រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ជិះម៉ូតូម៉ាកហុងដា C125 ធ្វើសកម្មភាពភ្ជង់ប្លន់នៅមុខផ្ទះយកកាបូបប្រាក់ ក្នុងនោះមានលុយប្រមាណ១ម៉ឺនដុល្លារ ហើយរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ អំពើប្លន់នេះត្រូវបានគេនិយាយឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី៣១ សីហា នៅចំណុចមុខផ្ទះលេខ៣៤ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខណៈស្ត្រីម្ចាស់កាបូបចុះពីររថយន្តម៉ាករ៉េវ-4 (RAV-4) ពណ៌ខៀវមួយគ្រឿង បំរុងបើកទ្វារចូលទៅក្នុងផ្ទះ ។
ស្ត្រីដែលត្រូវចោរភ្ជង់ប្លន់នោះឈ្មោះម៉ៅ ពៅ អាយុ៣១ឆ្នាំ មានលំនៅផ្ទះកើតហេតុតែម្តង ។ ចំណែកចោរប្លន់មានបក្សពួកចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ស្ត្រីឈ្មោះម៉ៅ ពៅ ខណៈនាងវិលត្រឡប់មកពីកាស៊ីណូណាហ្គាវើល លុះមកដល់មុខផ្ទះក៏ចុះពីលើរថយន្តចុចកណ្តឹងទ្វារហៅអ្នកខាងក្នុងឱ្យមកបើកទ្វារផ្ទះ ស្របពេលនោះពួកចោរបានចូលទៅភ្ជង់ប្លន់យកកាបូបប្រាក់តែម្តង រួចហើយគេចខ្លួនបាត់ក្នុងស្បៃរាត្រី ។
កាបូបប្រាក់ដែលចោរយកទៅនោះមានទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ រួមទាំងឯកសារមួយចំនួនទៀត ។ គួរកត់សំគាល់ថា ឱ្យតែអ្នកចេញពីលេងល្បែងនៅកាស៊ីណូណាហ្គា ហើយឈ្នះពី៥.០០០ ឬ៦.០០០ដុល្លារ ឬក៏ឈ្នះប្រហែលជាង១ម៉ឺនដុល្លារឡើងទៅ ច្រើនតែគេចខ្លួនមិនរួចពីក្រុមចោរទេ… ឧទាហរណ៍ដូចជាការបាញ់ប្លន់នៅលើផ្លូវព្រះមុនីវង្ស ក្បែរផ្សារធំថ្មី និងភ្ជង់ប្លន់នៅក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លាជាដើម ៕
ចែករំលែកព័តមាននេះ