ខេត្តបន្ទាយមានជ័យ ៖ គ្រឿងចក្រឈូសដីចំការមួយគ្រឿងបានកិនមីនតោនបណ្តាលឱ្យផ្ទុះកក្រើកប្រឹថពី ប៉ុន្តែសំណាងល្អអ្នកបើកបរពុំមានគ្រោះថ្នាក់អ្វីទេ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១៩នាទីព្រឹក ថ្ងៃទី២៧ មេសា នៅចំណុចព្រាវក្នុង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ស ឆុង អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា គ្រឿងចក្រឈូសដីកិនមីននោះជារបស់ក្រុមហ៊ុនសូ ចាន់ធូ បើកបរដោយឈ្មោះយេត ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា នៅថ្ងៃកើតហេតុនោះ គ្រឿងចក្រឈូសដីនេះ បានឈូសដីចំការរបស់ឈ្មោះតុល សារិន ហៅក្លឹង ភេទប្រុស អាយុ៤៥ឆ្នាំ ជាយោធាភូមិភាគ៥។ ពេលកំពុងឈូសដីនោះ ក៏កិនមីនតោនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមបណ្តាលឱ្យផ្ទុះដាច់ច្រវាក់ ប៉ុន្តែអ្នកបើកបរមិនរងរបួសទេ៕
ចែករំលែកព័តមាននេះ