រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកម៉ាទី ណាតាឡេហ្កាវ៉ា ក្នុងនាមជាប្រធានអាស៊ានផ្តល់ព័ត៌មានឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការដែលទាហានសៀមបានប្រើកម្លាំងឈ្លានពានកម្ពុជា ។ នេះបើយោងតាមលិខិតផ្លូវការជាភាសាអង់គ្លេសរបស់លោកនាយករដ្ឋមន្ត្រីហោ ណាំហុង ផ្ញើជូនលោករដ្ឋមន្ត្រីការបរទេសឥណ្ឌណេស៊ីម៉ាទី ណាតាឡេហ្កាវ៉ា នាថ្ងៃទី២២ មេសា ២០១១ នេះ ។ គួរបញ្ជាក់ថា ការស្នើរបស់លោកឧបនាយករដ្ឋមន្ត្រីការបរទេសហោ ណាំហុង នាពេលនេះ គឺធ្វើឡើងប៉ុន្មានម៉ោងក្រោយពេលដែលទាហានកម្ពុជា និងទាហានសៀមបានប្រយុទ្ធគ្នា២ដងនៅព្រឹកថ្ងៃទី២២ មេសា។ ពីប្រទេសឥណ្ឌូណេស៊ីឯណោះវិញ លោករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីម៉ាទី ណាតាឡេហ្កាវ៉ា ក្នុងនាមជាប្រធានអាស៊ានបានអំពាវនាវឱ្យទាហានកម្ពុជា និងថៃ ឈប់បាញ់ជាបន្ទាន់ ។
សន្និសីទថ្កោលទោសសៀម
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានធ្វើសន្និសីទកាសែតកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២២ មេសា ២០១១ នៅវិមានមិត្តភាពនៃអគារទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជា និងការវាយប្រយុទ្ធគ្នាដ៏ស្វិតស្វាញរវាងកងទាហានកម្ពុជា-សៀមនៅតំបន់ប្រាសាទតាក្របី និងតាមាន់ធំ កាលពីព្រឹកព្រលឹមថ្ងៃទី២២ មេសា ២០១១ ។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានមានប្រសាសន៍ថា សង្គ្រាមឈ្លានពានរបស់សៀមនាពេលនេះគឺជាទង្វើកំសាកបំផុត ព្រោះពួកគេបែរជាបាញ់ប្រហារទៅលើភូមិឋានប្រជាពលរដ្ឋស្លូតត្រង់ទៅវិញ គឺទាហានសៀមបានបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ប្រភេទ១០៥មីល្លីម៉ែត្រ, ១៥៥មីល្លីម៉ែត្រ, DK 75, DK82 ចូលជ្រៅទៅក្នុងភូមិឋានប្រជាជនចម្ងាយជាង២០គីឡូម៉ែត្រក្នុងស្រុកបន្ទាយអម្ពិល… សម្រាប់កម្ពុជាវិញគ្រាន់តែប្រើកាំភ្លើងគាំទ្រធុនស្រាលៗប៉ុណ្ណោះ ។ ការបាញ់ផ្លោងបែបនេះ បានធ្វើឱ្យប្រជាជនស្លូតត្រង់រស់នៅក្បែរៗសមរភូមិត្រូវជម្លៀសចេញពីលំនៅឋានរាប់ពាន់នាក់ ទៅកាន់កន្លែងសុវត្ថិភាព ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានបញ្ជាក់ថា ការបាញ់ផ្លោងបែបនេះរបស់កងទាហានសៀម គឺខុសនឹងច្បាប់សង្គ្រាម ច្បាប់អន្តរជាតិ ត្រូវតែថ្កោលទោសឱ្យធ្ងន់ធ្ងរ…ហើយការវាយប្រយុទ្ធលើកនេះគឺទាហានសៀមបានឆ្មក់ចូលវាយពីក្រោយទ័ពឈរជើងរបស់កម្ពុជាដែលកងទ័ពកម្ពុជាពុំបានដឹងខ្លួនជាមុនឡើយ ។
ចំណែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃ ស៊ីផន បានមានប្រសាសន៍ថា ការចរចាឱ្យមានកិច្ចឈប់បាញ់គ្នាជាមួយសៀមនាពេលនេះវាមិនមែនជាជម្រើសទៀតទេ យន្តការចរចាដែលសំខាន់នោះគ្មានអ្វីក្រៅពីយន្តការនៅប្រទេសឥណ្ឌូណេស៊ីនោះទេ ក្រៅពីនេះគឺអត់ ។ លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយថា ថៃមិនត្រឹមតែឈ្លានពានកម្ពុជាប៉ុណ្ណោះទេ គឺឈ្លានពានលើគោលការណ៍អន្តរជាតិស្តីពីការឈប់បាញ់ថែមទៀត ។ លោកបានបដិសេធការផ្សាយរបស់កាសែត The Nation របស់ថៃដែលផ្សាយថា កងទ័ពកម្ពុជាបានបាញ់កាំភ្លើងធំនៅលើទឹកដីរបស់គេ ។ លោកផៃ ស៊ីផាន អះអាងថា ការឈ្លានពានរបស់ថៃជារឿងដែលមិនអាចទទួលយកបាន។
កំពូលប្រាសាទតាក្របីបាក់រលំ
តាមសេចក្តីរាយការណ៍ពីមន្ត្រីយោធាកម្ពុជាប្រចាំខ្សែត្រៀមជួរមុខបានបញ្ជាក់ឱ្យដឹងដែរថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យកំពូលប្រាសាទតាក្របីត្រូវបាក់រលំ ហើយលើសពីនេះទៀត យន្តហោះសៀមបានហោះក្រឡឹងតាមខ្សែបន្ទាត់ព្រំដែនជាទីដែលកំពុងប្រយុទ្ធគ្នា ប៉ុន្តែនៅលើអាកាសខ្ពស់…។
ទាហានសៀមស្លាប់ និងរបួសច្រើននាក់
យោងតាមតួលេខជំហានដំបូងពីមន្ត្រីយោធា ដែលឈរជើងនៅខ្សែត្រៀមជួរមុខបានឱ្យដឹងថា នៅសមរភូមិប្រាសាទតាក្របី ទាហានសៀមស្លាប់៧នាក់ រងរបួស៣នាក់ ចំណែកទាហានកម្ពុជាស្លាប់៣នាក់ របួស៣នាក់ ។ នៅសមរភូមិប្រាសាទតាមាន់ធំ ទាហានសៀមស្លាប់១នាក់ របួសធ្ងន់៦នាក់ ចំណែកទាហានកម្ពុជារងរបួស៤នាក់ ។ តួលេខអ្នកស្លាប់ និងរបួសរវាងទាហានទាំង២ភាគីកំពុងត្រូវបានសម្រង់ និងតាមដានជាបន្តទៀត ។
ស្នូរកាំភ្លើងស្ងប់ស្ងាត់មួយភ្លែត
ការវាយប្រយុទ្ធគ្នារវាងទាហានកម្ពុជា-សៀមមកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២២ មេសា ២០១១ បានស្ងប់ស្ងាត់ស្នូរគ្រាប់កាំភ្លើងទាំងធំទាំងតូចហើយ ប៉ុន្តែមិនមែនមានន័យការផ្ទុះអាវុធត្រូវបានបញ្ឈប់នោះទេ ពីព្រោះថា ការស្ងប់ស្ងាត់នេះមិនមែនកើតឡើងដោយការចរចារវាងមេទ័ពទាំង២កម្ពុជា-សៀមនោះឡើយ ពោលគឺការស្ងប់ស្ងាត់អាវុធនេះវាកើតឡើងដោយសារកងទាហានទាំង២ភាគីបង្អាក់ដោយខ្លួនឯង ដើម្បីរិះរកវិធីសាស្ត្រក្នុងការវាយប្រយុទ្ធសង្គ្រប់គ្នារៀងៗខ្លួនតែប៉ុណ្ណោះ ។ស្ងប់ ស្ងាត់មួយភ្លែត ស្នូរអាវុធលាន់សន្ធឹក និងកក្រើកបានចាប់ផ្តើមទៀតហើយ នៅប្រាសាទតាក្របី ទីដែលកងទាហានប៉ារ៉ាសៀមចូលឈ្លានពានមកលើកងទាហានកម្ពុជា កាលពីព្រឹកព្រលឹមថ្ងៃទី២២ មេសា ២០១១ ខណៈអ្នករងរបួស និងស្លាប់បញ្ជូនទៅមន្ទីរពេទ្យមិនទាន់បានរៀបរយស្រួលផង ។ ការផ្ទុះអាវុធនៅតំបន់ប្រាសាទតាក្របីសាជាថ្មីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃដដែល បន្ទាប់ពីកងទាហានទាំង២ភាគីបានបង្អាក់បន្តិចដើម្បីរិះរកយុទ្ធវិធីសង្គ្រប់គ្នាទៅវិញទៅមក ។
