ខេត្តមណ្ឌលគិរី ៖ បុរស៣នាក់កំពុងឈរធ្វើការសុខៗស្រាប់តែដួលស្លាប់មួយរំពេច គួរឱ្យតក់ស្លុតបំផុត បន្ទាប់ពីរន្ទះបាញ់លាន់ក្ឌាំងកក្រើកអាកាស ក្នុងខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងមួយ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ មេសា ២០១១ នៅឯការដ្ឋានទី១០ ដាំដើមស្រល់របស់ក្រុមហ៊ុនចិន ស្ថិតក្នុងភូមិដាក់ដាម ឃុំដាក់ដាម ស្រុកអូររាំង ។ អ្នករងគ្រោះទាំង៣គឺ១-ឈ្មោះជួប បាន អាយុ១៦ឆ្នាំ មានស្រុកកំណើតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ២-ឈ្មោះចន សៀម អាយុ៤០ឆ្នាំ មានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង ៣-ឈ្មោះឆក ឆើត អាយុ២៨ឆ្នាំ មានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង។
សាក្សីនៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា មុនដំបូងមានធ្លាក់ភ្លៀងយ៉ាងខ្លាំងរួមជាមួយខ្យល់ និងផ្គររន្ទះ អ្នករងគ្រោះទាំង៣នាក់រួមជាមួយកម្មករច្រើននាក់ទៀត នៅបង្ហើយការងារដាំកូនស្រល់ (ដើមស្រល់) បន្តិចទៀតសិន មិនទាន់ចូលជ្រកភ្លៀងទេ ស្រាប់តែភ្លាមនោះរន្ទះបាញ់ក្ឌាំងកក្រើកអាកាសតែម្តង ហើយបុរស៣នាក់ខាងលើ ដួលដាច់ផ្ងារតូង ស្លាប់មួយរំពេច។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