ខេត្តឧត្តរមានជ័យ ៖ ជនភៀសសឹកចំនួន៧៣នាក់ ក្នុងចំណោមរាប់ម៉ឺននាក់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលជនភៀសសឹកវត្តពង្រ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ បានកើតជំងឺក្អួតចង្អោ រាករូសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យយ៉ាងប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះជីវិតពួកគេកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ មេសា ២០១១ ។ មនុស្សទាំង៧៣នាក់នោះមានអាយុចាប់ពី១៥ឆ្នាំចុះក្រោម ពួកគេកើតអាការរាករូសនេះ បន្ទាប់ពីគ្រុនក្តៅ ក្អួតចង្អោរ តឹងទ្រូង បណ្តាលមកពីការបរិភោគខ្វះអនាម័យ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ម្សិលមិញនេះ ជនភៀសសឹកទាំង៧៣នាក់នេះ បានទទួលរងជាតិពុលយ៉ាងចម្លែក បណ្តាលឱ្យក្អួតចង្អោរ តឹងទ្រូង ពិបាកដកដង្ហើម ទន់ដៃជើង និងអស់កម្លាំងល្ហិតល្ហៃ ហើយបន្ទាប់មករាករូសធ្ងន់ធ្ងរតែម្តង ។ អ្នកនៅក្នុងមណ្ឌលជនភៀសសឹកបាននិយាយថា អ្នករងគ្រោះទាំងនោះបានហូបទឹកស្រះ ហូបពោតស្ងោរ ហូបបាយ និងហូបចំណីអាហារធម្មតា។
គ្រូពេទ្យដែលជួយសង្គ្រោះអ្នកជំងឺបានឱ្យដឹងថា អ្នករងគ្រោះដោយការគ្រុនក្តៅ ក្អួតចង្អោរ តឹងទ្រូង ល្ហិតល្ហៃទាំងនោះត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ គឺរួចផុតពីការប៉ះពាល់ដល់អាយុជីវិតហើយពោលគឺគ្មាននរណាម្នាក់ស្លាប់ ដោយសារជំងឺនេះទេ៕
ចែករំលែកព័តមាននេះ