ច្រកទ្វារអន្តរជាតិបិទ និងស្ងាត់មនុស្ស
ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ត្រូវបានបិទដំណើរតការមិនអនុញ្ញាតឱ្យភ្ញៀវទេសចរ ប្រជាពលរដ្ឋចេញ-ចូល និងការដឹកជញ្ជូនទំនិញផ្សេងៗឆ្លងកាត់នោះទេ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ មេសា ២០១១។ ចំណែកច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មិនត្រូវបានបិទដំណើរការទេ ប៉ុន្តែមានសភាពស្ងាត់ជ្រងំ អត់ឃើញមានភ្ញៀវទេសចរ និងការដឹកទំនិញចេញ-ចូលនោះទេ ។ សូមបញ្ជាក់ថា ការបិទដំណើរការច្រកទ្វារអន្តរជាតិអូរស្មាច់នេះបានកើតឡើង បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ស្វាញស្វិតរវាងទាហានកម្ពុជា-សៀម ដែលកើតឡើងសាជាថ្មីនៅតំបន់ប្រាសាទតាក្របី និងបានរាលដាលមកដល់តំបន់ប្រាសាទតាមាន់ធំតាំងពីព្រឹកថ្ងៃទី២២ មេសា ២០១១ ។
ព្រំដែនបន្ទាយមានជ័យ និងព្រះវិហារមិនមានការប្រយុទ្ធគ្នា
ស្តីពីព្រំដែនប្រាសាទព្រះវិហារឯណោះវិញ ទាហានកម្ពុជាមានការប្រុងជើងការណ៍ខ្ពស់ ខណៈពេលទាហានសៀម៥នាក់ ដែលឈរជើងជាមួយទាហានកម្ពុជា៥នាក់ នៅចំណុចទ្វារដែកប្រាសាទព្រះវិហារ ត្រង់គោបុរៈទី៥នោះ បានរត់ចូលទឹកដីសៀមវិញហើយ នៅក្រោយពេលបន្តិចនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងសៀមនៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំនាព្រឹកព្រលឹមថ្ងៃទី២២ មេសា នេះ។ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារស្ថានភាពយោធានៅមានសភាពស្ងប់ស្ងាត់ ប៉ុន្តែស្ថិតក្នុងសភាពប្រុងជើងការណ៍ជាប់ជានិច្ច។ ជាមួយគ្នានេះដែរ នៅព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឯណោះវិញ ស្ថានភាពយោធាពុំមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែទាហានកម្ពុជាត្រូវបានទទួលបទបញ្ជាឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ ចំណែកភ្ញៀវចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញមានលក្ខណៈធម្មតា ។
ការប្រយុទ្ធក្តៅគគុកបានចាប់ផ្តើមពេលអរុណរះ
ការប្រយុទ្ធគ្នាដ៏ស្វាញស្វិតរវាងទាហានកម្ពុជា-សៀម ដែលកើតឡើងសាជាថ្មីនេះបានរាលដាលមកដល់តំបន់ប្រាសាទតាមាន់ធំហើយ ខណៈទ្រនិចនាឡិកាបានដើរមកដល់ចំណុចម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២២ មេសា ២០១១ បន្ទាប់ពីទាហានកម្ពុជាបានវាយប្រយុទ្ធខ្លាំងក្លាបណ្តេញសត្រូវចង្រៃទាហានសៀមឱ្យចាកចេញពីតំបន់ប្រាសាទតាក្របីតាំងពីព្រឹកព្រលឹមម៉្លេះ ។ សូមបញ្ជាក់ថា ការពើបប្រយុទ្ធគ្នាមួយដោយកាំភ្លើងធំ-តូចរវាងទាហានកម្ពុជា-សៀមបានកើតឡើងគួរឱ្យញាក់សាច់ ខណៈស្នូរផ្ទុះគ្រាប់
