ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ មេសា នៅទីបញ្ជាការប៉េអឹមស្រុកបានលុងបានប្រារព្ធពិធីប្រកាសតែងតាំង និងផ្ទេរតំណែងមេបញ្ជាការក្រោមអធិបតីភាពលោកគឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីលោកលី វិន អភិបាលក្រុងបានលុង និងសមាជិកក្រុមប្រឹក្សាក្រុង អធិការរងប៉ូលិសក្រុងប៉ូលិសប៉ុស្តិ៍ឡាបានសៀក ព្រមទាំងចៅសង្កាត់ឡាបានសៀក និងមេបញ្ជាការរងកងរាជអាវុធហត្ថ និងពលអាវុធហត្ថជាច្រើនរូបទៀត។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងលោកអ៊ុំ សារឿង ត្រូវបានផ្លាស់ប្តូរមុខតំណែងដោយផ្ទេរភារកិច្ចឱ្យទៅជានាយការិយាល័យផែនការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជំនួសដោយលោកហៃ វណ្ណារ៉ា នាយការិយាល័យផែនការកងរាជអាវុធហត្ថខេត្តមកជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងជាបណ្តោះអាសន្នវិញ។
លោកអ៊ុំ សារឿន មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានឡើងអានរបាយការណ៍បូកសរុបសម្ភារមួយចំនួនដែលមាននៅក្នុងអង្គភាព និងកងកម្លាំងប្រគល់ទៅឱ្យលោកហៃ វណ្ណារ៉ា កាន់កាប់ និងគ្រប់គ្រងបន្ត។
លោកហៃ វណ្ណារ៉ា បានប្តេជ្ញាចិត្តខិតខំដឹកនាំកងកម្លាំងក្នុងក្រុងដើម្បីអនុវត្តបទបញ្ជារបស់កងរាជអាវុធហត្ថ និងខិតខំរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ ហើយសហការឱ្យបានល្អជាមួយកងកម្លាំង អាជ្ញាធរមូលដ្ឋានគ្រប់ស្ថាប័ននៅក្នុងក្រុង។ លោកលី វិន អភិបាលក្រុងបានលុងក្នុងនាមជាគណៈបញ្ជាការកងឯកភាពក្រុងបានផ្តាំផ្ញើដល់កងកម្លាំងទាំងមូលឱ្យខិតខំសហការការងារបទបញ្ជាផ្ទៃក្នុងឱ្យបានល្អ ជាពិសេសខិតខំបង្ក្រាបបទល្មើសផ្សេងៗ។
លោកគឹម រស្មី បានផ្តាំផ្ញើដល់លោកមេបញ្ជាការថ្មីឱ្យសហការល្អជាមួយកម្លាំងស្ថាប័នផ្សេងៗដូចជាស្ថាប័នយោធាស្រុក អធិការដ្ឋានស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាមួយប្រជាពលរដ្ឋដើម្បីបង្ក្រាបបទល្មើស ថែមទាំងខិតខំស្រាវជ្រាវបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងតំបន់គ្រប់គ្រង ។ ត្រូវដកខ្លួនចេញឱ្យឆ្ងាយពីរបរគ្រឿងញៀន បើសិនជាមានកងកម្លាំងក្រោមឱវាទមានការពាក់ព័ន្ធនឹងគ្រឿងញៀន គឺលោកមិនអនុគ្រោះជាដាច់ខាត ។ លោកបានណែនាំឱ្យលោកមេបញ្ជាការថ្មីកសាងទីតាំងអង្គភាពឱ្យបានសមរម្យ មានការអភិវឌ្ឍទាំងក្រុមគ្រួសារក្នុងសង្គម និងអង្គភាពឱ្យបានល្អ ។ ការផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ចនេះ គឺជាការផ្លាស់ប្តូរបទ ពិសោធន៍ការងារពីគ្នាទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