ការផ្ទុះអាវុធបានឆាបឆេះឡើងនៅតំបន់សំបុកឃ្មុំ និងតំបន់ផ្សេងទៀត ដោយទាហានកម្ពុជាបណ្តេញទាហានសៀមដែលព្យាយាមចូលមកគ្រប់គ្រង
ដោយ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ១៥:៥៧
ខេត្តព្រះវិហារ ៖ មុននេះប្រមាណ២០នាទី គឺនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៤ កុម្ភៈ ២០១១ ការផ្ទុះអាវុធស្របច្បាប់របស់ទាហានកម្ពុជា ដើម្បីការពារទឹកដីត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់បណ្តេញទាហានថៃ ឱ្យដកថយទៅវិញ ខណៈទាហានសៀមឈ្លានពាននេះធ្វើផ្លូវឈូសឆាយចូលទៅកាន់តំបន់ សំបុកឃ្មុំទឹកដីកម្ពុជាដែលជាដែនបំរាមចុងក្រោយ ។
មន្ត្រី យោធាកម្ពុជាបាននិយាយឱ្យដឹងថា មុនពេលផ្ទុះអាវុធគឺទាហានកម្ពុជាបានដាក់បំរាមរួចហើយ កុំឱ្យទាហានថៃឈូសឆាយផ្លូវចូលមកដល់ចំណុចសំបុកឃ្មុំ ឱ្យសោះ ព្រោះថា នេះជាទឹកដីរបស់កម្ពុជា ប៉ុន្តែទាហានសៀមនៅតែក្បាលរឹង រុលចូលដដែល គឺមានបំណងឈ្លានពានទឹកកម្ពុជាយ៉ាងពិតប្រាកដ ដែលបំណងរបស់គេគឺចូលមកឈរជើងក្នុងរង្វង់ផ្ទៃដី៤,៦គីឡូម៉ែត្រការ៉េ និងវត្តកែវសិក្ខាគិរីស្វារៈ ដូច្នេះទាហានកម្ពុជាដាច់ខាតត្រូវតែប្រើសិទ្ធិស្វ័យការពារ ជាកំហិត ទោះជាស្លាប់រស់ក៏ដោយ ។
ការផ្ទុះបានចាប់ផ្តើម ចេញពីតំបន់សំបុកឃ្មុំហើយរាលដាលតៗគ្នាទៅដល់តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី និងតាសឹម ព្រមទាំងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនកន្លែងទៀត ស្ថិតនៅស្លាបខាងឆ្វេងប្រាសាទព្រះវិហារ គឺទាហានកម្ពុជាបានប្រើកាំ ភ្លើងធុនធ្ងន់ និងស្រាលជាច្រើនសន្ធាប់ទៅលើទាហានសៀមឱ្យបាក់ទ័ពបត់ចូលទៅ ដល់ចំណុចផ្ទះក្រហមវិញដែលថៃអះអាងថា ជាទឹកដីរបស់ពួកគេ ។ ចំណែកនៅតាមបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យឯណោះវិញ តំបន់ប្រាសាទតាមាន់ធំ ពុំមានការផ្ទុះអាវុធកើតឡើងនោះទេ បើទោះណាទាហានទាំង២ភាគីកម្ពុជា-ថៃកំពុងរំជើបរំជួលត្រៀម ជើងការប្រយុទ្ធរៀងៗខ្លួនក៏ដោយ ៕