រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានត្រូវចោរឆក់ខ្សែ.កក្នុងខណៈពេលដែលនាង និងបងស្រីកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវចេញពីទិញអីវ៉ាន់នៅផ្សារឆ្ពោះទៅផ្ទះ ហើយក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ត្រូវក្រុមសន្តិសុខផ្សារចោមចៅ និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់បាន ប៉ុន្តែធ្វើការឆែកឆេរមិនឃើញមានខ្សែ.កដែលឆក់បាននោះទេ មិនតែប៉ុណ្ណោះជននោះបានបដិសេធថា ខ្លួនមិនមែនជាចោរទៀតផង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ ស្ត្រីរងគ្រោះឈ្មោះគង់ ភាវី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ បានបាត់បង់ខ្សែ.កបា្លទីន១ខ្សែ ទម្ងន់២ជី ។ ចំណែកជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះអ៊ាន់ ថត អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាអាយខន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AW 6011 ឌុបបងស្រីត្រឡប់មកពីទិញអីវ៉ាន់នៅផ្សារជម្ពូវ័ន ឆ្ពោះទៅផ្ទះ ក្នុងទិសដៅពីលិចទៅកើត។ ពេលនោះជនសង្ស័យជិះម៉ូតូម៉ាកគ្លីកពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខកណ្តាល 1H 2994 តាមពីក្រោយ លុះទៅដល់ចំណុចខាងលើ ក៏បានធ្វើសកម្មភាពឆក់ខ្សែ.កក្នុងខណៈពេលដែលស្ត្រីរងគ្រោះបន្ថយល្បឿនម៉ូតូប្រុងបត់ទៅស្តាំដៃចូលតាមផ្លូវបេតុង ។ បន្ទាប់ពីឆក់បានជននោះព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងក្រុមសន្តិសុខនៅជិតនោះ ប្រទះឃើញក៏នាំគ្នាជិះម៉ូតូដេញតាមរហូតដល់ភូមិថ្មគោលចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ទើបចាប់បាននាំទៅប្រគល់ឱ្យប៉ូលិសធ្វើការសួរនាំ ។
ក្រោយពេលចាប់ខ្លួន ធ្វើការឆែកឆេរមិនមានឃើញខ្សែ.កដែលគេឆក់បាននៅជាប់នឹងខ្លួននោះឡើយដែលសង្ស័យថា ជននេះយកខ្សែ.កនោះបណ្តោះទៅឱ្យបក្សពួករបស់គេផ្សេងទៀត ។ ប៉ុន្តែទោះបីជាបែបណា ជននេះបានបដិសេធថា ខ្លួនមិនមែនជាចោរឆក់ឡើយ ឯការដែលខ្លួនជិះម៉ូតូរត់នោះគឺដោយសារភិតភ័យពេលជិះម៉ូតូប៉ះដៃចង្កូតម៉ូតូអ្នកផ្សេង ៕
ចែករំលែកព័តមាននេះ