ធំៗលាន់កក្រើក និងស្នូរផ្ទុះគ្រាប់តូចៗ លាន់សន្ធឹកទ្រហឹងពេញព្រៃដែលជាសមរភូមិជួរមុខកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២២ មេសា ២០១១ នៅចំណុចប្រាសាទតាក្របី ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយយអម្ពិល។
តាមមន្ត្រីយោយធាកម្ពុជាដែលឈរជើងប្រចាំខ្សែត្រៀមជួរមុខបានឱ្យដឹងថា ព្រឹកព្រលឹមអុរឡើងគឺម៉ោង៦តែម្តង ក្រុមទាហានប៉ារ៉ាសៀមច្រើននាក់បានឆ្មក់រុលចូលមកក្នុងខ្សែត្រៀមកម្ពុជានៅចំណុចខ្ពស់ (ភ្នំខ្ពស់) នៅខាងកើតប្រាសាទតាក្របី ដោយមិនបានប្រាប់ដំណឹងជាមុន គឺពួកគេ (សៀម) មានចេតនាវាយយកកាន់កាន់ទីតាំងនោះ ដូច្នេះទាហានកម្ពុជា ដែលការពារបូរណភាពទឹកដីបានផ្ទុះអាវុធប្រាវតែម្តង ដើម្បីបណ្តេញទាហានសៀមឱ្យវិលត្រឡប់ទៅកាន់ទឹកដីរបស់ផងខ្លួនវិញ ។
ទាហានសៀមបើកការវាយឆ្មក់មកលើកងទ័ពកម្ពុជាមុន
មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-សៀម គឺបានចាប់ផ្តើមដោយទាហានសៀម បានឆ្លងដែនចូលមកធ្វើការឆ្មក់វាយប្រហារមកលើទីតាំងកងទ័ពកម្ពុជា នៅតាមបណ្តោយព្រំដែន ចាប់ពីតំបន់ប្រាសាទតាក្របីរហូតដល់ជប់គគីរ និងចូលជ្រៅមកក្នុងទឹកដីកម្ពុជា ។ នេះជាការអះអាងរបស់លោកឧត្តមសេនីយ៍ឈុំ សុជាតិ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី នាវេលារសៀលថ្ងៃទី២២ មេសា ខណៈដែលសមរភូមិប្រយុទ្ធកំពុងមានការតតាំងគ្នាទៅវិញទៅមកនោះ ។
លោកឧត្តមសេនីយ៍ឈុំ សុជាតិ មានប្រសាសន៍ថា នៅពេលដែលកងទ័ពថ្មើរជើងសៀមចូលមកធ្វើការឆ្មក់វាយប្រហារ លើមូលដ្ឋានទ័ពកម្ពុជានោះ ក៏៏បានប្រើប្រាស់អាវុធគាំទ្រធុនដេកា៧៥មិល្លីម៉ែត្រ ដេកា៨២មិល្លីម៉ែត្រ-១០៥-១០៦ រហូត១៥៥មិល្លីម៉ែត្រ បាញ់ផ្លោងចូលមកជ្រៅក្នុងទឹកដីកម្ពុជា រហូតចម្ងាយ២១គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ និងជាតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ ។ លោកបន្តថា រហូតមកដល់ម៉ោង១និង៣៥នាទីរសៀលនេះសភាពការណ៍មិនទាន់ស្ងប់ស្ងាត់ នៅឡើយទេ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា ការលួចឆ្មក់វាយមកលើកងទ័ពកម្ពុជាពីសំណាក់កងទ័ពថៃនាព្រឹកថ្ងៃ ទី២២ មេសា នេះ គឺផ្ទុយស្រឡះពីសុច្ឆន្ទៈដែលកម្ពុជាចង់បាន ហើយក៏បង្ហាញនូវការរំលោភបំពានរបស់ភាគីសៀមឈ្លានពានមកលើបូរណភាពទឹកដី កម្ពុជា រំលោភលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់អចិន្ត្រៃយ៍ដែលលើកឡើងដោយ អាស៊ាន និងអង្គការសហប្រជាជាតិ។ ម៉្យាងទៀតទាហានថៃបានធ្វើការវាយប្រហារមកលើតំបន់ ប្រាសាទ និងតំបន់ដែលមានជនស៊ីវិលរស់នៅ ដែលទាំងអស់នេះគឺជាការរំលោភបំពានលើសម្បត្តិវប្បធម៌ និងមនុស្សជាតិដែលមិនអាចទទួលយកបានឡើយ ។
