ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំលាំង​ប៉េអឹម​ខេត្ត​ចាប់​រថយន្ត​ក្រុង​បង្កប់​ឈើ​គ្រញូង​៣០កំណាត់

15 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​រថយន្ត​ក្រុង​មាន​លួច​លាក់​​បង្កប់​ឈើ​គ្រញូង​ចំនួន​៣០​កំណាត់ ​​បាន​​ត្រូវ​កំលាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​ធ្វើ​ការ​ចាប់​ឃាត់ និង​ឆែក​ឆេរ​​កាលពី​វេលាម៉ោង​៩​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា នៅ​ចំណុច​ជិត​ស្ពាន​ខ្សាម ស្ថិត​​ក្នុង​​ភូមិ​ទី​១ សង្កាត់​ខ្សាម ក្រុង​កំពង់​ឆ្នាំង ។ ​លោក​វរសេនីយ៍​ទោទេព សារ៉ាន់ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ និង​យុត្តិធម៌​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​​ព័ត៌​មាន​ពីបណ្តាញ​សំងាត់​ស្តីពី​ឈើ​គ្រញូង​លួច​លាក់​បង្កប់​ក្នុង​រថយន្ត​​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​ពោធិ៍​សាត់ ឆ្លង​កាត់​ខេត្ត​កំពង់​ឆ្នាំងទៅ​ភ្នំពេញ​នោះ លោក​ឧត្តម​សេនីយ៍​ត្រី​ជួន ជឿន មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឱ្យ​​រូប​លោក​ដេញ​ស្ទាក់រថយន្ត​ខាង​លើ​ដែល​​ពាក់​​ស្លាក​លេខ​ បាត់ដំបង 3A-0220 ​។

លុះ​​ដល់​ម៉ោង​ប្រហែល​៩​ព្រឹក​​ ក៏ឃើញ​រថយន្ត​​ដូច​ខាង​លើមក​ដល់​ចំណុច​ស្ពាន​ស្រះ​អង្កាម ហើយ​កំលាំង​ប៉េអឹម​របស់​លោក​ក៏​តាមពី​ក្រោយ​រហូត​មក​ដល់​ជិត​ចំណុច​ស្ពាន​ខ្សាម​ ពេល​រថយន្ត​ក្រុង​នេះ​ឈប់​ដាក់​មនុស្ស​ លោក​ក៏​បាន​សុំ​ត្រួត​ពិនិត្យ​ ដោយ​នាំ​រថយន្ត​ក្រុង​នេះ​មក​កាន់​ទីបញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ ​។ ជាមួយនេះ​​ក៏​បាន​អញ្ជើញ​លោក​ពេញ​ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត រួម​ទាំង​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ផង ដើម្បី​ធ្វើ​ការ​ឆែក​ឆេរ​​ ហើយ​រកឃើញ​ឈើ​គ្រញូង​ចំនួន​​៣០​កំណាត់ ដែល​លាក់​បង្កប់​ក្នុង​រថយន្ត​ ។

ក្រោយ​ពី​​ការ​ឆែក​ឆេរ​ឃើញវត្ថុ​តាង ​ក៏​បាន​​ឃាត់​ម្ចាស់​ឈើឈ្មោះ​សើ ប៊ុន​ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានទីលំនៅ​ក្នុងខេត្ត​បាត់ដំបង និង​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​សៀន ឡៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងខេត្ត​បាត់ដំបង​ដែរ​ ។ លោក​ស៊ីន កុសល នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កំពង់​​ឆ្នាំង ដែល​ចុះ​ធ្វើ​កំណត់​ហេតុ​ដក​ហូត​កំណាត់ឈើ​នេះ​​បាន​និយាយថា ម្ចាស់​ឈើ​និង​អ្នក​បើក​បរ ​ព្រម​ទាំង​​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