់​លោក​សាន់ ផុន បាន​និយាយ​រៀប​រាប់​​ថា ​រូប​គាត់​ជា​កូនស្រី

ខេត្ត​កំពត ៖ រឿង​​រ៉ាវ​​មួយ​​ដែល​អាច​ចាត់​ទុក​ថា កម្រ​នឹង​កើត​មាន​ គឺ​រឿង​ក្តី​រវាង​ឪពុក​​និង​កូន​ស្រី​​បង្កើតបាន​ក្លាយទៅ​ជា​គូ​ជម្លោះ​ប្តឹង​​ប្តល់​គ្នា​ដណ្តើម​​យកផ្ទះ​មួយ​កន្លែង​​​នៅភូមិ​១ឧសភា​ សង្កាត់​កំពង់​ កណ្តាល ​ក្រុងកំពត ។ បើ​តាម​សំដី​អ្នកស្រី​សាន់​រីណា ​អាយុ​៣៨ឆ្នាំ ​ជា​កូន​ស្រី​របស់​លោក​សាន់ ផុន បាន​និយាយ​រៀប​រាប់​​ថា ​រូប​គាត់​ជា​កូនស្រី​ រស់នៅ​​ជាមួយ​ឪពុក​យូរ​​ឆ្នាំ​ហើយ ។ បន្ទាប់​ពី​ម្តាយ​ស្លាប់​ចោល​ទៅ ឪពុក​អ្នកស្រី​​ឈ្មោះ​សាន់​ផុន ក៏​បាន​យកប្រពន្ធ​​​ក្រោយ​ទៀត ហើយរស់​នៅ​ជាមួយ​ឪពុក​​ក្រោម​ដំបូល​ផ្ទះ​ តែ​មួយ​ជា​ផ្ទះ​ជាន់​លើ​ នៅ​ភូមិ​១ឧសភា​នេះ ។ ក្រៅ​ពី​​នេះ​ឪពុក​​នាង​មានចំការ​មួយកន្លែង​ទៀត​នៅ​ឃុំ​បឹង​ទូក ​ហើយ​ការ​ថែ​ទាំ​ដំណាំ​ផ្សេងៗ​ គឺ​ធ្វើ​រួមគ្នា ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ឪពុក​របស់អ្នក​ស្រី​បាន​លក់​ចំការ​​​នោះ​បានប្រាក់​ចំនួន​១២​ម៉ឺន​ដុល្លារ ​ក៏​យក​លុយ​នោះទៅ​រស់នៅ​​ភ្នំពេញ​ជាមួយប្រពន្ធ ​ក្រោយ​​បាត់ ។

អ្នកស្រី​សាន់​ រីណា ​បាននិយាយ​​ទាំង​ទ្រហ៊ោយំ​​ថា ឪពុក​អ្នកស្រី​ពិតជា​ចិត្ត​អាក្រក់​ណាស់ ដោយជឿ​​តាម​សំដី​ប្រពន្ធ​ក្រោយ​បំភ្លេច​​ចៅៗ​មិន​ឱ្យ​លុយដល់​រូបគាត់ជាកូន​ស្រីទេ ​បែរ​ទៅ​សំងំ​​​សុខ​ជាមួយ​ប្រពន្ធក្រោយ​​ទៅ​វិញ មិន​តែ​ប៉ុណ្ណោះ​ ឪពុកបាន​ដាក់ពាក្យ​បណ្តឹង​​ទៅ​សាលា​ដំបូង​ ​ខេត្តឱ្យ​រូបគាត់ជា​កូន​និង​ប្តី​ចាកចេញទៀត ។ ដោយ​សារ​តែ​មាន​​ការប្តឹង​គ្នា​យ៉ា​ងចំរូង​ចំរាស​​រូប​គាត់​​ដែល​ជា​ចុង​ចោទ​ត្រូវ​សាលា​ដំបូង​កាត់ឱ្យ​ចាញ់​​ក្តី​​​ឪពុក​ ។