ភូមិប្រជាពលរដ្ឋខ្មែររងគ្រោះដោយគ្រាប់ផ្លោងធុនធ្ងន់ច្រើនគ្រាប់
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅភូមិបូសធំ ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីប្រាសាទតាក្របីក្បែរព្រំដែន ត្រូវបានទាហានសៀមបាញ់ផ្លោងគ្រាប់ធុន១០៥មិល្លីម៉ែត្រធ្លាក់ ចំនួន៥គ្រាប់ តែមិនបានបង្កឱ្យមានអ្នកស្លាប់របួសឬខូចខាតអ្វីទេ ។ អ្នកភូមិប្រមាណ២០០គ្រួសារបានរត់គេចចេញមកនៅភូមិគោគខ្ពស់ ដែលជាកន្លែងមានសុវត្ថិភាព ។ តាមប្រភពព័ត៌មានដដែលនៅភូមិតានីស ឃុំគោកមន ស្រុកបន្ទាយអំពិល ក៏ត្រូវទ័ពសៀមផ្លោងគ្រាប់១០៥មិល្លីម៉ែត្រធ្លាក់៣គ្រាប់ដែរ គឺផ្ទុះ២គ្រាប់ មិនផ្ទុះ១គ្រាប់ ។ ភូមិនេះនៅចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីប្រាសាទតាមាន់ធំ ចំណែកភូមិពងទឹក ឃុំអម្ពិលក៏ត្រូវបានគ្រាប់ផ្លោងទាហានសៀមធ្លាក់២គ្រាប់ដែរ ។
ការប៉ះទង្គិចគ្នានេះពីម៉ោង៦ព្រឹករយៈពេល៤ម៉ោងក្រោយបាន ស្ងាត់ តែមិនមែនជាការឈប់បាញ់នោះទេ ហើយនៅម៉ោង១រសៀលក៏បានផ្ទុះបន្តទៀតនៅប្រាសាទតាក្របី ។ តាមមន្ត្រីយោធាបានឱ្យដឹងថា ទាហានសៀមនៅតែបាញ់ផ្លោងប្រភេទគ្រាប់បែកចង្កោម និងគ្រាប់គីមីពុល ។ សម្រាប់ភាគីកម្ពុជាមិនបានប្រើប្រាស់អាវុធដែលមានសក្តានុពល របស់ខ្លួននៅឡើយទេ ទោះបីភាគីសៀមបានប្រើកាំភ្លើងធំបាញ់ផ្លោងយ៉ាងណាក៏ដោយ ។
សេចក្តីរាយការណ៍ពីតំបន់ប្រាសាទព្រះវិហារ
នៅតំបន់ប្រាសាទព្រះវិហារ ខណៈមានការប៉ះទង្គិចគ្នានេះ មិនមានសភាពការណ៍អ្វីកើតឡើងទេ ជុំវិញស្ថានការណ៍យោធានៅតំបន់នោះគឺមានភាពស្ងាត់ស្ងៀម ។ ប៉ុន្តែតាមប្រភពឱ្យដឹងពីមន្ត្រីយោធានៅខ្សែត្រៀមជួរមុខ ប្រាសាទព្រះវិហារ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ មេសា បន្ទាប់ពីមានការផ្ទុះអាវុធនៅភាគខាងលិចក្នុងតំបន់ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីនោះ ទាហានសៀមចំនួន៥នាក់ដែលសុំកងទ័ពកម្ពុជាឈរជើងក្នុងដីខ្មែរនៅ ក្បែរច្រកទ្វារដែកមុខគោបុរៈទី៥ បាននាំគ្នារត់ចេញពីទីនោះបាត់អស់ ដោយពួកគេទាំង៥នាក់បាននិយាយប្រាប់កងទ័ពកម្ពុជានៅជាមួយដោយខ្លះថា ត្រូវបានមេទ័ពពួកគេឱ្យទៅរៀន ខ្លះទៀតនិយាយថាចូលទៅយកបាយ តែរហូតដល់ម៉ោង២រសៀលទៅហើយនៅមិនឃើញពួកគេត្រឡប់មកវិញទេ ។
