ខេត្តឧត្តរមានជ័យ ៖ លោកមេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ ប្រចាំខ្សែត្រៀមជួរមុខនៃតំបន់ប្រាសាទតាមាន់ធំ បានមានប្រសាសន៍ឱ្យដឹងថា ពេលនេះ យើងកំពុងតែតាមដានយន្តហោះ F16 របស់សៀមថាតើគេទម្លាក់គ្រាប់បែកមែន ឬក៏អត់? និងនៅកន្លែងណាខ្លះ? ហើយស្នាមខូងដីដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកនេះក៏រកពុំទាន់ឃើញនៅឡើយដែរ ដូច្នេះមិនទាន់អាចសន្និដ្ឋានថា ជាការទម្លាក់គ្រាប់បែកនោះទេ។ ទាក់ទិនទៅនឹងការឈ្លានពានប្រើយន្តហោះបាញ់ប្រហារ និងទម្លាក់គ្រាប់បែករបស់សៀមនេះ ទាហានកម្ពុជាកំពុងតែគិតគូរ និងត្រៀមក្នុងការឆ្លើយតបប្រឆាំងនឹងយន្តហោះនោះហើយ…ទាហានកម្ពុជាមិនមានការតក់ស្លុតអ្វី
ទេ ។
សូមបញ្ជាក់ថា មុននេះបន្តិច កងទាហានសៀមបានឈានទៅប្រើយន្តហោះ F16 ចំនួន៣គ្រឿង (យន្តហោះប្រយុទ្ធ) ហោះហើរនៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជាបង្កសំឡេងផ្ទុះប៊ឹងៗ ដែលធ្វើឱ្យគេសង្ស័យថា យន្តហោះនេះទម្លាក់គ្រាប់បែកមកលើទីតាំងឈរជើងរបស់ទាហានកម្ពុជា។ ជាមួយគ្នានេះក៏មានការបាញ់កាំភ្លើងគាំទ្រពីកងទ័ពថ្មើរជើងរបស់សៀមផង ដែរ មកលើទីតាំងខ្សែត្រៀមរបស់ទាហានកម្ពុជា នៅតំបន់ប្រាសាទតាក្របី តំបន់ថ្មដូន និងរាលដាលជិតដល់តំបន់ប្រាសាទតាមាន់ធំ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៥ មេសា ២០១១ ។ មន្ត្រីយោធាកម្ពុជាឈរជើងនៅខ្សែត្រៀមជួរមុខ បានឱ្យដឹងជាជំហានដំបូងថា យន្តហោះ F16 របស់ទាហានសៀម៣គ្រឿង បានហោះហើរលើខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា ហើយបង្កសំឡេងផ្ទុះខ្លាំងៗ ធ្វើឱ្យទាហានកម្ពុជាគិតថា ជាការទម្លាក់គ្រាប់ពី៦ទៅ៨គ្រាប់ មកលើទីតាំងយោធាកម្ពុជា ប៉ុន្តែមិនចំគោលដៅទេ…លើសពីនេះទៀត យន្តហោះដដែលបានហោះឆ្វែលដេញបង្កការផ្ទុះទៅលើរថយន្តដឹកស្បៀងរបស់ទាហានកម្ពុជាយ៉ាងតក់ក្រហល់ ប៉ុន្តែមិនចំគោលដៅ ធ្វើឱ្យអ្នកបើករថយន្តដឹកស្បៀងហាក់ភ័យស្លន់ស្លោ គិតតែពីបើករត់ និងបើកចូលព្រៃ…ការពិតយន្តហោះនោះហោះថតសភាពការណ៍តែប៉ុណ្ណោះ មិនមែនជាការបាញ់កាំភ្លើងគ្រាប់រ៉ុក្កែតនោះទេ៕
ចែករំលែកព័តមាននេះ