រដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករ៥ដុល្លារ បន្ទាប់ពីមានការពិភាក្សាល្អិតល្អន់
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:៣៨
សហការី
សភាសម្ព័ន្ធសហជីពជាតិកម្ពុជាធ្វើសន្និសីទកាសែតស្ដីពីការដំឡើងប្រាក់ឈ្នួល
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្រកាសដំឡើងប្រាក់ខែអប្បបរមាចំនួន៥ដុល្លារ ដល់កម្មករបន្ថែមទៀត ព្រមទាំងបញ្ចូលប្រាក់ឧបត្ថម្ភជីវភាពចំនួន៦ដុល្លារផងដែរ ទៅក្នុងប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិតផ្នែកកាត់ដេរសំលៀកបំពាក់ និងស្បែកជើងគ្រប់ៗគ្នា ។ ការដំឡើងប្រាក់ខែរបស់កម្មកររោងចក្រកាត់ដេរ និងផលិតស្បែកជើង ត្រូវបានធ្វើឡើងទៅតាមកាលៈទេសៈនៃស្ថានភាពសេដ្ឋកិច្ច ដើម្បីយឹតយោងនឹងអតិផរណាទំនិញផ្សេងៗ ។ ដូច្នេះកម្មករដែលធ្វើការពេញសិទ្ធិ មានប្រាក់ខែ៥០ដុល្លារ ត្រូវទទួលបាន៥ដុល្លារបន្ថែមទៀត និងប្រាក់ឧបត្ថម្ភជីវភាព៦ដុល្លារផងដេរ ។
ចំណែកកម្មករនិយោជិត ដែលស្ថិតនៅក្នុងដំណាក់កាលសាកល្បងការងារ បច្ចុប្បន្នមានប្រាក់ឈ្នួលអប្បបរមា៤៥ដុល្លារ ត្រូវបានដំឡើងបន្ថែម៥ដុល្លារ និងបញ្ចូលប្រាក់ឧបត្ថម្ភជីវភាព៦ដុល្លារ ដូច្នេះពួកគេនឹងទទួលបានប្រាក់ឈ្នួលសាកល្បង ការងារហូតដល់៥៦ដុល្លារ ។និយាយឱ្យខ្លី អ្នកពេញសិទ្ធិទទួលបាន៦១ដុល្លារសំរាប់១ខែ ឯអ្នកសាកល្បងបាន៥៦ដុល្លារ ។
ក្រុមប្រឹក្សាទំនាក់ទំនងវិជ្ជាជីវៈ និងគណៈកម្មការប្រឹក្សាការងារ សូមអំពាវនាវដល់ អង្គការសហជីព កម្មករ និយោជិត និយោជក អង្គការវិជ្ចាជីវៈ អង្គការអន្ដរជាតិ សូមចូល រួមសហការ និងគាំទ្រដល់គោលការណ៍ខាង លើនេះ ដើម្បីរក្សាស្ថិរភាពការងារ និងជីវភាពរបស់បងប្អូន និងសូមចៀសវាងការធ្វើសកម្មភាពកូដកម្មបាតុកម្មដែលនាំឱ្យខូចខាតដល់ផលប្រយោជន៍របស់កម្មករ និយោជិត និយោជក និងសង្គមជាតិយើងក្នុងបរិបទ ដែលប្រទេសជាតិកំពុងប្រឈមនឹងផលប៉ះ ពាល់នៃវិបត្ដិសេដ្ឋកិច្ចហិរញ្ញវត្ថុពិភពលោក ៕