ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនស្ទាក់​ចាប់​ឈើ​ប្រណីត​ទាំង​យប់​បាន​២​តោន កំពុងដឹក​ចេញទៅប្រទេស​វៀត​ណាម

15 ឆ្នាំ មុន

ខេត្ត​កំពត ៖ ឈើ​គ្រញូង​២តោន​ដឹក​តាម​គោ​យន្ត​ច្នៃ​ ត្រូវបានសមត្ថ​កិច្ច​រដ្ឋ​បាលព្រៃ​ឈើ​​ដឹកនាំ​ដោយលោក​ហង្ស ភឿង ប្រធាន​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​ស្រុកឈូក សហ​ការជាមួយកង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឈូក​ចាប់​ឃាត់​​ទុក​ ខណៈ​ធ្វើ​ដំណើរ​ក្នុងគោល​ដៅ​ឆ្ពោះ​ទៅ​លក់នៅ​​ប្រទេស​វៀត​ណាម ។ ការ​បង្ក្រាប​ចាប់​ឈើ​ប្រណីត​នេះ ធ្វើ​ឡើង​កាលពីវេលាម៉ោង​១១​យប់​ថ្ងៃទី​៧ កញ្ញា ២០១០ នៅ​លើ​ផ្លូវក្រួស​ក្រហម​មួយស្ថិ​ត​ក្នុង​ភូមិ​ខ្នាច​រមាស ឃុំនារាយណ៍ ស្រុកឈូក​ ។ ជាមួយ​នេះ​សមត្ថ​កិច្ច​បានឃាត់​ខ្លួន​បុរស​២នាក់​ គឺម្នាក់​ឈ្មោះ​អៀវ កេត អាយុ​៤៣​ឆ្នាំ ​ជា​កម្មករ​លី​សែង​​ចល័ត និងម្នាក់​ទៀត​ឈ្មោះ​​ឃុត ហឿន អាយុ​៣១​ឆ្នាំ ជា​អ្នក​បើក​បរ ។

បុរស​ទាំង​២រស់នៅ​ភូមិ​ព្រៃពក ឃុំដង​ទង់ ស្រុក​ដង​ទង់ បាន​និយាយថា ឈើ​ប្រណីត​ទាំងនេះ​មិន​មែន​​ជា​របស់​ពួកខ្លួន​នោះទេ គឺ​ពួក​ខ្លួន​គ្រាន់តែ​ស៊ី​ឈ្នួល​ដឹកឱ្យ​គេ​តែ​ប៉ុណ្ណោះ ។ តាមប្រភពព័ត៌មាន​បាន​ឱ្យ​ដឹងថា ឈើ​ប្រណីត​​ដែលឈ្មួញ​លប​លួចដឹក​ចេញ​នេះ​គឺគេ​​កាប់​ពី​ភ្នំ​នៅ​ក្នុង​ទឹក​ដីខេត្ត​កែប ហើយ​លាក់​ទុក​​នៅ​តាម​ព្រៃ លុះ​ពេល​មាន​ឱកាស​ល្អ​ក៏​យកឡាន​ដើ​រប្រមូល​ដឹកចេញ​ឆ្ពោះទៅតាមគោល​ដៅ​របស់គេ​តែ​ម្តង​ ។ ឈើទាំង​នេះ​ត្រូវ​បាន​យកទៅ​រក្សា​ទុកនៅ​ទីស្នាក់​ការ​រដ្ឋ​បាល​ព្រៃឈើ​អូរ​ដង​សន្ទូច ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់ ៕