នៅព្រឹកថ្ងៃដដែលនេះដែរ មានលេចឮព័ត៌មានខ្លះថា មេទ័ពសៀមសុំមេទ័ពខ្មែរដើម្បីចូលជួបចរចាគ្នានៅចំណុចច្រកតាថាវ ភ្នំទ្រព្យ ឬចាក់ច្រែងនោះ គឺមិនមានទេ គ្រាន់តែកងទ័ពទាំងពីរភាគីដែលឈរជើងនៅខ្សែត្រៀមជួរមុខ តាមបណ្តាចំណុចទាំង៣ខាងលើ គឺមួយសប្តាហ៍ម្តងពួកគេតែងតែណាត់ជួបគ្នាជាប្រចាំតាមចំណុច នីមួយៗតែប៉ុណ្ណោះ ។ មន្ត្រីយោធាកម្ពុជាប្រចាំការនៅចំណុចក្បែរច្រកទ្វារដែកជាមួយ ទាហានសៀមបានឱ្យដឹងថា ត្រង់ចំណុចគួរឱ្យចាប់អារម្មណ៍គឺបន្ទាប់ពីមានការផ្ទុះអាវុធនៅ ភាគខាងលិចភ្លាម ស្រាប់តែទ័ពសៀមចំនួន៥នាក់ដែលនៅជាមួយបានរត់ចេញអស់ ។ ដោយឡែក នៅតំបន់ប្រាសាទព្រះវិហារ ទោះជានៅតំបន់ប្រាសាទភាគខាងលិចមានការផ្ទុះអាវុធក៏ដោយ ក៏នៅប្រាសាទព្រះវិហារមិនមានការផ្ទុះអាវុធទេ តែទោះបីយ៉ាងនេះក៏ដោយ ក៏កងទ័ពកម្ពុជានៅតែមានការត្រៀមលក្ខណៈប្រុងជើងការខ្ពស់បំផុត ដោយមិនហ៊ានធ្វេសប្រហែសឡើយ ។
ប្រភពព័ត៌មានពីប្រទេសសៀម
គេហទំព័រ MCOT របស់ថៃ ជាភាសាអង់គ្លេសនៅថ្ងៃទី២២ មេសា ចេញផ្សាយទាក់ទិនទៅនឹងការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីទៀត រវាងកងទ័ពថៃ និងកងទ័ពកម្ពុជាថា មេបញ្ជាការយោធាជាន់ខ្ពស់សៀមឧត្តមសេនីយ៍ Songkiti Jaggabatara បានបញ្ជាឱ្យយោធាតាមដានឱ្យបានដិតដល់ចំពោះស្ថានការណ៍នៃការ ប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ចំណែកលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា បានបញ្ជាឱ្យជម្លៀសពលរដ្ឋដែលរស់នៅក្បែរកន្លែងមានការ ប៉ះទង្គិចគ្នា ។ បណ្តាញព័ត៌មានថៃរាយការណ៍ថា ក្នុងការប៉ះទង្គិចគ្នានេះបណ្តាលឱ្យស្លាប់ទាហានថៃ៤នាក់ និងរបួស៩នាក់ ហើយបានចោទថា ទាហានកម្ពុជាជាអ្នកបាញ់មុន ។ ការចេញផ្សាយដោយបណ្តាញសារព័ត៌មានថៃនេះគឺមិនពិតទាល់តែសោះ ហើយត្រូវបានប្រកាសច្រានចោលដោយមន្ត្រីជាន់ខ្ពស់កម្ពុជា ដែលតាមពិតទាហានសៀមទេ ដែលឈ្លានពានចូលទឹកដីកម្ពុជា។
គេហទំព័រ MCOT បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ដែលបានថ្លែងថា លោកបានបញ្ជាដល់ក្រសួងពាក់ព័ន្ធឱ្យជួយជម្លៀសពលរដ្ឋ មូលដ្ឋានចេញពីតំបន់មានការប៉ះទង្គិចគ្នានោះ ហើយការស៊ើបអង្កេតកំពុងធ្វើដើម្បីរកមូលហេតុដែលនាំឱ្យ មានការប៉ះទង្គិចគ្នាជាថ្មីនេះ ។ លោកអាប់ភីស៊ីត ថ្លែងថា ការប៉ះទង្គិចគ្នានេះប្រហែលជាដោយសារកងទ័ពថៃ និងកងទ័ពកម្ពុជា បោះទីតាំងឈរជើងនៅជិតគ្នាពេក។
នាយករដ្ឋមន្ត្រីថៃរូបនេះថ្លែងអះអាងថា ភាគីថៃពុំមានបំណងបង្កហេតុមុនទេ ហើយការស៊ើបអង្កេតស្វែងរកការពិតកំពុងតែធ្វើឡើង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសថៃ លោកកាស៊ីត ភីរម្យ ថ្លែងថា កងទ័ពកំពុងដោះស្រាយស្ថានការណ៍នៅកម្រិតមូលដ្ឋាន ហើយថា ស្ថានការណ៍នឹងមិនមានភាពធ្ងន់ធ្ងរ ហើយនឹងបង្កផលប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋានឡើយ ៕
ចែករំលែកព័តមាននេះ