ខេត្តបន្ទាយមានជ័យ ៖ នៅសាលាស្រុកភ្នំស្រុក កាលពីព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០១១ មានរៀបចំពិធីប្រមូលត្រាចាស់ និងប្រគល់ត្រាថ្មីដល់ប៉ុស្តិ៍រដ្ឋបាលទាំង៦របស់ស្រុក ក្រោមអធិបតីភាពលោកសេង គី អភិបាលស្រុក។ អញ្ជើញចូលរួមក្នុងពិធីនោះមានលោកម៉ា សាឯម ប្រធានក្រុមប្រឹក្សាស្រុក លោកវរសេនីយ៍ទោ ឌុច គឹមហ៊ាង អនុប្រធានការិយាល័យកណ្តាលស្ថិតិ អគ្គីភ័យ តំណាងលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត ព្រមទាំងលោកអធិការ អធិការរង លោកមេឃុំ នាយប៉ុស្តិ៍ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពក្នុងស្រុកជាច្រើនរូបទៀត ។
លោកវរសេនីយ៍ទោ ឌុច គឹមហ៊ាង បានមានប្រសាសន៍ទាក់ទងនឹងការប្រមូលត្រាចាស់ និងប្រគល់ត្រាថ្មីនេះ គឺត្រាចាស់ប្រមូលយកទៅទុកនៅរដ្ឋបាលសាលាខេត្ត ហើយត្រាថ្មីនេះ ប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់បោះត្រាលើលិខិតបទដ្ឋានគតិយុត្តលើផ្លូវច្បាប់ ឬបែបបទផ្សេងៗ ។ ជាមួយគ្នានេះ ក្រោយពីទទួលបានត្រាថ្មីនេះហើយ នាយបុ៉ស្តិ៍រដ្ឋបាលត្រូវគ្រប់គ្រងថែរក្សាឱ្យបានល្អជៀសវាងការបាត់បង់ ។ ពាក់ព័ន្ធនឹងការងារប្រអប់សំបុត្រ លោកអនុប្រធានការិយាល័យកណ្តាលបានណែនាំមន្ត្រីនគរបាលស្រុកត្រូវយកប្រអប់សំបុត្រទៅដាក់នៅកន្លែងណាដែលជាទីប្រជុំជន ជៀសវាងកុំយកទៅដាក់ក្នុងបរិវេណវត្តអារាម ។
បន្ទាប់ពីគណៈអធិបតីប្រមូលត្រាចាស់ និងប្រគល់ត្រាថ្មីជូននាយប៉ុស្តិ៍រដ្ឋបាលទាំង៦រួចមក លោកសេង គី អភិបាលស្រុកភ្នំស្រុក បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ពិសេសការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ ថ្មីៗនេះ ។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានកោតសរសើរលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅ ដែលបានផ្តួចផ្តើមគំនិតបំផុសប្រជាពលរដ្ឋក្នុងការកសាងប៉ុស្តិ៍បានល្អ ។
លោកសេង គី បានមានប្រសាសន៍ណែនាំដល់នាយប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្រោយពីទទួលបានត្រាហើយត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវ មិនត្រូវទុកដាក់ខ្ចីខ្ជាធ្វើឱ្យបាត់បង់ ឬក៏ប្រើប្រាស់មិនត្រូវតាមច្បាប់កំណត់ ។ ទន្ទឹមនោះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងគោរពឱ្យបាននូវក្រមសីលធម៌របស់ខ្លួនជាមន្ត្រីនគរបាលជាតិ។ នារសៀលថ្ងៃទី២៧ មេសា ឆ្នាំ២០១១ នោះដែរ លោកវរសេនីយ៍ទោ ឌុច គឹមហ៊ាង ក៏បន្តដំណើរទៅរៀបចំពិធីប្រមូលត្រាចាស់ និងប្រគល់ត្រាថ្មីដល់ប៉ុស្តិ៍រដ្ឋបាលទាំង៩របស់ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពីលោកឌី តាន់ ប្រធានក្រុមប្រឹក្សាស្រុក លោកលី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងលោកអធិការ អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមេឃុំគ្រប់ឃុំផងដែរ៕
ចែករំលែកព័តមាននេះ