ខេត្ដបន្ទាយមានជ័យ ៖ ការនាំទំនិញចេញចូលតាមច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែតដែលស្ថិតក្នុងខេត្ដបន្ទាយមានជ័យជាប់ព្រំដែនថៃមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្នុង រយៈពេល៦ខែដើមឆ្នាំ២០១០នេះ ។ យោងតាមស្ថិតិរបស់មន្ដ្រីប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែតឱ្យដឹងកាលពីថ្ងៃទី២៤ ខែកក្កដា ថាក្នុងឆមាសទី១នៃឆ្នាំ២០១០ នេះ ទំនិញនាំចូលតាមច្រកប៉ោយប៉ែតពីប្រទេសថៃ មានចំនួន៤៩១.៧១៩តោន ហើយទំនិញនាំចេញពីកម្ពុជាទៅប្រទេសថៃវិញមានចំនួន៥៩.១៥៣តោន ។ បើតាមតួលេខកាលពី ឆ្នាំ២០០៩ ក្នុងរយៈពេលដូចគ្នា ការនាំទំនិញចូលពីប្រទេសថៃមានចំនួន២១៦.៩៧៥តោន តែការនាំចេញពីប្រទេសកម្ពុជាទៅថៃមានចំនួនតែ៣.៨៧០តោនប៉ុណ្ណោះ ។ ផ្អែកតាមតួលេខនោះបានបង្ហាញថា ចាប់តាំងពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០១០ មានការដឹកជញ្ជូនទំនិញចេញចូលពីប្រទេសកម្ពុជាទៅប្រទេសថៃកើនឡើងរហូតដល់ទៅជាង៩៣%ឯណោះ ។ ចំណែកទំនិញនាំចូលពី ប្រទេសថៃមកកម្ពុជាវិញកើនឡើងជាង៥៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០០៩ ។
លោក លាក់ រម្យនា ប្រធានរដ្ឋបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែតប្រាប់កោះសន្ដិភាព កាលពីថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ថាកំណើនទំនិញនាំចេញនាំចូលតាមច្រកទ្វារអន្ដរជាតិនេះ មានការកើនឡើងវិញដោយសារសភាពការណ៍ព្រំដែនមានភាពធូរស្រាលជាងមុន ហើយម្យ៉ាងទៀតវិបត្ដិសេដ្ឋកិច្ចពិភពលោកក៏បានងើបឡើងវិញដែរ ។ ច្រកទ្វារប៉ោយប៉ែតគឺជាច្រកទ្វារអន្ដរជាតិ មួយធំជាងគេបង្អស់ក្នុងចំណោមច្រកទ្វារនៅតាមព្រំដែនកម្ពុជា និងថៃ ។ អាជីវករនៅក្នុងខេត្ដបន្ទាយមានជ័យម្នាក់ខាងនាំទំនិញចេញចូលកម្ពុជា-ថៃ បានថ្លែងប្រាប់កោះសន្ដិភាព កាលពីថ្ងៃទី២៥ ខែកក្កដាថា “ជំលោះព្រំដែន កម្ពុជា និងថៃមិនបានធ្វើឱ្យប៉ះពាល់ដល់ការ រកស៊ីរបស់ខ្ញុំឡើយ ម្យ៉ាងទៀត ទោះជាមានវិបត្ដិសេដ្ឋកិច្ចពិភពលោកកើតឡើងជាមួយគ្នានឹងជំលោះផងដែរនោះក៏ការរកស៊ីរបស់ខ្ញុំនៅតែមានលក្ខណៈធម្មតា ”។
Thai Embassy’s Foreign Trade Promo tion Office (FTPO) បានបង្ហាញថា ការវិនិយោគរវាងកម្ពុជា និងថៃបានកើនឡើងជាង៨០% ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១០ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន ។ ភាពតានតឹងរវាងប្រទេសទាំងពីរកាល ពីឆ្នាំកន្លងទៅដោយសារការប៉ះទង្គិចគ្នាក្នុង ជំលោះប្រាសាទព្រះវិហារនោះធ្វើ់ឱ្យប៉ះពាល់ដល់ការវិនិយោគតិចតួចប៉ុណ្ណោះ ។ លោកលាក់ រម្យនាប្រធានរដ្ឋបាលច្រកទ្វារប៉ោយប៉ែត
បញ្ជាក់បន្ថែមទៀតថា “ប្រភេទទំនិញនាំចេញពីកម្ពុជាទៅថៃភាគច្រើនជាសំលៀកបំពាក់ និងអេតចាយ ចំណែកទំនិញនាំចូលពីប្រទេសថៃមកកម្ពុជាភាគច្រើនជាគ្រឿងសំណង់ដូច ជាដែក និងស៊ីម៉ង់ត៍ជាដើម” ។ លោក ជួប អេន ប្រធានស្នាក់ការគយ ប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែតមិនបានផ្ដល់ព័ត៌មានជុំវិញទំនិញចេញចូលនេះទេ ៕
ចែករំលែកព័តមាននេះ