ខេត្តព្រះសីហនុ ៖ ស្ត្រីវ័យចំណាស់ជនជាតិបរទេសម្នាក់ត្រូវគេប្រទះឃើញអង្គុយស្លាប់ កាលពីម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៥ កញ្ញា ឆ្នាំ២០១០ នៅក្នុងបន្ទប់ផ្ទះសំណាក់មួយស្ថិតនៅក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលអ្នករៀបចំបន្ទប់ចូលទៅសំអាតបន្ទប់ ។ យោងតាមមន្ត្រីប៉ូលិសបានឱ្យដឹងថា សពស្ត្រីចំណាស់នោះឈ្មោះ BOSE GEB UELLER អាយុ៦៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ៣៣៤៥០០៥៩៥៦ ចុះថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០០៣ ផុតកំណត់ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៣ ។
តំណាងម្ចាស់ផ្ទះសំណាក់បាននិយាយថា ស្ត្រីរូបនេះបានមកជួលបន្ទប់នេះអស់ជាច្រើនថ្ងៃមកហើយ ដោយក្នុងមួយខែ៤០០ដុល្លារ ប៉ុន្តែមួយរយៈនេះគាត់ហាក់បីដូចជាមានជំងឺ ដោយឃើញហៅគ្រូពេទ្យមកពិនិត្យស្ទើររៀងរាល់ថ្ងៃ រហូតមកដល់ព្រឹកថ្ងៃទី៥ កញ្ញា ឆ្នាំ២០១០ ទើបដឹងថា គាត់បានស្លាប់ទៅហើយ ។
តាមសំដីក្រុមការងារពិនិត្យសពបានឱ្យដឹងជំហានដំបូងថា សពស្លាប់បណ្តាលមកពីមានជំងឺប្រចាំកាយដ៏រ៉ាំរ៉ៃ ដោយសារតែជក់បារី និងពិសាស្រាច្រើនទើបធ្វើឱ្យគាំងបេះដូងស្លាប់ដោយគ្មាននរណាដឹង ។ បច្ចុប្បន្នសពស្ត្រីរងគ្រោះរូបនោះ ត្រូវបានសាច់ញាតិ និងមិត្តភក្តិមកទទួលយក ដើម្បីត្រៀមបញ្ជូនទៅស្រុកកំណើតវិញ ៕


ចែករំលែកព័តមាននេះ