កិច្ចប្រជុំស្វែងរកថវិកាបន្ថែមសម្រាប់សាលាក្តីខ្មែរក្រហម
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:១៧

សហការី
កិច្ចប្រជុំស្វែងរកថវិកាបន្ថែមសម្រាប់សាលាក្តីខ្មែរក្រហមក្រោមអធិបតីភាពរបស់លោកបណ្ឌិតសុខ អាន
រាជធានីភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំកិច្ចប្រជុំដ៏ធំមួយនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ដែលចូលរួមដោយក្រុមការងារតំណាងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សាលាក្តីខ្មែរក្រហម តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ការកាត់ទោសមេដឹកនាំខ្មែរក្រហម និងប្រទេសម្ចាស់ជំនួយចំនួន២២ប្រទេសដែលជាសមាជិកនៃមិត្តរបស់សាលាក្តីខ្មែរក្រហម និងសមាជិកសហគមន៍អឺរ៉ុប ក្នុងនោះ១៣ប្រទេសតំណាងដោយឯកអគ្គរដ្ឋទូត ។ កិច្ចប្រជុំនេះដឹកនាំដោយឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតបារាំងដែលជាសហប្រធាននៃមិត្តរបស់សាលាក្តីខ្មែរក្រហម និងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិតសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំនាញបង្កើតតុលាការខ្មែរក្រហមរបស់រាជរដ្ឋាភិបាលកម្ពុជា ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍ប្រកបដោយជោគជ័យនិងផ្លែផ្កាកន្លងមករបស់សាលាក្តីខ្មែរក្រហម និងដើម្បីស្វែងរកវិភាគទានបន្ថែមសម្រាប់បន្តដំណើរការរបស់សាលាក្តីនេះក្នុងឆ្នាំ២០១០និងឆ្នាំ២០១១ ។
ថ្លែងក្នុងឱកាសនោះ លោកសុខ អាន បានលើកឡើងអំពីជោគជ័យរបស់សាលាក្តីក្នុងសំណុំរឿង០០១ ប្រឆាំងនឹងជនជាប់ចោទកាំង ហ្កេច អ៊ាវ ហៅឌុច និងផលប្រយោជន៍ជាវិជ្ជមានរបស់ដំណើរការនេះក្នុងសង្គមកម្ពុជានិយាយជាទូទៅ និងក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជានិយាយដោយចំពោះ ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់តុលាការនេះក្នុងការផ្សះផ្សាជាតិនៅកម្ពុជា និងសារសំខាន់នៃការចាប់យកឱកាសក្នុងការធ្វើសមាហរណកម្មចំណេះនិងជំនាញពីអង្គតុលាការកូនកាត់នេះទៅក្នុងប្រព័ន្ធតុលាការក្នុងស្រុក ។ លោកក៏មិនភ្លេចលើកឡើងអំពីការគាំទ្រយ៉ាងកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះតុលាការខ្មែរក្រហម និងអំពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់វប្បធម៌នីទណ្ឌភាពនៅកម្ពុជា ។ លោកបានអំពាវនាវដល់បណ្តាប្រទេសម្ចាស់ជំនួយឱ្យបន្តជួយជាវិភាគទានថវិកាបន្ថែមទៀតដល់សាលាក្តីខ្មែរក្រហម ដើម្បីឱ្យស្ថាប័ននេះអាចបន្តបេសកកម្មរបស់ខ្លួនទៅលើសំណុំរឿងក្តីលេខ ០០២ ដែលគេមើលឃើញថាមានលក្ខណៈកាន់តែស្មុគស្មាញជាងរឿងក្តីលេខ០០១ ដោយសារវ័យនិងចំនួនរបស់ជនជាប់ចោទ និងដោយសារវាគ្របដណ្តប់ទៅលើឧក្រិដ្ឋកម្មច្រើនដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា ។
បន្ថែមទៅលើប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី លោកច័ន្ទ តានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានជំរាបជូនអង្គប្រជុំអំពីដំណើរវិវត្តន៍ផ្នែកច្បាប់នៅក្នុងរឿងក្តីលេខ០០២ និងអំពីចំនួនថវិកាដែលចាំបាច់ត្រូវបំពេញសម្រាប់ការចំណាយក្នុងឆ្នាំ២០១០និងឆ្នាំ២០១១ ខាងមុខនេះ ។ ចំពោះថវិកាសម្រាប់ឆ្នាំ២០១០នេះ ខាងភាគីកម្ពុជានៅខ្វះចំនួន១លានដុល្លារ ខាងអង្គការសហប្រជាជាតិនៅខ្វះ៦,៤លានដុល្លារ ។ សម្រាប់ឆ្នាំ២០១១ ខាងមុខ ខាងអង្គការសហប្រជាជាតិត្រូវការថវិកាចំនួន២៩,៨លានដុល្លារ ហើយខាងភាគីកម្ពុជាត្រូវការថវិកាចំនួន១១,៧លានដុល្លារ ។ តំណាងរបស់បណ្តាប្រទេសម្ចាស់ជំនួយ បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជោគជ័យដែលសាលាក្តីខ្មែរក្រហមសម្រចបាននិងបានសន្យាថានឹងពាំនាំព័ត៌មានទាំងនេះនិងសារដ៏មានតម្លៃរបស់លោកបណ្ឌិតសុខ អាន ទៅជំរាបជូនថ្នាក់ដឹកនាំនៃប្រទេសរបស់ខ្លួន ។ អង្គប្រជុំទាំងមូលដែលមានការចូលរួមពីសំណាក់លោកគ្លីង វីល្លៀមសាន់ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ការកាត់ទោសមេដឹកនាំខ្មែរក្រហម ក៏បានទស្សនាខ្សែភាពយន្តឯកសារមានរយៈពេល៩នាទី ដែលផលិតដោយសាលាក្តីខ្មែរក្រហម ស្តីអំពីលទ្ធផលដ៏គួរឱ្យមានមោទនៈនៃការកាត់សេចក្តីក្នុងសំណុំរឿងលេខ០០១ និងស្តីអំពីកម្មវិធីផ្សព្វផ្សាយរបស់ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីនៅតាមបណ្តាខេត្ត-ក្រុងទូទាំងព្រះរាជា ណាចក្រកម្ពុជា ៕