រាជធានីភ្នំពេញ ៖ កម្មកររោងចក្រមិថុនា ប្រមាណ៤ពាន់នាក់ដែលគ្រោងដង្ហែក្បួនតវ៉ាទៅកាន់រោងចក្រវ៉ាយរ៉ូឡែត ជាសាខារបស់រោងចក្រមិថុនា ប្រយោជន៍ដើម្បីធ្វើសកម្មភាពផ្អាកដំណើរការសង្វាក់ផលិតកម្មរោងចក្រនេះ ត្រូវបរាជ័យហើយ ដោយសារកម្លាំងសមត្ថកិច្ចបង្ក្រាបបាតុកម្មបានប្រើរថយន្តបាញ់ទឹករារាំងមិនអនុញ្ញាតឱ្យកម្មករដង្ហែក្បួនបាននោះទេ ។ ក្នុងការរារាំងក្រុមកម្មករនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងកម្លាំងជាង២រយនាក់ប្រដាប់ដោយដំបង និងខែល ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ទោះជាយ៉ាងណានៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃសុក្រ ទី២៩ មេសា នេះ ក្រុមកម្មករមិនទាន់បានបំបែកគ្នានៅឡើយទេ ហើយពួកគេខ្លះកំពុងអង្គុយជជែកគ្នាពីនេះ ពីនោះ ខ្លះឈរស្រែកជេរសមត្ថកិច្ច ខ្លះស្រែកអំពាវនាវឱ្យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយអន្តរាគមន៍ និងមួយចំនួនស្រែកជេរថៅកែរោងចក្រ និងស្នើឱ្យថៅកែរោងចក្រគោរពច្បាប់ការងារកម្ពុជា ។ ជាមួយគ្នានេះ ក៏មានកម្មករមួយចំនួនឈរលើកបដា ដែលសរសេរខ្លឹមសារ ដូចជា ស្នើឱ្យសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ ឱ្យថៅកែរោងចក្រដោះស្រាយប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ និងទាមទារឱ្យថៅកែរោងចក្រគោរពច្បាប់ការងារនោះជាដើម ។
សូមបញ្ជាក់ថា មុននេះកម្មកររោងចក្រកាត់ដេរមិថុនាប្រមាណ៤ពាន់នាក់នៅព្រឹកថ្ងៃសុក្រទី២៩ មេសា ២០១១ នេះ បានប្រមូលផ្តុំគ្នានៅមុខគ្រោងឆ្អឹងអគាររោងចក្រធ្វើការតវ៉ាជាថ្មីទៀត ដើម្បីទាមទារឱ្យថៅកែរោងចក្របើកប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ដល់ពួកគេ ដែលការជួបជុំតវ៉ានេះបានចាប់ផ្តើមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ មេសា ហើយក្រុមកម្មករបានអះអាងថា ពួកគេនឹងដង្ហែក្បួនទៅកាន់រោងចក្រវ៉ាយរ៉ូឡែតដែលជាសាខារបស់រោងចក្រមិថុនា មានទីតាំងស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ប្រយោជន៍ដើម្បីឱ្យរោងចក្រនេះផ្អាកសកម្មភាពការងារដូចរោងចក្រមិថុនាផងដែរ។
គួរបញ្ជាក់ថា ការធ្វើបាតកម្មតវ៉ារបស់កម្មកររោងចក្រមិថុនានេះបានឈានចូលដល់ថ្ងៃទី២ហើយ បន្ទាប់ពីផ្អាកមួយរយៈកាលពីអំឡុងពេលចូលឆ្នាំខ្មែរកន្លងមក។ ការតវ៉ាម្តងហើយម្តងទៀតនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមកម្មករមិនទទួលយកការដោះស្រាយរបស់តំណាងរោងចក្រនូវទឹកប្រាក់៣០ដុល្លារក្នុងម្នាក់ៗជាថ្នូរទៅនឹងការបញ្ចប់ការងារទាំងស្រុង និងបញ្ចប់ការទាមទារនោះ ៕
ចែករំលែកព័តមាននេះ