ខេត្តឧត្តរមានជ័យ ៖ ទាហានសៀមបានប្រព្រឹត្តចរិតថោកចុះហត្ថលេខាព្រមព្រៀងនឹងដៃជាន់ឈ្លីនឹងជើង ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងមេទ័ពភូមិភាគ៤ កម្ពុជា និងមេទ័ពភូមិភាគ២សៀម ធ្វើឡើងមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែយប់ឡើងទាហានសៀមបាញ់កាំភ្លើងធំផ្លោងចូលទឹកដីកម្ពុជា ឥតបណ្តាក់ដៃគួរឱ្យស្អប់ខ្ពើមពន់ពេក កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ មេសា ២០១១ រហូតដល់ម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៩ មេសា ២០១១ នៅតំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់ធំ ប៉ុន្តែទាហានកម្ពុជាមិនតបតទេ សុខចិត្តសម្ងំនៅក្នុងលេណដ្ឋានរបស់ខ្លួនពួនគេចគ្រាប់ឡើងញ័រចំប្រប់ដូចកូនសត្វ ។
លោកឧត្តមសេនីយ៍ត្រីប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ប្រចាំនៅសមរភូមិមុខបានឱ្យដឹងថា ទាហានសៀមបាញ់កាំភ្លើងធុនធ្ងន់ចូលទឹកដីកម្ពុជា និងសំដៅលើបន្ទាយទាហានកម្ពុជាជាច្រើនគ្រាប់ រំខានដល់ទាហានកម្ពុជាចាប់តាំងពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ មេសា ២០១១ គឺផ្លោងចូលតំបន់ប្រាសាទតាមាន់ធំ និងតំបន់ប្រាសាទតាក្របី ហើយបានអូសបន្លាយមកដល់វេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៩ មេសា ២០១១ ទើបស្នូរកាំភ្លើងរបស់សៀមបានស្ងាត់ ។
គេមិនយល់សោះថា ហេតុអ្វីបានជាទាហានសៀមមិនគោរពកិច្ចយល់ព្រមនៅក្នុងជំនួបចរចាបែបនេះ? តាមប្រភពខ្លះថា សៀមបាញ់នេះគឺបាញ់បន្លាចខ្មោចកុំឱ្យមកលងពួកគេ…ប៉ុន្តែត្រូវបានមជ្ឈដ្ឋានអ្នកតាមដានរិះគន់ថា បើត្រឹមខ្លាចខ្មោចទៅបាញ់ឯណាបាញ់ទៅកុំមកបាញ់ចូលទឹកដីកម្ពុជាទៅវាចប់ទៅហើយ! តែពេលនេះទាហានសៀមនៅតែបាញ់ចូលទឹកដីកម្ពុជាទៀតមានន័យថា ទាហានសៀមបង្ករឿងមិនគោរពបទឈប់បាញ់ដែលមានមេបញ្ជាការភូមិភាគនៃភាគីទាំង២បានព្រមព្រៀងគ្នា ។
ប្រភពខ្លះទៀតថា គឺមកពីពួកទាហានសៀមខឹងមួម៉ៅអំពីមេបញ្ជាការរបស់ពួកគេស្លាប់ច្រើនពេកនៅក្នុងសមរភូមិ ខណៈវាយប្រយុទ្ធគ្នារយៈពេល៧ថ្ងៃកន្លងមកជាមួយទាហានកម្ពុជា។ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រីប៉ែន វ៉ូយ បានបញ្ជាក់ទៀតថា ពេលនេះទាហានកម្ពុជាសុខចិត្តអត់ធ្មត់បន្តិចទៀតដើម្បីគោរពបទឈប់បាញ់ឈរលើសុច្ឆន្ទៈដោះស្រាយជម្លោះដោយសន្តិវិធី…ប៉ុន្តែបើអ្នកឯង (សៀម) ចូលកៀក ឬចូលមកឈ្លានពានទៀតនោះ យើងនឹងបាញ់ប្រឆាំងនឹងបណ្តេញឱ្យខ្ទាតទៅវិញ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹករហូតដល់ម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២៨ មេសា ២០១១ នេះ ជំនួបចរចានៅកាស៊ីណូរីសត ច្រកអូរស្មាច់ ក្រុងសំរោង រវាងលោកឧត្តមសេនីយ៍ទោជា ម៉ន មេបញ្ជាការយោធភូមិភាគ៤កម្ពុជា ជាមួយលោកឧត្តមសេនីយ៍សុវត្ថិឆៃ សាមុតសាខន មេបញ្ជាការភូមិភាគ២របស់សៀម និងលោកឧត្តមសេនីយ៍វ៉ា វ៉ាលីត មេបញ្ជាការកងពលថ្មើរជើរលេខ៦សៀមនោះ ភាគីទាំង២បានឯកភាពគ្នាចំនួន៦ចំណុច ដែលក្នុងនោះរួមមាន ១-បញ្ឈប់ការបាញ់គ្នាចាប់ពីពេលនេះទៅ ។ ២-កងទ័ពទាំង២ភាគីឈរជើងនៅកន្លែងណាត្រូវនៅកន្លែងនោះ ដោយមិនចល័តកម្លាំង ។ ៣-ជំរុញឱ្យមេបញ្ជាការជួរមុខជួបគ្នា និងបង្កើនឱ្យមានក្រុមទំនាក់ទំនងដើម្បីងាយស្រួលទាក់ទងពេលមានសភាពការណ៍អ្វីមួយកើតឡើង ។ ៤-ចំពោះបញ្ហាព្រំដែនទុកឱ្យគណៈកម្មការចម្រុះព្រំដែនរដ្ឋាភិបាលនៃប្រទេសទាំង២ ជាអ្នកដោះស្រាយ ខាងយោធាដោះស្រាយ តែបញ្ហាទាក់ទងទៅនឹងកិច្ចឈប់បាញ់ ។ ៥-បង្កលក្ខណៈឱ្យប្រជាពលរដ្ឋស៊ីវិលបានវិលត្រឡប់ទៅរស់នៅតាមភូមិឋានជាធម្មតាវិញ ដើម្បីបង្កើនការទុកចិត្តគ្នា និង៦-បើកច្រកព្រំដែនឡើងវិញ ។
ឥឡូវនេះសៀមរំលោភយ៉ាងផ្គើនបំផុត…ដោយសារតែចរិតអន់ថោកបែបនេះហើយ ទើបភាគីកម្ពុជាច្រានចោលកិច្ចចរចាទ្វេភាគីដែលសៀមទាមទារកន្លងមក…ការបាញ់ផ្លោងរបស់ទាហានសៀមចូលដីកម្ពុជាយប់មិញនេះ មិនត្រឹមតែជាការជាន់ឈ្លីមាក់ងាយសើចចំអកដាក់កម្ពុជាប៉ុណ្ណោះទេ គឺជាន់ឈ្លី មាក់ងាយ សើចចំអកដាក់ប្រធានអាស៊ាន បណ្តាប្រទេសជាសមាគមអាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង ហើយអន្តរជាតិទាំងឡាយល្មមឈប់សម្របសម្រួលឱ្យកម្ពុជាធ្វើការចរចាដោះស្រាយជម្លោះព្រំដែនជាមួយសៀមដោយទ្វេភាគីទៀតទៅ ព្រោះសៀមបានធ្វើឱ្យកម្ពុជា និងពិភពលោកអស់សេចក្តីទុកចិត្តទៅហើយ ។ កម្ពុជានិយាយជាមួយសៀមដូចចាក់ទឹកលើក្បាលទាអ៊ីចឹង ចំណែកអន្តរជាតិដែលមិនធ្លាប់ចាញ់បោកសៀម និងមិនធ្លាប់ត្រូវសៀមក្រឡុកមិនដឹងថា ការឈឺចាប់នោះធំប៉ុនណាទេ ចំណែកកម្ពុជាស្គាល់អស់ហើយ…ឥឡូវសៀមកំពុងតែបោកអន្តរជាតិ បំពានលើអន្តរជាតិដូចជាឈ្លានពានលើគោលការណ៍ឈប់បាញ់របស់អាស៊ាន ឈ្លានពានលើគោលកាណ៍ឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…ដូច្នេះបើនិយាយជាមួយសៀមរឿងជម្លោះនោះមានតែការប្រើកម្លាំងអន្តរជាតិចាប់បង្ខំទេ ទើបអាចទៅរួច ៕
ចែករំលែកព័តមាននេះ