ខេត្តឧត្តរមានជ័យ ៖ កងទាហានសៀមបានឈានទៅប្រើយន្តហោះ F16 ចំនួន៣គ្រឿង (យន្តហោះប្រយុទ្ធ) ហោះហើរនៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជាបង្កសំឡេងផ្ទុះប៊ឹងៗ ដែលធ្វើឱ្យគេសង្ស័យថា យន្តហោះនេះទម្លាក់គ្រាប់បែកមកលើទីតាំងឈរជើងរបស់ទាហានកម្ពុជា ប៉ុន្តែមន្ត្រីយោធាខ្លះថា ជាសំឡេងផ្ទុះនៃការថតពីលើយន្តហោះតែប៉ុណ្ណោះ…ចំណែកឯការបាញ់គ្រាប់រ៉ុក្កែតពីលើយន្តហោះនោះ គឺពិតជាមានការបាញ់ប្រាកដមែនហើយ។ ជាមួយគ្នានេះក៏មានការបាញ់កាំភ្លើងធំគាំទ្រពីកងទ័ពថ្មើរជើងរបស់សៀមផងដែរ មកលើទីតាំងខ្សែត្រៀមរបស់ទាហានកម្ពុជា នៅតំបន់ប្រាសាទតាក្របី តំបន់ថ្មដូន និងរាលដាលជិតដល់តំបន់ប្រាសាទតាមាន់ធំ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៥ មេសា ២០១១ ។
មន្ត្រីយោធាកម្ពុជាឈរជើងនៅខ្សែត្រៀមជួរមុខ បានឱ្យដឹងជាជំហានដំបូងថា យន្តហោះ F16 របស់ទាហានសៀម៣គ្រឿង បានហោះហើរលើខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា ហើយបង្កសំឡេងផ្ទុះខ្លាំងៗ ធ្វើឱ្យទាហានកម្ពុជាគិតថា ជាការទម្លាក់គ្រាប់ពី៦ទៅ៨គ្រាប់ មកលើទីតាំងយោធាកម្ពុជា ប៉ុន្តែជាមួយគ្នានេះ មន្ត្រីយោធាបានលើកឡើងផងដែរថា វាអាចជាសំឡេងនៃការថតរបស់យន្តហោះ F16 ពីលើអាកាសបង្កឱ្យមានការផ្ទុះបែបនេះ…លើសពីនេះទៀត យន្តហោះដដែលបានហោះឆ្វែលដេញបាញ់រថយន្តដឹកស្បៀងរបស់ទាហានកម្ពុជាយ៉ាងតក់ក្រហល់ ប៉ុន្តែមិនចំគោលដៅធ្វើឱ្យអ្នកបើករថយន្តដឹកស្បៀងហាក់ភ័យស្លន់ស្លោ គិតតែពីបើករត់ និងបើកចូលព្រៃ…ការពិតយន្តហោះនោះហោះថតសភាពការណ៍តែប៉ុណ្ណោះ មិនមែនជាការបាញ់កាំភ្លើងគ្រាប់រ៉ុក្កែតនោះទេ៕
ចែករំលែកព័តមាននេះ