ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីប៉ូលិសវរការពារព្រំដែនគោកលេខ៨៩១ ម្នាក់បានត្រូវបុរសចិត្តខ្លាំងផឹកស្រាស្រវឹងកាប់នឹងកាំបិតខ្វែវបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលចូលទៅឃាត់បុរសរូបនេះកុំឱ្យឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធរបស់គេ ។ ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ មេសា ឆ្នាំ២០១១ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ហាំ វណ្ណៈ មេបញ្ជាការវរការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា បុរសចិត្តខ្លាំងដែលត្រូវបានចាប់ឃាត់ខ្លួនឈ្មោះឡម ម៉ៅ ហៅមា៉ច ម៉ៅ អាយុ៣៦ឆ្នាំ ជាកម្មកររស់នៅក្នុងភូមិកើតហេតុខាងលើ។ រីឯជនរងគ្រោះឈ្មោះលេង កុយ ភេទប្រុស អាយុ៤៤ឆ្នាំ ជាមន្ត្រីប៉ូលិសវរការពារព្រំដែនគោកលេខ៨៩១ ហើយក៏ជាអ្នកជិតខាងគ្នានៅក្នុងភូមិជាមួយជនល្មើសដែរ ។
លោកមេបញ្ជាការបានបន្តឱ្យដឹងទៀតថា នៅយប់កើតហេតុជនដៃដល់ឈ្មោះឡម ម៉ៅ ហៅម៉ាច ម៉ៅ បានផឹកស្រាស្រវឹង ហើយមានទំនាស់ជាពាក្យសម្ដីជាមួយប្រពន្ធរបស់គេរហូតឈានដល់ប្រើអំពើហិង្សាក្នុងគ្រួសារ។ ឃើញដូច្នោះជនរងគ្រោះបានចូលទៅឃាត់ តែត្រូវបុរសជាប្តីរូបនេះទាញកាំបិតខ្វែវពីក្នុងផ្ទះកាប់ក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ទោ ហាំ វណ្ណៈ បានបញ្ជាក់ថា ក្រោយកើតហេតុជនដៃដល់ត្រូវបានកម្លាំងរបស់លោកចុះទៅចាប់ឃាត់ខ្លួនភ្លាមៗ រួចបញ្ជូនទៅឱ្យកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី៕
ចែករំលែកព័តមាននេះ