អ្នក​ស្រី​សាន់ រីណា បាន​បន្ត​ថា ​​លោក​អីុវ ត្រាយ ព្រះ​រា​​ជ​អាជ្ញា​រង​អម​សាលា​ដំបូង​​ខេត្ត​កំពត​ពិត​ជា​ដោះ​ស្រាយ​មាន​ភាព​អយុតិ្ត​ធម៌​​​ណាស់ ព្រោះ​លោកមេភូមិ​១ឧសភា និង​លោក​​សង្កាត់​​កំពង់កណ្តាល​​ ក៏បានអះ​អាង​ថា ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​អ្នកស្រី​ដែរ ។​ គាត់បានបញ្ជាក់​ថា ​​លោក​ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​បាន​ជូនដំណឹង​​​ឱ្យ​រូប​គាត់​ជាកូន​ និងប្តី​ចុះ​ចេញពីផ្ទះ​​នៅ​ថ្ងៃ​ទី៥ ​ឧសភា ​ខាងមុខ​ជាកំណត់​ដែលក្នុង​លិខិត​ជូនដំណឹង​​នោះ​បាន​ព្រមានថា បើ​មានការរឹង​រូស​មិនព្រម​​អនុ​វត្ត ក្នុង​ការចុះចេញ​ដោយស្ម័គ្រ​ចិត្ត​ទេ នឹង​មានការ​ចាត់​វិធាន​ការទៅតាម​ផ្លូវច្បាប់ ។

លោក​ទី វុទ្ធី ​​ចៅ​សង្កាត់​​​កំពង់​កណ្តាល​បាន​ប្រាប់​កោះសន្តិភាព​ថា ផ្ទះ​ដែល​មាន​ទំនាស់​​ប្តឹង​​គ្នា​រវាង​ឪពុក​​ និង​កូនស្រី​នៅ​ភូមិ១​ឧសភា​​គឺជា​ផ្ទះអ្នកស្រី​សាន់ រីណា ។ លោក​ចៅ​សង្កាត់​បញ្ជាក់​​ថា ការ​ផ្ទុះចេញ​នូវ​ការប្តឹង​ប្តល់គ្នា​នេះ​គឺ​បន្ទាប់​​ពីកូនស្រី​ (សាន់ រីណា) ​បាន​រៀប​គម្រោង​លក់​ផ្ទះ​នេះ​ក្នុង​តម្លៃ​២ម៉ឺន​ដុល្លារ ប៉ុន្តែ​​នាង​សាន រីណា និយាយ​ថា ​មិន​ចង់​ឱ្យ​វែងឆ្ងាយ ​​​បើ​លក់​ដាច់​២ម៉ឺន​ គឺ​​គាត់​ឱ្យឪពុក​១ម៉ឺន​ តែ​ឪពុក​មិន​ព្រមទេ ​។ អ្នកស្រី​ជាកូន​បញ្ជាក់ថា ​ទោះបី​ជា​ដល់​ថ្ងៃ​​កំណត់​របស់សាលា​ដំបូង​ឱ្យគាត់ចុះ​ចេញ​ក៏​ដោយ ក៏​​គាត់សុខ​ចិត្ត​​ស្លាប់​រស់ជាមួយកូនប្រុសស្រី​ទាំង​៣នាក់នៅក្នុងផ្ទះ​នេះ គឺ​មិនព្រម​ចេញ​ជា​ដាច់​ខាត ។ ប្រជាពលរដ្ឋ​​​នៅភូមិ​១ឧសភា ​ក៏​មានអ្នក​ចាំ​ជួយអន្តរាគមន៍​ផង​ដែរ ក្រែងមានវិធាន​ការ​អ្វី​មិនប្រក្រតីមក​លើ​គ្រួសារ​អ្នកស្រី ។ ចំណែក​លោក​សាន់ ផុន ​ដែលជា​ឪពុក​ និង​ជា​ដើម​បណ្តឹង​​​មិន​អាច​​ទាក់ទង​សុំការ​បំភ្លឺ​ណាមួយបាន​ទេ ៕