រកឃើញគ្រាប់បែកបង្កៃ3គ្រាប់ក្នុងក្រុងបាងកកនិងខេត្តដែលនៅក្បែរ
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:០២

គេហទំព័របរទេស
ប៉ូលិសសៀមកំពុងដោះគ្រាប់បែក
ប៉ូលិសនិយាយថា គ្រាប់បែកចំនួន៣គ្រាប់ត្រូវបានគេរកឃើញក្នុងទីក្រុងបាងកក និងខេត្តនុនថាបុរី ដែលនៅក្បែរដោយក្នុងចំណោមគ្រាប់បែកទាំងនោះមួយគ្រាប់ត្រូវបានដាក់បង្កៃនៅបរិវេណខាងមុខសាលារៀនមួយ និងមួយគ្រាប់ទៀត ត្រូវបានដាក់បង្កៃនៅបរិវេណខាងមុខផ្សារទំនើបមួយ ។ ទាក់ទិនទៅនឹងការរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ៣គ្រាប់នោះ លោក Prawut Thavornsiri ជាអ្នកនាំពាក្យប៉ូលិសជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា គ្រាប់បែកទាំង៣គ្រាប់នេះ ត្រូវបានរកឃើញក្នុងពេលផ្សេងគ្នា និងកន្លែងផ្សេងគ្នាគឺមួយត្រូវរកឃើញកាលពីវេលារសៀលថ្ងៃទី៨ កញ្ញា ដោយដាក់នៅក្រោមស្ពានឈើនៅខាងក្រៅសាលារៀនមួយ ចំណែក២គ្រាប់ទៀតដែលគ្រាប់នីមួយៗទំងន់ប្រហែល៥គីឡូក្រាម ត្រូវបានរកឃើញនៅបរិវេណខាងមុខផ្សារទំនើបមួយ និងមួយគ្រាប់ទៀតត្រូវបានរកឃើញនៅកន្លែងចតរថយន្តនៃក្រសួងសុខាភិបាលក្នុងខេត្តនុនថាបុរី ដែលគ្រាប់បែកទាំង២គ្រាប់នេះត្រូវបានរកឃើញនៅយប់ថ្ងៃដដែលនេះដែរ ។ ប៉ុន្តែគ្រាប់បែកទាំង៣គ្រាប់នោះត្រូវបានដោះដោយជោគជ័យ ។
ការរកឃើញគ្រាប់បែកទាំង៣គ្រាប់នេះ គឺក្រោយពីការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ក្នុងទីក្រុងបាងកកនាពេលថ្មីៗកន្លងមក ទោះបីក្រុងបាងកកនៅបន្តប្រើប្រាស់ច្បាប់គ្រាអាសន្នក៏ដោយ ។ ជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋាភិបាលថៃមានដាក់ទីតាំងសំខាន់ៗចំនួន៤៦០កន្លែងនៅទូទាំងក្រុងបាងកកក្នុងការប្រុងជើងការណ៍ខ្ពស់ ហើយបានបញ្ជូនប៉ូលិស និងទាហានជាច្រើនពាន់នាក់ដាក់នៅតាមមហាវិថីធំៗ ដើម្បីរឹតបន្តឹងសន្តិសុខរយៈពេល២៤ម៉ោង ។ ដោយឡែក ព្រះបរមរាជវាំង អគាររដ្ឋាភិបាលសំខាន់ៗ រោងចក្រផលិតថាមពល និងមន្ទីរដឹកជញ្ជូនសាធារណៈបានទទួលការការពារពីមជ្ឈមណ្ឌលដោះស្រាយស្ថានភាពគ្រាអាសន្ន ។ ចំណែកលោកស៊ូថេប ធឿកស៊ូបាន ឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកសន្តិសុខជាតិ ថ្លែងថា រូបលោកបានណែនាំដល់មន្ត្រីឱ្យរឹតបន្តឹងសន្តិសុខក្រោយពីរកឃើញគ្រាប់បែកទាំង៣គ្រាប់នោះ។ ទោះបីជាបែបណា នៅមិនទាន់ដឹងថា អ្នកណាជាអ្នកដាក់បង្កៃគ្រាប់បែកទាំងនោះនៅឡើយ
ទេ ។
បក្សភឿថៃ ៖ ការដាក់ និងដោះគ្រាប់បែកទាំង៣ ជាលេសដើម្បីបន្តការប្រើប្រាស់ច្បាប់គ្រាអាសន្ន
ទាក់ទិនទៅនឹងការរកឃើញគ្រាប់បែកទាំង៣គ្រាប់នោះគណបក្សប្រឆាំងរបស់ថៃគឺគណបក្សភឿថៃ កាលពីថ្ងៃទី៩ កញ្ញា បានស្តីបន្ទោសលើរដ្ឋាភិបាលដោយអះអាងថា ការដាក់ និងដោះគ្រាប់បែកទាំងនេះត្រូវបានធ្វើឡើងជាលេសដើម្បីបន្តប្រើប្រាស់ច្បាប់គ្រាអាសន្ន។ សមាជិកគណបក្សភឿថៃ បានចោទប្រកាន់រដ្ឋាភិបាលថា ជាពិរុទ្ធជននៅពីក្រោយការដាក់គ្រាប់បែកទាំងនេះ ។ ចំណែកលោកចាទុផន ព្រំផាន ជាសមាជិកសភាគណបក្សភឿថៃ និងជាមេដឹកនាំក្រុមអាវក្រហមសំខាន់មួយរូបថ្លែងថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយការប៉ុនប៉ងដាក់បំផ្ទុះគ្រាប់បែកទាំងអស់ ។ ជាការឆ្លើយតបចំពោះការអះអាងរបស់លោកចាទុផន លោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ថ្លែងថា ការរកឃើញគ្រាប់បែកទាំងនេះគឺជាសញ្ញាបង្ហាញថា មានមនុស្សមួយចំនួនចង់បង្កអស្ថិរភាពក្នុងប្រទេស ។
សន្តិសុខជុំវិញលោកអាប់ភីស៊ីត និងលោកស៊ូថេប ត្រូវបានរឹតបន្តឹង
ជាមួយនេះ សន្តិសុខនៅជុំវិញមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក្នុងនោះមានលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា និងលោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ត្រូវបានរឹតបន្តឹងខុសប្លែកពីធម្មតា ក្រោយពីការរកឃើញគ្រាប់បែកទាំងនេះ និងក្រោយពីមានលេចឮព័ត៌មានជនមួយក្រុមមានផែនការធ្វើឃាតមន្ត្រីសំខាន់ៗដោយប្រើសព្វាវុធសង្គ្រាម ៕